ក្រុមការងារ​សម្រេច​ដ​ក​ភ្លើងពណ៌​តាំង​លម្អ​ចេញពី​រូបសំណាក​ផ្លែ​ទុរេន​

706
ចែករម្លែក

ដោយ​: បូកគោ / កំពត​: ឆ្លើយតប​នឹង​ពាក្យរិះគន់​អំពី​ការបាត់​ភាព​ដើម​នៃ​រូបសំណាក​ផ្លែ​ទុរេន​នា​រង្វង់​មូល​កណ្តាល​ក្រុង​កំពត ក្រុមការងារ​បានសម្រេច​ដក​ភ្លើង​តាំង​លម្អ​វិញ បន្ទាប់ពី​បើក​សាកល្បង​ពេញ​រយៈពេល​បី​យប់​។​

​នា​យប់​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៩ រូបសំណាក​ផ្លែ​ទុរេន​នៅ​រង្វង់​មូល​កណ្តាល​ក្រុង​កំពត​បាន​លេចឡើង​នូវ​ទិដ្ឋភាព​ដើម​ក្រោយពី​ក្រុមការងារ​បាន​រុះរើ​ចេញ​នូវ​ភ្លើង​តាំង​លម្អ​ដ៏​លើសលុប​នោះ​។ ជាមួយនឹង​ការឆ្លើយតប​ចំពោះ​ពាក្យរិះគន់​នេះ ប្រជាពលរដ្ឋ​ភាគច្រើន​បាន​សម្តែង​ក្តី​សាទរ និង​បញ្ចេញមតិ​ថា ​ក្រោយ​មាន​ការដក​ភ្លើង​លម្អ​ចេញពី​ផ្លែ​ទុរេន​នៃ​រង្វង់​មូល​ខេត្តកំពត​ភ្លាមៗ បងប្អូន​ភ្ញៀវទេសចរ​បានមក​ថត​រូប ហើយ​លាន់មាត់​គ្រប់ៗ​គ្នា​សរសើរ​អ្នកធ្វើ​ផ្លែ​ទុរេន​នេះ​គឺ​ដូច​មួយរយ​ភាគរយ​។ រូបសំណាក​នេះ​គឺជា​ទុរេន​កំពត​ពិតៗ​។​

​សូម​រំលឹកថា​ បន្ទាប់ពី​ការតុបតែង​លម្អ​ភ្លើងពណ៌​ហ៊ុមព័ទ្ធ​រូបសំណាក​ផ្លែ​ទុរេន​នា​រង្វង់​មូល​កណ្តាល​ក្រុង​កំពត ក្រុមបច្ចេកទេស​បាន​បើក​សាកល្បង​កាលពី​យប់​ថ្ងៃទី​៥-៦ និង​ទី​៧ ខែធ្នូ ឆ្នាំ​២០១៩​។ ដោយ​លេចចេញ​នូវ​ពណ៌​ខៀវ​ក្រហម​ស លុប​បាត់​ផ្លែ​ទុរេន​ដែលជា​រូបសំណាក​ដើម ​បាន​បង្កឱ្យមាន​ការរិះគន់​កើត​ឡើងជា​បន្តបន្ទាប់​។

រូបពេលតាំងលម្អភ្លើងពណ៌

ពាក្យ​កែលម្អ​ទាំងនោះ​មាន​ខ្លឹមសារ​ថា ការដែល​តុបតែង​ខ្លាំងពេក​អាច​បាត់បង់​រូបភាព​ដើម គឺ​មើលមិនឃើញ​ទុរេន​កំពត​តែម្តង​។ ដូច្នេះ​គួរ​ពិចារណា​ឡើងវិញ​ដោយ​ធ្វើយ៉ាងណា​នៅពេល​យប់​ចាំង​ភ្លើង​ទៅ​មើលឃើញ​រូប​ទុរេន​ដដែល​។ ជាមួយនេះ​ក៏មាន​ការ​ក្រើនរំលឹក​ផងដែរ​ថា បើ​កែលម្អ​បាន​គួរតែ​កែ​ មិនទាន់​ហួសពេល​នៅឡើយ​ទេ​។​

​ពាក់ព័ន្ធ​នឹង​ករណីនេះ លោក​វ៉ិ​ត វ​ឌ្ឍ​នា នាយក​រដ្ឋបាល​សាលា​ខេត្តកំពត​បានបញ្ជាក់​ថា​ នេះ​ជា​ពណ៌​ទង់ជាតិ​។ ទុរេន​កំពត​ជា​ទុរេន​ជាតិ​៕ ល​/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ