គ្រោងចំណាយថវិកាប្រមាណ១០​​ពាន់​លានរៀលសម្រាប់ស្តារអូរប្រឡាយ៥ខ្សែដោះស្រាយជំនន់ទឹកភ្លៀង

259
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ៖ ថវិកាប្រមាណ១០ពាន់លានរៀលគ្រោងនឹងចំណាយសម្រាប់ការងារស្តារអូរប្រឡា​យ​ទាំង៥ ខ្សែនៅខេត្តព្រះសីហនុ គឺអូរឈើទាល  អូរអេម៉ារីអូ  អូរសំអាត  អូរអណ្តូងអ៊ុនតាក់  អូរស្ពានឆេះ ក្នុងគោលបំណងដើម្បីដោះស្រាយជំនន់ទឹកភ្លៀង។

នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធា​រណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើក ការដ្ឋានការងារស្តារអូរប្រឡាយទាំង៥ ខ្សែនៅនេះ។ លោក គួច  ចំរើន  អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ  អាជ្ញាធរដែនដី ក្រុមជំនាញការ  និងភាគីពាក់ព័ន្ធផងដែរ ក៏បានអញ្ជើញចូលរួមផងដែរ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលើកិច្ចការអាទិភាពក្នុង ការស្តារអូធម្មជាតិទាំង៥ និងលូដែលមានស្រាប់ដែលសព្វថ្ងៃកំពុងទទួលរងនូវការរំលោភយកដីចំណីអូរ និងប្រឡាយដើម្បីបើកមុខទឹកនិងដោះស្រាយជំនន់ទឹកភ្លៀង ការកសា​ង​ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និង ការពង្រីកប្រព័ន្ឋលូនិងតម្រូវការហេដ្ឋារចនាសម្ព័ន្ឋរូបវន្តផ្សេងទៀត​។

សូមជម្រាបជូនថា៖ នៅឆ្នាំ២០១៨ បរិមាណបញ្ចេញទឹកកខ្វក់នៅខេត្តព្រះសីហនុមានរហូតដល់ ២៥ ០០០ ម៉ែត្រគូបក្នុង១ថ្ងៃ ហើយត្រូវបានព្យាករណ៍ថា៖នឹងកើនឡើងដល់ ៤៧០០០ម៉ែត្រគូប/ថ្ងៃនៅឆ្នាំ២០២៣ និង អាចបន្តកើនរហូតដល់ ៦៤ ០០០ ម៉ែត្រគូប/ថ្ងៃ នៅឆ្នាំ២០៣០ផងដែរ។ ហេតុដូច្នេះរាជរដ្ឋាភិបាល កំពុងគិតគូរ លើវិធានការដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ឋក្នុងក្រុងព្រះសីហនុដោយយកចិត្តទុកដាក់ បំផុត ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តនេះឱ្យកាន់តែប្រសើរឡើងថែម ទៀត។

ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រី ក៏បានរំឭកឡើងវិញអំពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឲ្យ ប្រើប្រាស់ថវិកាសន្សំរបស់រាជរដ្ឋាភិបាល ជាពិសេសត្រូវ អនុវត្តនូវគោលការណ៍ «យកស្លឹកត្នោតខ្ចប់ស្ករត្នោត» ក្នុងការស្ថាបនា ជួសជុល កសាងផ្លូវក្នុងក្រុង ផ្លូវវាងក្រុង ប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់ក្នុងខេត្តព្រះសីហនុ។

លោក​ស៊ុន ចាន់ថុល បានគូសបញ្ជាក់ អំពីសារសំខាន់នៃសក្តានុពលពីធម្មជាតិរបស់ខេត្តព្រះសីហនុ ដែលមានតំបន់ឆ្នេរ ព្រៃធម្មជាតិស្រស់ត្រកាល អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ វិនិយោគិន បង្កើតការងារធ្វើ និងបានលើកឡើងពីការខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ជាក់ស្តែងកាល ពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុចំនួន ៣៤ខ្សែ ប្រវែង ៨៤,៥០៥ គីឡូ ម៉ែត្រ ដែលផ្លូវទាំងនេះមានគុណភាពរឹងមាំ និងសោភ័ណភាពអាចបំរើឱ្យវិស័យទេសចរណ៍របស់យើង បាន។

ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងអំពី ការពង្រីកកំពង់ផែទឹកជ្រៅអាចដឹក ជញ្ជូនកាន់តែមានភាពងាយស្រួល ឱ្យនាវាធុនធំចេញចូល ធ្វើឱ្យតម្លៃដឹកជញ្ជូនកាន់តែថោក ការជំរុញការ កសាងពង្រីកព្រលានយន្តហោះអន្តរជាតិ អាចឱ្យយន្តហោះប្រភេទធុនធំចុះចតបានងាយស្រួល ដើម្បី បម្រើសេវាតាមផ្លូវអាកាសកាន់តែមានភាពងាយស្រួលនិងគម្រោងកសាងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធា​នី​ភ្នំពេញមកកាន់ខេត្តព្រះសីហនុដែលគ្រោងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២២ខាងមុខ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម