ទិវា​រង្វាន់ ណូបែល ដែល​គេ​ធ្លាប់​ហៅថា​ជា ជន​មហា​ចង្រៃ​បិសាច​បំផ្លាញ​មនុស្សជាតិ​

1512
ចែករម្លែក

ដោយ​: មេសា / ភ្នំពេញ​: កាល​នៅរស់​អ្នក​ដែល​ស្រឡាញ់​លោក អាល​ហ្វ្រេ​ដ ណូបែល ដែលជា​អ្នក​ច្នៃ​ប្រតិដ្ឋ ឌី​ណា​មី​ត ដ៏​ល្បី​រន្ទឺ​នោះ មានតែ​ពួក​ជន​ល្មោភ​សង្គ្រាម​ទេ ចំណែក​មនុស្ស​ទូទៅ ជាពិសេស​អ្នក​សន្តិភាព​និយម ហៅ​គាត់​ថា​ជា​ជន​មហា​ចង្រៃ ជា​បិសាច​បំផ្លាញ​មនុស្សជាតិ ប៉ុន្តែ​បន្ទាប់ពី​លាចាក​លោក​នេះ​ទៅ គាត់ ត្រូវបាន​ពិភពលោក​ចងចាំ និង លើកសរសើរ ដោយសារតែ​ការបង្កើត រង្វាន់​ណូបែល ចំនួន ប្រាំ ប្រធានបទ នៅ​ឆ្នាំ​១៨៩៥ ជា​រង្វាន់​ថ្នាក់​អន្តរជាតិ​ប្រចាំឆ្នាំ ប្រារព្ធ​នៅ​ថ្ងៃ ទី ១០ ខែ ធ្នូ ជាការ​ទទួលស្គាល់​នូវ​ការ​ជឿនលឿន ផ្នែក​វប្បធម៌ និង វិទ្យាសាស្ត្រ ហើយ​រង្វាន់​នេះ ត្រូវបាន​ប្រគល់ឱ្យ​ជ័យលាភី​ដំបូង​នៅ​ឆ្នាំ​១៩០១ ។​

លោក អាល់​ហ្វ្រេ​ដ ណូបែល

ប្រវត្តិ​លោក អាល​ហ្វ្រេ​ដ ណូបែល​
​លោក អាល​ហ្វ្រេ​ដ ណូបែល (Alfred Nobel) ជា​ជនជាតិ​ស៊ុយអែត កើត​នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​១៨៣៣ នាទី​ក្រុង ស្តុក​ខុម (Stockholm) ប្រទេស​ស៊ុយអែត ក្នុង​ត្រកូល វិស្វករ និង អ្នក​ច្នៃ​ប្រតិដ្ឋ ហើយ គាត់​គឺជា​អ្នក​គីមី វិស្វករ និង ជា​អ្នក​ច្នៃ​ប្រតិដ្ឋ ។​

​ឆ្នាំ​១៨៨៨ លោក ណូបែល បាន​ទិញ​រោងចក្រ​ស្លដែក​ថែប​មួយ ហើយ​បាន​កែប្រែ​ឱ្យទៅជា​រោងចក្រ​ផលិត​អាវុធ ដែល​គាត់​បាន​ច្នៃ​អាវុធ​នានា​ដ៏​ល្បី​រន្ទឺ ចំនួន ៣៥៥ ប្រភេទ ជា​មុខរបរ​ដែល​គាត់​ប្រមូល​កើប​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ។
​ប៉ុន្តែ​កិត្តិនាម​ដែល​គាត់​ទទួលបាន​ពី​ការច្នៃ​ប្រតិដ្ឋ អាវុធ​ទាំងនេះ គឺ​គាត់​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ប្រភព នៃ ការផ្តាច់​ផ្តឹ​ល​ជីវិត និង បំផ្លាញ​ផលប្រយោជន៍​មនុស្សជាតិ ហើយ​មាន​អ្នកខ្លះ​ហៅ​គាត់​ថា​ជា​ជន​មហា​ចង្រៃ មក​ចាប់ជាតិ​ដើម្បី​បំផ្លាញ​មនុស្សលោក ។​

​ប្តូរ​ទស្សនៈ​
​នា​ឆ្នាំ​១៨៩៤ បងប្រុស​របស់លោក អាល​ហ្វ្រេ​ដ ណូបែល ឈ្មោះ លូ​ឌ​វី​ង ណូបែល បាន​ស្លាប់ ខណៈដែល​គាត់​ទៅ​ទស្សនា​ទីក្រុង កែន ប្រទេស​បារាំង ។ កាសែត​បារាំង​ច្រឡំ បងប្រុស​របស់គាត់​ឈ្មោះ លូ​ឌ​វី​ង ណូបែល (​ដែល​ទើបតែ​ស្លាប់​) នោះ​ថា​ជា​រូបគាត់​គឺ​លោក អាល​ហ្វ្រេ​ដ ណូបែល ទៅវិញ​។ កាសែត​ដែល​រីករាយ​នឹង​មរណភាព​របស់ អាល​ហ្វ្រេ​ដ ណូបែល (​ដែល​ពួកគេ​ច្រឡំ​) មាន​ចំណងជើង​ថា “ ឈ្មួញ នៃ ល្បែង​ពិឃាត បាន​ងាប់តៃហោង​ហើយ “ ។ ចំណងជើង​អត្ថបទ​នេះ​បាន​កន្ត្រាក់​អារម្មណ៍ និង អង្រន់​បេះដូង​របស់លោក ណូបែល ឱ្យ​ខ្វល់ខ្វាយ​ខ្លាំង​ឡើងៗ ។

​ឯកសារ​នានា​សុទ្ធតែ​បាន​អះអាងថា ចាប់ពី​បាន​អាន​ចំណងជើង​កាសែត​នោះមក គាត់​មិនដែល​សប្បាយចិត្ត​សោះឡើយ ហើយ​អ្វីដែល​គាត់​គិត​ច្រើន​បំផុត​នោះ គឺ​ទៅ​ថ្ងៃ​អនាគត​មនុស្សលោក​នឹង​កត់ត្រា​គាត់​ថា​ជាម​នុស្ស​ប្រភេទ​ណា ។ ទាំងនេះ​ជា​កត្តា​ជំរុញ​គាត់​ឱ្យ​ផ្លាស់ប្តូរ​ឆន្ទៈ ។​

​នៅ​ថ្ងៃទី​២៧ ខែ វិច្ឆិកា ឆ្នាំ ១៨៩៥ នៅក្នុង ក្លឹប ស៊ុ​ហ​អែ​ត​-​ន័​រ​វ៉េ​ស៍ ក្នុង​ទីក្រុង ប៉ារីស ប្រទេស បារាំង លោក អាល់​ហ្វ្រេ​ដ ណូបែល បាន​ចុះហត្ថលេខា​លើ​បណ្តាំមរតក​ចុងក្រោយ​របស់គាត់​ដែល​ពុំមាន​នរណា​ដឹងថា​គាត់​ចង់​ធ្វើ​អ្វី​ឡើយ ។

​ប្រភេទ នៃ រង្វាន់​ណូបែល

មរណភាព និង រង្វាន់ ណូបែល​
​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​១៨៩៦ ក្នុងភូមិ​គ្រឹះ​ដ៏​ស្កឹមស្កៃ នៅ​ទីក្រុង សាន រ៉េ​ម៉ូ (San Remo) នៃ ប្រទេស​អ៊ីតាលី លោក អាល​ហ្វ្រេ​ដ ណូបែល បាន​អនិច្ចកម្ម​ក្នុង​វ័យ ៦៣​ឆ្នាំ ដោយ​ជំងឺ​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល ។ មរណភាព​របស់គាត់​ធ្វើឱ្យ​ពួក​ជន​ល្មោភ​សង្គ្រាម​សោកស្តាយ ប៉ុន្តែ​ពួក​អ្នក​ស្រឡាញ់​សន្តិភាព មាន​ក្តី​ល្ហែល្ហើយ​ក្នុង​ទ្រូង​យ៉ាងច្រើន ដែល​តាមពិតទៅ​ពួកគេ​បាន​បន់ស្រន់​ឱ្យ​បុរស​បិសាច​ពិឃាត​ម្នាក់នេះ​ស្លាប់​តៃហោង​យូរណាស់​មកហើយ ។​
​ប៉ុន្តែ​មរតកសាសន៍​របស់គាត់​បានធ្វើ​ឱ្យគេ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយសារ​បណ្តាំមរតក​របស់គាត់​បានបញ្ជាក់​ថា “​ទ្រព្យសម្បត្តិ​របស់ខ្ញុំ​សម្រាប់​ប្រើប្រាស់​បង្កើតជា​រង្វាន់​ជា​បន្តបន្ទាប់​ដល់​បុគ្គល​ទាំងឡាយណា ដែល​បានធ្វើឱ្យ​បានជា​ប្រយោជន៍​ដ៏​អស្ចារ្យ​បំផុត​ដល់​មនុស្សជាតិ​ផ្នែក រូបវិទ្យា (physics) គីមីវិទ្យា (chemistry) សន្តិភាព​(peace) សរីរវិទ្យា ឬ វេជ្ជសាស្ត្រ​(Physiology or Medicine) និង អក្សរសាស្ត្រ (literature)” ។

​គេ​មិន​នឹកស្មាន​ទាល់តែសោះ​ថា បុគ្គល​ដែលជា​អ្នក​កែច្នៃ​អា​វុ​សម្រាប់​ផ្តាច់ជីវិត និង បំផ្លាញ​មនុស្សជាតិ​ម្នាក់ បែរជា​បន្សល់​ទុកទ្រព្យ​សម្បត្តិ​ឱ្យ​អ្នកជំនាន់ក្រោយ​ធ្វើការ​ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្សលោក​ទៅវិញ​បែបនេះ​សោះឡើយ ។​
​លោក ណូបែល បាន​បន្សល់ទុក​ទ្រព្យសម្បត្តិ​សរុប ១៨៦ លាន​ដុល្លារ អាមេរិក ( ឆ្នាំ​២០១២ ឡើងដល់ ៤៧២ លាន​ដុល្លារ ) ហើយ​នៅក្នុង​បណ្តាំមរតក​ទាំងនោះ​គាត់​បាន​ផ្តែផ្តាំ​ថា ៩៤ ភាគរយ សម្រាប់​បង្កើត​កម្មវិធី​រង្វាន់​ណូបែល (Nobel Prizes) ចំនួន​៥​ខាងលើនេះ ។​

​ប៉ុន្តែ​ដោយសារ​មាន​ម​ន្ទឹ​ល​សង្ស័យ​ខ្លះ​ជុំវិញ​បញ្ហា​បណ្តាំមរតក​ទាំងនេះ ទើប​ទ្រព្យសម្បត្តិ​ទាំងនោះ​ត្រូវបាន​ផ្អឹប​ទុក រហូតដល់​ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ១៨៩៧ ទើបត្រូវ​បានអនុម័ត​ឱ្យ​យកទៅ​ប្រើប្រាស់ ។ ប្រតិបត្តិ​ករ របស់លោក ណូបែល គឺ​លោក រ៉ា​កណា សូល​ម៉ាន (Ragnar Sohlman) និង លោក រូ​ដូ​ល​ហ្វ៍ លី​ល​ចេ​គ្វី​ស (Rudolf Lilljequist) បាន​យក​ទ្រព្យសម្បត្តិ​ទាំងនេះ​ទៅ​បង្កើត មូលនិធិ ណូបែល (Nobel Foundation ) នៅ​ថ្ងៃទី​២៩ មិថុនា ១៩០០ ដើម្បី​រៀបចំ​ហិរញ្ញប្បទាន និង រដ្ឋបាល​កិច្ច​សម្រាប់​រង្វាន់​ណូបែល​(Nobel Prizes) ទាំង​៥ ខាងលើនេះ ។

​វិទ្យាស្ថាន​សម្រាប់​សម្រេច​ផ្តល់រ​ង្វាន់​ណូបែល សន្តិភាព​(Peace Prize) ជា​វិទ្យាស្ថាន​ន័​វ៉េ​ស៍ មាន​ឈ្មោះថា គណៈកម្មការ ណូបែល ន័​រ​វ៉េ​ស៍ (Norwegian Nobel Committee )​ដែល​ត្រូវបាន​បង្កើត​មុនគេ​បន្ទាប់ពី​មរតក​របស់លោក ណូបែល ត្រូវបាន​អនុម័ត​ភ្លាម ហើយ​បង្កើត​វិទ្យាស្ថាន​បី​ទៀត​ជា​វិទ្យាស្ថាន​ស៊ុយអែត សម្រាប់​សម្រេច​ផ្តល់រ​ង្វាន់​ណូបែល​ចំនួន​៤​គឺ​វិទ្យាស្ថាន Karolinska Institutet បង្កើត​ថ្ងៃទី​៧ មិថុនា ឆ្នាំ​១៨៩៧ , the Swedish Academy ថ្ងៃទី​៩ មិថុនា ឆ្នាំ​១៨៩៧ និង the Royal Swedish Academy of Sciences ថ្ងៃទី​១១ មិថុនា ឆ្នាំ​១៨៩៧ ។ មូលនិធិ ណូបែល បានសម្រេច​ដល់​ការព្រមព្រៀង​លើ​គោលការណ៍​ស្តីអំពី​ថា រង្វាន់​ទាំងនេះ​គួរផ្តល់​ដោយ​របៀប​ណា នៅ​ឆ្នាំ​១៩០០ ។
​ដោយហេតុនេះ​ទើប រង្វាន់ ណូបែល សន្តិភាព ត្រូវបានធ្វើ​នៅ​ទីក្រុង​អូ​ស្លូ ប្រទេស ន័​រ​វ៉េ​ស៍ ចំណែក​រង្វាន់​៤​ទៀត ធ្វើ​នៅ​ទីក្រុង​ស្តុក​ខុម (Stockholm) ប្រទេស ស៊ុយអែត ។ តាំងពី​ពេល​បង្កើត​មក រហូត​បច្ចុប្បន្ន រង្វាន់ ណូបែល ត្រូវបាន​ទទួលស្គាល់ថា ជា​រង្វាន់​ប្រកបដោយ​កិត្យានុភាព​ជាងគេ​ក្នុង​លោក ។​

​ប៉ុន្តែ​នៅ​ឆ្នាំ​១៩៤៨ រង្វាន់ ណូបែល សន្តិភាព នេះ មិនត្រូវ​បានប្រគល់​ទៅឱ្យ​បុគ្គល​ណា​ឡើយ ដោយសារ​ឆ្នាំ​នោះ គណៈកម្មការ​ណូបែល ន័​រ​វ៉េ​ស៍ បាន​អះអាងថា បិតា​បដិវត្ត អហិង្សា​ឥណ្ឌា គឺ​លោក មហា​ត្មៈ គ​ន្ធី គឺជា​ម្ចាស់ នៃ រង្វាន់ នេះ ។ ប៉ុន្តែ​ជា​អកុសល ប៉ុន្មាន​ថ្ងៃ​ក្រោយមក មហា​ត្មៈ គ​ន្ធី ត្រូវបាន​គេ​ធ្វើឃាត ។ ដូច្នេះ​ឆ្នាំ​នោះ​គណៈកម្មការ បានប្រកាសថា ពុំមាន​បុគ្គល​ណា​ម្នាក់​ស័ក្តិសម​នឹង​ទទួល​រង្វាន់ ណូបែល សន្តិភាព នៅ​ឆ្នាំ​នោះឡើយ ។​
​រូប​វិទូ​អាល្លឺម៉ង់ លោក វី​លហែម ខុនរ៉ាដ រ៉ុ​ន​ត៍​ហ្កេ​ន​(Wilhelm Conrad Röntgen) ជា​អ្នកទទួលបាន​រង្វាន់​ណូបែល​ដំបូង​គេ​បំផុត ផ្នែក​រូបវិទ្យា ដោយ​គាត់​បាន​រកឃើញ​រស្មី អ៊ិ​ច (X-rays) ។ សេដ្ឋវិទូ​បារាំង លោក ហ្វ្រេ​ដឺ​រីក ប៉ា​ស្ស៊ី​(Frédéric Passy) ជា​សហ​ស្ថាបនិក សហភាព អន្តរ​សភា (Inter-Parliamentary Union) និង ពាណិជ្ជករ​ស្វ៊ី​ស លោក ហេន​រី ឌូ​ណាន​ត៍ (Henry Dunant) ជា​ស្ថាបនិក​គណៈកម្មការ អន្តរជាតិ នៃ កាកបាទក្រហម (International Committee of the Red Cross) ជា​អ្នកទទួលបាន​រង្វាន់​ណូបែល សន្តិភាព មុនគេ ។

​រូប​វិទូ ហុ​ល្លង់ លោក ចា​កូ​ប៊ូ​ស វ៉ាន​ត៍ ហូ​ហ្វ (Jacobus van’t Hoff) ជា​ម្ចាស់​រង្វាន់​ណូបែល គីមី (Chemistry Prize) មុនគេ ដោយ​គាត់​បាន​រកឃើញ​ឧណ្ហកម្បនា ផ្នែក​គីមី (chemical thermodynamics) ។
​កវី ស៊ូ​លី ព្រូដ​ហូ​ម​ម៉េ​(Sully Prudhomme) ជា​ម្ចាស់​រង្វាន់​ណូបែល ទី​១​ផ្នែក​អក្សរសាស្ត្រ (Nobel Prize in Literature) ។ ម្ចាស់​រង្វាន់​ណូបែល ដំបូង​គេ​ផ្នែក​សរីរវិទ្យា ឬ វេជ្ជសាស្ត្រ (Physiology or Medicine Prize) ត្រូវបាន​ប្រគល់​ទៅឱ្យ​លោក អេ​មី​ល វ៉ុ​ន បេ​រីង (Emil von Behring) ជា​សរីរ​វិទូ អាល្លឺម៉ង់ ។ ជ័យលាភី​នៃ​រង្វាន់​ទាំង​៥​ប្រធានបទ​នេះ​ត្រូវបាន​ប្រគល់ឱ្យ​ដំបូង​នៅ​ឆ្នាំ​១៩០១ ។​
​ឆ្នាំ​១៩៦៩ រង្វាន់​មួយទៀត​ត្រូវបាន​បង្កើតឡើង គឺ​រង្វាន់​សេដ្ឋកិច្ច (Economics Prize) ។ វា​មិនមែនជា​រង្វាន់​ណូបែល ទេ ប៉ុន្តែ​វា​ត្រូវបានធ្វើ​ជាមួយគ្នា​ក្នុង​ពិធី​ប្រគល់​រង្វាន់​ណូបែល ដែរ ។ អ្នក​ដែល​ទទួលបាន​រង្វាន់​នេះ​មុនគេ​គឺ​លោក ចាន ទីន​ប៊ឺ​រ៍​ហ្កេ​ន (Jan Tinbergen) ជា​សេដ្ឋវិទូ ហុ​ល្លង់ និង លោក​រ៉ា​កណា ហ្វ្រ៊ី​ស (Ragnar Frisch ) ជា​សេដ្ឋវិទូ ន័​រ​វ៉េ​ស៍ ដោយសារ​បុរស​ទាំងពីរ​រូបនេះ​បាន​បង្កើត​ប្រព័ន្ធ​វិធី​វិភាគ​សេដ្ឋកិច្ច ។​

​រូបលោក អាល់​ហ្វ្រេ​ដ ណូបែល ត្រូវបាន​ឆ្លាក់​នៅលើ​កាក់​មាស

ប្រភេទ នៃ រង្វាន់ ណូបែល​
​រង្វាន់​ណូបែល មាន​ពីរ​ប្រភេទ​គឺ ជា​មេដាយ៍ (The Nobel Prize medals) ១ និង ជា​ទឹកប្រាក់​(Money prize) ១ ។ រង្វាន់​ណូបែល ជា​មេដាយ៍ ផលិត​ដោយ​ក្រុមហ៊ុន​ផលិត​កាក់ ស៊ុយអែត​ឈ្មោះ Myntverket និង ក្រុមហ៊ុន​ផលិត​កាក់​ន័​រ​វ៉េ​ស៍ ឈ្មោះ Mint of Norway តាំងពី​ឆ្នាំ​១៩០២ ។ មេដាយ៍ នីមួយៗ មាន​រូបលោក អាល​ហ្វ្រេ​ដ ណូបែល ឆ្នាំ​កំណើត និង ឆ្នាំ​មរណកាល​របស់គាត់ ។ ចំនួន នៃ ទឹកប្រាក់​រង្វាន់ អាស្រ័យ​លើ​លទ្ធភាព នៃ មូលនិធិ ណូបែល (Nobel Foundationa) នៅក្នុង​ឆ្នាំ​នីមួយៗ ប៉ុន្តែ​គិត​ជា​មធ្យម​គឺ មួយ​លាន​ដុល្លារ​អាមេរិក ។​
​ឥឡូវនេះ ដួង​វិញ្ញាណក្ខន្ធ​របស់​លោក អាល​ហ្វ្រេ​ដ ណូបែល ប្រាកដជា​ស្កប់ស្កល់​ណាស់​ហើយ ដ្បិត​ទីបំផុត​រហ័ស​នា​របស់លោក​ថា ជា​ជន​មហា​ចង្រៃ ឬ បិសាច​កើតមក​ដើម្បី​បំផ្លិចបំផ្លាញ​មនុស្សជាតិ នោះ ត្រូវបាន​គេ​ប្តូរ​ទៅជា​ទេវតា ឬ ទេវ​រក្ស នៃ វឌ្ឍនភាព​របស់​ពិ​ភ​លោក​ទៅវិញ ។ នេះ​គឺ​ដោយសារ​លោក​ភ្ញាក់រលឹក ហើយ​បាន​កែប្រែ​គំនិត ដែល​ប្រការនេះ​បញ្ជាក់ថា ទេវតា ឬ បិសាច គឺ​អាចជា​បុគ្គល​តែមួយ សំខាន់​តើ​បុគ្គល​នោះ​ធ្វើ​ទង្វើ​បិសាច ឬ ទង្វើ​ទេវតា ។ ក៏​អាច​បញ្ជាក់ដែរថា បុគ្គល​គ្រប់រូប​សុទ្ធ​តែមាន​វិធី និង ឱកាស​កែខ្លួន ឱ្យតែ​គេ​ពិត​ជាមាន​ឆន្ទៈ ហើយ​ជា​គំរូ​ថា មនុស្ស​មិនមែន​គិតគូរ​សម្រាប់តែ​ពេល​គេ​នៅរស់​ឡើយ ប៉ុន្តែ​ក៏ត្រូវ​គិត​ផងដែរ​ថា បន្ទាប់ពី​ស្លាប់ទៅ តើ​គេ​នឹង​ទៅជា​យ៉ាងណា ឬ បន្សល់ទុក​អ្វី ៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ