ផលិតកម្ម​កាឡាក់ស៊ី មិនទាន់​បញ្ចេញ​រឿង​ថ្មី​ផង បែរជា​បរិច្ចាគ​ថវិកា ១០០ លាន​រៀល ជួយ​សាងសង់​ពេទ្យ​កាល់​ម៉ែត្រ​

369
ចែករម្លែក

​ភ្នំពេញ​៖ ផលិតកម្ម​កាឡាក់ស៊ី បាន​ត្រៀម​បញ្ចេញស្នាដៃ​ថ្មី នា​ខាងមុខនេះ គឺ​រឿង “​កុំ​ងាកក្រោយ​” សម្រាប់​ចុងឆ្នាំ​២០១៩​នេះ ប៉ុន្តែ​ថៅកែ​រូបនេះ បានធ្វើ​រឿង​មួយ​ដោយ​បរិច្ចាគ​ថវិកា ១០០​លាន រៀល ជួយ​គម្រោង​សាងសង់​អគារ មជ្ឈមណ្ឌល​ពហុ​ឯកទេស នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។​

លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ម្ចាស់​ផលិតកម្ម​ភាពយន្ត​កាឡាក់ស៊ី បាន​ប្រាប់​រស្មី​កម្ពុជា កាលពី ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៩ ឱ្យដឹងថា ជា​ការពិត​ខ្សែភាពយន្ត​ថ្មី បែប​ភ័យ ខ្លាច​របស់លោក​គឺ​រឿង “​កុំ​ងាកក្រោយ​” ដែល​ដឹកនាំ​ដោយ​លោក ចាន់ រ៉ូ​ណាន នោះ បាន​បញ្ជាក់ថា ការថត​និង​កាត់ត​រួច ដើម្បី​ត្រៀម​ចាក់​បញ្ចាំង​នា​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ ខាងមុខនេះ​។ ជាមួយគ្នា​នោះ​តប​តាម​ការ អំពាវនាវ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ក្នុង​គោលដៅ​ជួយឧបត្ថម្ភ ដល់​គម្រោង​អភិវឌ្ឍន៍ និង​ធ្វើ​ទំនើបកម្ម​អគារ​មជ្ឈមណ្ឌល​ពហុ​ឯកទេស នៃ​មន្ទីរពេទ្យ​កាល់ម៉ែត លោក​សុំ​ធ្វើ​រឿង​ល្អ​មួយ​មុន​ថ្ងៃ​សម្ពោធ​រឿង​ថ្មី​របស់លោក​ដោយ​ប្រកាស​ជួយឧបត្ថម្ភ​ដល់​គម្រោង​សាងសង់​អគារ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​នូវ​ថវិកា​ចំនួន ១០០ លាន​រៀល ។​

​លោក​ឧកញ៉ា វ័យក្មេង​រូបនេះ បាន​បញ្ជាក់ថា តាមរយៈ​ផេ​ក​សម្តេច​តេ​ជោ គិត​មកដល់​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៩​នេះ កន្លងទៅ មាន​សប្បុរសជន បាន​ចូលរួម ចំនួន ៧0.១៩១.៩៩៤ ដុល្លារ និង ប្រាក់រៀល ចំនួន ៣២.១១០.000​រៀល ហើយ​បើ​គិត​ទាំង​ថវិកា ៣០​លាន​ដុល្លារ​របស់​រាជ​រដ្ឋា ភិ​បាល​ផង​នោះ​ចំនួន​ទឹកប្រាក់​ឡើងដល់​ជាង ១០០ លាន​ដុល្លារ​ហើយ​។ ផេ​ក​សម្តេច​តេ​ជោ បាន​ប៉ាន់ប្រមាណ​ថា ចំនួន​ថវិកា​ខាងលើ បានធ្វើ​ឲ្យ​រដ្ឋាភិបាល មានលទ្ធភាព​រៀបចំម​ន្ទីរ​ពេទ្យ កាល់​ម៉ែត្រ ឱ្យ​ក្លាយទៅជា​មជ្ឈមណ្ឌល​ពហុបច្ចេកទេស​សម្រាប់​ការពិនិត្យ​ព្យាបាល​ជូន ប្រជាជន​យើង ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​

​លោក ឡេង ណា​វ៉ា​ត្រា បាន​និយាយថា ដោយសារតែ​ឪពុក​ម៉ែ​បងប្អូន​កន្លងមក​គាំទ្រ​នូវ​ស្នាដៃ ភាពយន្ត និង​បទ​ចម្រៀង​ជាច្រើន​របស់​ផលិតកម្ម​ហើយក៏​ដូចជា​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន របស់លោក​ទើប​លោក​អាច​ធ្វើការ​តបស្នង​ដល់​សង្គម​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ដែល​មានការ ខ្វះខាត​មានទុក្ខ​លំបាក ដើម្បី​ស្របតាម​ទិសដៅ​គោលនយោបាយ​របស់​រាជ​ភិ​បាល​របស់​សម្តេច តេ​ជោ ហ៊ុន សែន ក្នុង​កាត់បន្ថយ​ភាពក្រីក្រ​ជួយ​សម្រួល​ជីវិត​កម្មករ កសិករ អ្នកធ្វើការងារ​។ សូម​អំពាវនាវ​ដល់​ម​ហា​ជន​ទាំងអស់​កុំ​ភ្លេច​រង់ចាំ​ទស្សនា​ខ្សែភាពយន្ត​ភ័យខ្លាច​ថ្មី​របស់​ផលិតកម្ម កាឡាក់ស៊ី រឿង “​កុំ​ងាកក្រោយ​” ត្រៀម​ចេញ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៩​។

​សូមបញ្ជាក់ថា ចំពោះ​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា វិញ ដូចដែល​មហាជន ធ្លាប់បាន​ជ្រាប ការបរិច្ចាគ​ថវិកា​ខាងលើ សម្រាប់​ជួយ​ដល់​សង្គម​នេះ មិនមែនជា​លើក​ទី​១ របស់លោក​ឧកញ៉ា វ័យក្មេង ដែលមាន​ប្រវត្តិ​ជា អតីត​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ឡើយ​។ កន្លងមក​លោក ឧកញ៉ា មាន​ស្រុកកំណើត ពី​ស្រុក​បាភ្នំ ខេត្តព្រៃវែង​រូបនេះ​តែងតែ​ជួយឧបត្ថម្ភ​ជាមួយ​រដ្ឋាភិបាល ជា​ញឹកញាប់ ដូចជា ជួយ​តាមរយៈ​កាកបាទក្រហម ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ជួយ​ដល់​ជនក្រីក្រ ឬ អ្នកសិល្បៈ​ក្រីក្រ​ជាដើម​៕ ដោយ ៖ បូ​រិ​ន​