ចិន​អះអាងថា​អ្នក​នៅ​ក្នុង​ជំរំ​ស៊ីន​ជាំ​ង គ្រប់​គ្នា​បាន​បញ្ចប់​ការសិក្សា​

334
ចែករម្លែក

​មន្ត្រី​ម្នាក់​បាន​និយាយ​ពី​ថ្ងៃ​ចន្ទ​ទី​៩​ខែ​ធ្នូ​នេះ​ថា ប្រជាជន​ដែល​ស្ថិត​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​តំបន់​ស៊ីន​ជាំ​ង​នៃ​ប្រទេស​ចិន​គឺ​សុទ្ធតែ​បាន​បញ្ចប់​ការសិក្សា​ហើយ​​កំពុង រស់​នៅក្នុង​ជីវិត​សប្បាយរីករាយ​។ ប៉ុន្តែ​ក្រុម​ជនជាតិ​អ៊ុយ​ហ្គួ​រ​និង​ជនជាតិភាគតិច​អ៊ីស្លាម​ដែល​មកពី​តំបន់​នោះ បាន​និយាយថា​សមាជិក​គ្រួសារ​របស់​ពួកគេ ត្រូវបាន​​អាជ្ញាធរ​បន្ត​ឃុំខ្លួន​ដោយ​ខុសច្បាប់​តាម​ជំរំ​និង​ពន្ធនាគារ​។​

​លោក សូ​រ៉ា​ត ហ្សា​គៀ អភិបាល​នៃ​តំបន់​ស៊ីន​ជាំ​ង បាន​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​ដូចនេះ នៅ​សន្និសីទកាសែត​មួយ ដែល​ធ្វើឡើង​បន្ទាប់ពី​សភា​អាម៉េរិក​កាលពី​សប្តាហ៍​មុន​ បាន​អនុ​វ​ម័ត​ច្បាប់​សិទ្ធិ​មនុស្ស​អ៊ុយ​ហ្គួ​រ​២០១៩​។​

​អភិបាល​ជនជាតិ​អ៊ុយ​ហ្គួ​រ បាន​និយាយ​នៅ​សន្និសីទកាសែត​ថា នៅពេល​ដែល​ជីវិត​របស់​ប្រជាជន​នៃ​ក្រុម​ជនជាតិភាគតិច​ទាំងអស់​នៅ​តំបន់​ស៊ីន​ជាំ​ង​ត្រូវបាន​គំរាមកំហែង​​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​អំពើ​ភេរវកម្ម​នោះ សហរដ្ឋ​អាម៉េរិក​បានធ្វើ​មិនដឹងមិនឮ ហើយ​ឥឡូវនេះ​សង្គម​ស៊ីន​ជាំ​ង​កំពុងមាន​ការអភិវឌ្ឍ​ជា​ប្រចាំ​ហើយ​ប្រជាជន​គ្រប់​ជនជាតិភាគតិច​​កំពុង​រស់នៅ​និង​ធ្វើការ​ក្នុង​សន្តិភាព​នោះ​បែរ​ជា​សហរដ្ឋ​អាម៉េរិក​មាន​អារម្មណ៍​មិន​ស្រួល​ហើយ​ធ្វើ​ការរិះគន់​និង​ធ្វើឱ្យ​ប្រជាជន​ស៊ីន​ជាំ​ង​មានការ​ខឹងសម្បារ​។​

​សភា​អាម៉េរិក​ថ្កោលទោស​ចំពោះ​អ្វី​ដែល​ខ្លួន​ហៅ​ថា​ការ​ឃុំឃាំង ជនជាតិ​អ៊ុយ​ហ្គួ​រ ជនជាតិ​កា​ហ្សាក់​និង​ជនជាតិ​ផ្សេងៗ​ទៀត​សរុប​ជាង​១​លាន​នាក់​។​សភា​អាម៉េរិក​ក៏​អាច​ដាក់​ទណ្ឌ​​លើ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ចិន​ណា​ដែល​ខ្លួន​យល់​ថា​ទទួលខុសត្រូវ​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​តំបន់​ស៊ីន​ជាំ​ង​។​

​ចំពោះ​ការចោទប្រកាន់​របស់​អាម៉េរិ​ក ចិន​បាន​អះអាងថា មិន​មាន​ជំរំ​អ្នកទោស​អ៊ុយ​ហ្គួ​រ​ទេ មានតែ​មណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​ជំរំ​អប់រំ​ជន​ដែល​មាន​មនោគមវិជ្ជា​ជ្រុល​និ​​យម​និង​គំនិត​ភេរវកម្ម​ដើម្បី​អោយ​ពួកគេ​ក្លាយ​ជា​ពលរដ្ឋ​ល្អ​ឡើងវិញ​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក សូ​រ៉ា​ត ហ្សា​គៀ អភិបាល​តំបន់​ស៊ីន​ជាំ​ង អះអាង​តប​នឹង​ការចោទប្រកាន់​របស់​អាម៉េរិ​ក