​កីឡាការិនី ស៊ន សៀវ​ម៉ី គ្រង​មេដាយមាស ស៊ី​ហ្គេម​ទៀតហើយ​

306
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា​
​ភ្នំពេញ​៖
ទីបំផុត កីឡាការិនី​តេ​ក្វាន់​ដូ WT (World Taekwondo) កម្ពុជា ស៊ន សៀវ​ម៉ី បាន​នាំមក​នូវ​មោទនភាព​ជាតិ​ជាថ្មី ដោយ​ដណ្តើមបាន មេដាយមាស ក្នុង​វិញ្ញាសា​ប្រយុទ្ធ ទម្ងន់ ៧៣ គីឡូក្រាម នា​ល្ងាច ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៩ នេះ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣០ ដោយបាន​ផ្តួល​កីឡាការិនី ម្ចាស់ផ្ទះ ហ្វីលីពីន Alora Kirstie Elaine នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ជាមួយនឹង​លទ្ធផល ១២​ទល់​៩ នោះ​។​

​កាល​នៅក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កីឡាការិនី​កម្ពុជា​រូបនេះ បាន​យកឈ្នះ​កីឡាការិនី វៀតណាម LAM THI HẠ THANH ដោយ​ពិន្ទុ​ដាច់​ឆ្ងាយ ២៥​ទល់​១​។ តាម​ការ​ឱ្យដឹង គូប្រកួត​ទាំងពីរ​រូប គឺ​វៀតណាម និង​ហ្វីលីពីន សុទ្ធតែ​ធ្លា​ប់រង​បរាជ័យ ក្នុងការ​ប្រកួត កន្លងមក ជាមួយ​កីឡាការិនី ស៊ន សៀវ​ម៉ី ទាំង ២ រូប ។​

​សូមបញ្ជាក់ថា កាលពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ​២០១៧ កន្លងមក នៅ​ប្រទេស​ម៉ាឡេស៊ី កីឡាការិនី ស៊ន សៀវ​ម៉ី ក៏បាន​ឈ្នះ​មេដាយមាស លើ​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ លើ​វិញ្ញាសា​ប្រយុទ្ធ ទម្ងន់ ៧៣ គីឡូក្រាម នេះដែរ ហើយ​កាលនោះ ក៏​ជា​មេដាយមាស​ទី​៣ សម្រាប់​កម្ពុជា​ដែរ​។​

កីឡាការិនី ស៊ន សៀវ​ម៉ី​

​ពេលនេះ កម្ពុជា ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៨ នៃ​តារាង​មេដាយ​ស៊ី​ហ្គេម ដោយមាន​មេដាយមាស ៣ គ្រឿង ប្រាក់ ៦​គ្រឿង សំរិទ្ធ ២៨​គ្រឿង សរុប ៣៧ គ្រឿង​។ ព្រុយ​ណេ ដែល​ឈរ​នៅ​លេខ​៩ នោះ មាន​មេដាយមាស ១​គ្រឿង ប្រាក់ ៥​គ្រឿង សំរិទ្ធ ៦​គ្រឿង សរុប​ចំនួន ១២​គ្រឿង ។​

​ប្រទេស​ឡាវ នៅ​ចំណាត់ថ្នាក់​លេខ​១០ ដែលមាន​មេដាយប្រាក់ ៥​គ្រឿង និង​សំរិទ្ធ ២១ គ្រឿង និង​ទី​ម័​រ​ខាងកើត ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​១១ មាន​មេដាយសំរិទ្ធ ៣​គ្រឿង ។​

​ម្ចាស់ផ្ទះ​ហ្វីលីពីន ដែល​ឈរ​នៅ​កំពូល​តារាង​នោះ មាន​មេដាយ​សរុប ចំនួន ២៧១ គ្រឿង ក្នុងនោះ មាស ១០៥ គ្រឿង ប្រាក់​៨១​គ្រឿង និង​សំរិទ្ធ​៨៥​គ្រឿង​។ ឥណ្ឌូណេស៊ី ឈរ​នៅ​លេខ​២ វៀតណាម ឈរ​នៅ​លេខ​៣ ថៃ ឈរ​នៅ​លេខ​៤ ម៉ាឡេស៊ី ឈរ​នៅ​លំដាប់​ទី​៥ សឹង្ហ​បូរី ឈរ​នៅ​លំដាប់​លេខ​៦ និង​មី​យ៉ាន់​ម៉ា ឈរ​នៅ​លេខ​៧ ៕v

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ