តុលាការ​បើកសវនាកា​រលើ​សំណុំរឿង​លោក​កឹម សុខា នៅ​ថ្ងៃទី​១៥ ខែមករា​ខាងមុខ​

705
ចែករម្លែក
តុលាការ​បើកសវនាកា​រលើ​សំណុំរឿង​លោក​កឹម សុខា នៅ​ថ្ងៃទី​១៥ ខែមករា​ខាងមុខ​(រូបឯកសារ)

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ តុលាការក្រុង​ភ្នំពេញ​នឹង​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំ​រឿងក្តី​លោក​កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពីបទ​ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ ខាងមុខនេះ​។​
​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​ទទួលបន្ទុក​ចាត់កា​រលើ​សំណុំរឿង​ព្រហ្មទណ្ឌ​ជំនុំជម្រះ​លេខ ៤៧៧៧ ចុះ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៩ ដែលមាន​ជនជាប់ចោទ​ឈ្មោះ កឹម សុខា ជាប់ចោទ​ពីបទ​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស តា​មាម​ត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ បានកំណត់​កាលបរិច្ឆេទ​ជំនុំជម្រះ​លើ​សំណុំ​រឿងនេះ នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក នៅ​សាល​សវនាការ​ទី​១ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៧ សាលាដំបូង​រាជធានី​ភ្នំពេញ បានទទួល​ចាត់ការ​ស៊ើបសួរ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៥៦៤២ ចុះ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ ដែលមាន​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ភេទ​ប្រុស សញ្ជាតិ​ខ្មែរ កើត​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​១៩៥៣ ត្រូវបាន​ចោទប្រកាន់​ពីបទ ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត កាលពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។​

​អ្នកនាំពាក្យ​បាន​បញ្ជាក់ថា ក្រោយពី​បាន​ស្រាវជ្រាវ និង​ស៊ើបសួរ​ចប់សព្វគ្រប់ ចៅក្រម​ស៊ើបសួរ​ពិនិត្យឃើញថា មាន​ភស្តុតាង​ដាក់បន្ទុក​គ្រប់គ្រាន់​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ពីបទ ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស ហើយ​ចៅក្រម​ស៊ើបសួរ​បានសម្រេច​បិទ​បញ្ចប់​ការ​ស៊ើបសួរ​នេះ ដោយ​បញ្ជូន​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ទៅ​តុលាការ​ជំនុំជម្រះ តាម​ដីកា​បញ្ជូនទៅ​ជំនុំជម្រះ​លេខ ៦៤០០ «​គ​» ដ​.​ដ ចុះ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៩​។​

​លោក​គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ បានចេញ​លិខិត​ជូនដំណឹង​ស្តីពី​ការបិទ​ការ​ស៊ើបសួរ​លើ​សំណុំរឿង​លោក​កឹម សុខា ដែល​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​ពីបទ ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត កាលពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង និង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៤៤៣ ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​បិទ​ការ​ស៊ើបសួរ​ចាប់ពីពេលនេះ​តទៅ​។
​ការសម្រេច​បិទ​ការ​ស៊ើបសួរ​ល​សំណុំរឿង​លោក​កឹម សុខា គឺ​បន្ទាប់ពី​ដំណើរការ​នីតិវិធី​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​។ នៅក្នុង​សំណុំ​រឿងនេះ លោក​កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧​។ ការចាប់ខ្លួន​លោក កឹម សុខា ធ្វើឡើង​បន្ទាប់ពី​វីដេអូ​ឃ្លី​ប​មួយ​ដែល​លោក កឹម សុខា បាន​និយាយ​សារភាព​កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ប្រទេស​អូស្ត្រាលី​ថា ខ្លួន​បានធ្វើ​តាម​បញ្ជា​របស់​សហរដ្ឋអាមេរិក ក្នុងការ​រៀបចំ​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​យក​គំរូ​ទៅនឹង​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​សើ​ប៊ី​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ តុលាការ​បានសម្រេច​ដាក់​លោក កឹម សុខា ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ដដែល តែ​បាន​កែប្រែ​លក្ខខណ្ឌ​មួយចំនួន ដែល​ក្នុងនោះ​រួមមាន​លក្ខខណ្ឌ​នៃ​ការធ្វើដំណើរ​របស់លោក​ផងដែរ ពោលគឺ​លោក​អាចធ្វើ​ដំណើរ​បាន​គ្រប់​ទីកន្លែង​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ការសម្រេច​នេះ ដោយ​ផ្អែកលើ​ស្ថានភាព​សុខភាព​និង​កិច្ចសហការ​ល្អ​របស់ លោក កឹម សុខា ជាមួយ​សមត្ថកិច្ច​នាពេល​កន្លងមក​។ ប៉ុន្តែ​លោក​ត្រូវ​ហាមឃាត់​មិនឱ្យ​ចេញទៅ​បរទេស មិនឱ្យ​ធ្វើ​សកម្មភាព​នយោបាយ និង​ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​សមត្ថកិច្ច​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម