ទិវា​រង្វាន់​ណូបែល ដែល​គេ​ធ្លាប់​ហៅថា ជា​ជន​មហា​ចង្រៃ បិសាច​បំផ្លាញ​មនុស្សជាតិ​

718
ចែករម្លែក

​ភ្នំពេញៈ កាល​នៅរស់ អ្នក​ដែល​ស្រឡាញ់​លោក អាល​ហ្វ្រេ​ដ ណូបែល ដែលជា​អ្នក​ច្នៃ ប្រតិដ្ឋ ឌី​ណា​មី​ត ដ៏​ល្បី​រន្ទឺ​នោះ មានតែ​ពួក​ជន​ល្មោភ​សង្គ្រាម​ទេ​។ ចំណែក​មនុស្ស​ទូទៅ ជាពិសេស អ្នក​សន្តិភាព​និយម ហៅ​គាត់​ថា ជា​ជន​មហា​ចង្រៃ ជា​បិសាច​បំផ្លាញ​មនុស្សជាតិ ប៉ុន្តែ​បន្ទាប់ពី លាចាក​លោក​នេះ​ទៅ គាត់​ត្រូវបាន​ពិភពលោក​ចងចាំ និង​លើកសរសើរ ដោយសារតែ​ការបង្កើត រង្វាន់​ណូបែល ចំនួន​ប្រាំ ប្រធានបទ នៅ​ឆ្នាំ​១៨៩៥ ជា​រង្វាន់​ថ្នាក់​អន្តរជាតិ​ប្រចាំឆ្នាំ ប្រារព្ធ​នៅ ថ្ងៃទី​១០ ខែធ្នូ ជាការ​ទទួលស្គាល់​នូវ​ការ​ជឿនលឿន ផ្នែក​វប្បធម៌ និង វិទ្យាសាស្ត្រ​ហើយ​រង្វាន់​នេះ ត្រូវបាន​ប្រគល់ឱ្យ​ជ័យលាភី​ដំបូង នៅ​ឆ្នាំ​១៩០១ ។​

ប្រវត្តិ​លោក អាល​ហ្វ្រេ​ដ ណូបែល​
លោក អាល​ហ្វ្រេ​ដ ណូបែល (Alfred Nobel) ជា​ជនជាតិ​ស៊ុយអែត កើត​នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​១៨៣៣ នាទី​ក្រុង​ស្តុក​ខុម (Stockholm) ប្រទេស​ស៊ុយអែត ក្នុង​ត្រកូល​វិស្វករ និង អ្នក​ច្នៃ​ប្រតិដ្ឋ ហើយ​គាត់ គឺជា​អ្នក​គីមី វិស្វករ និង ជា​អ្នក​ច្នៃ​ប្រតិដ្ឋ ។ ឆ្នាំ​១៨៨៨ លោក ណូបែល បាន​ទិញ រោងចក្រ​ស្លដែក​ថែប​មួយ ហើយ​បាន​កែប្រែ​ឱ្យ ទៅជា​រោងចក្រ​ផលិត​អាវុធ​ដែល​គាត់​បាន​ច្នៃ អាវុធ​នានា​ដ៏​ល្បី​រន្ទឺ​ចំនួន​៣៥៥​ប្រភេទ​ជា​មុខរបរ​ដែល​គាត់​ប្រមូល​កើប​លុយ​បាន​យ៉ាងច្រើន សន្ធឹកសន្ធាប់ ។

​ប៉ុន្តែ​កិត្តិនាម​ដែល​គាត់​ទទួលបាន​ពី​ការច្នៃ​ប្រតិដ្ឋ អាវុធ​ទាំងនេះ គឺ​គាត់​ត្រូវបាន​គេ​ចាត់ទុកថា​ជា ប្រភព​នៃ​ការផ្តាច់​ផ្តឹ​ល​ជីវិត និង​បំផ្លាញ​ផលប្រយោជន៍​មនុស្សជាតិ ហើយ​មាន​អ្នកខ្លះ​ហៅ​គាត់​ថា ជា​ជន​មហា​ចង្រៃ មក​ចាប់ជាតិ ដើម្បី​បំផ្លាញ​មនុស្សលោក ។​

​ប្តូរ​ទស្សនៈ​
នា​ឆ្នាំ​១៨៩៤ បងប្រុស​របស់លោក អាល​ហ្វ្រេ​ដ ណូបែល ឈ្មោះ​លូ​ឌ​វី​ង ណូបែល បាន​ស្លាប់ ខណៈដែល​គាត់​ទៅ​ទស្សនា​ទីក្រុង​កែន ប្រទេស​បារាំង ។ កាសែត​បារាំង ច្រឡំ​បងប្រុស​របស់ គាត់​ឈ្មោះ​លូ​ឌ​វី​ង ណូបែល (​ដែល​ទើបតែ​ស្លាប់​) នោះ​ថា ជា​រូបគាត់ គឺ​លោក អាល​ហ្វ្រេ​ដ ណូបែល ទៅវិញ​។ កាសែត ដែល​រីករាយ​នឹង​មរណភាព​របស់ អាល​ហ្វ្រេ​ដ ណូបែល (​ដែល ពួកគេ​ច្រឡំ​) មាន​ចំណងជើង​ថា “ ឈ្មួញ​នៃ​ល្បែង​ពិឃាត បាន​ងាប់តៃហោង​ហើយ​“ ។ ចំណងជើង​អត្ថបទ​នេះ បាន​កន្ត្រាក់​អារម្មណ៍ និង​អង្រន់​បេះដូង​របស់លោក ណូបែល ឱ្យ​ខ្វល់ខ្វាយ​ខ្លាំង​ឡើងៗ ។

​ឯកសារ​នានា សុទ្ធតែ​បាន​អះអាងថា ចាប់ពី​បាន​អាន​ចំណងជើង​កាសែត​នោះមក គាត់​មិន ដែល​សប្បាយចិត្ត​សោះឡើយ ហើយ​អ្វីដែល​គាត់​គិត​ច្រើន​បំផុត​នោះ​គឺ​ទៅ​ថ្ងៃ​អនាគត​មនុស្ស លោក នឹង​កត់ត្រា​គាត់​ថា ជា​មនុស្ស​ប្រភេទ​ណា ។ ទាំងនេះ​ជា​កត្តា​ជំរុញ​គាត់​ឱ្យ​ផ្លាស់ប្តូរ​ឆន្ទៈ ។​

​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​១៨៩៥ នៅក្នុង​ក្លិប ស៊ុយអែត​-​ន័​រ​វ៉េ​ស៍ ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង លោក អាល់​ហ្វ្រេ​ដ ណូបែល បាន​ចុះហត្ថលេខា លើ​បណ្តាំមរតក​ចុងក្រោយ​របស់គាត់​ដែល​ពុំ មាន​នរណា​ដឹងថា គាត់​ចង់​ធ្វើ​អ្វី​ឡើយ ។​

មរណភាព និងរង្វាន់ណូបែល​
ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​១៨៩៦ ក្នុងភូមិ​គ្រឹះ​ដ៏​ស្កឹមស្កៃ នៅ​ទីក្រុង​សាន រ៉េ​ម៉ូ (San Remo) នៃ​ប្រទេស​អ៊ី តា​លី លោក អាល​ហ្វ្រេ​ដ ណូបែល បាន​អនិច្ចកម្ម ក្នុង​វ័យ​៦៣​ឆ្នាំ ដោយ​ជំងឺ​ដាច់​ស​សៃ​ឈាម ក្នុង​ខួរក្បាល ។ មរណភាព​របស់គាត់ ធ្វើឱ្យ​ពួក​ជន​ល្មោភ​សង្គ្រាម​សោកស្តាយ ប៉ុន្តែ​ពួក​អ្នក ស្រឡាញ់​សន្តិភាព មាន​ក្តី​ល្ហែល្ហើយ ក្នុង​ទ្រូង​យ៉ាងច្រើន ដែល​តាមពិតទៅ​ពួកគេ​បាន​បន់ស្រន់ ឱ្យ​បុរស​បិសាច​ពិឃាត​ម្នាក់នេះ ស្លាប់​តៃហោង យូរណាស់​មកហើយ ។​

​ប៉ុន្តែ​មរតកសាសន៍​របស់គាត់ បានធ្វើ​ឱ្យគេ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយសារ​បណ្តាំ មរតក​របស់គាត់ បាន​បញ្ជាក់ថា “ ទ្រព្យសម្បត្តិ​របស់ខ្ញុំ សម្រាប់​ប្រើប្រាស់​បង្កើតជា​រង្វាន់​ជា​បន្តបន្ទាប់​ដល់​បុគ្គល ទាំងឡាយណា​ដែល​បានធ្វើឱ្យ​បានជា​ប្រយោជន៍​ដ៏​អស្ចារ្យ​បំផុត ដល់​មនុស្សជាតិ ផ្នែក​រូបវិទ្យា (physics) គីមីវិទ្យា (chemistry) សន្តិភាព​(peace) សរីរវិទ្យា ឬ វេជ្ជសាស្ត្រ (Physiology or Medicine) និង អក្សរ សាស្ត្រ (literature)” ។

​គេ​មិន​នឹកស្មាន​ទាល់តែសោះ​ថា បុគ្គល​ដែលជា​អ្នក​កែច្នៃ​អាវុធ សម្រាប់​ផ្តាច់ជីវិត និង​បំផ្លាញ មនុស្សជាតិ​ម្នាក់ បែរជា​បន្សល់​ទុកទ្រព្យ​សម្បត្តិ ឱ្យ​អ្នកជំនាន់ក្រោយ​ធ្វើការ​ដើម្បី​ជា​ប្រយោជន៍ ដល់​មនុស្សលោក ទៅវិញ​បែបនេះ​សោះឡើយ ។​

​លោក ណូបែល បាន​បន្សល់ទុក​ទ្រព្យសម្បត្តិ សរុប ១៨៦ លាន​ដុល្លារ​អាមេរិក (​ឆ្នាំ​២០១២ ឡើងដល់ ៤៧២ លាន​ដុល្លារ​) ហើយ​នៅក្នុង​បណ្តាំមរតក​ទាំងនោះ គាត់​បាន​ផ្តែផ្តាំ​ថា ៩៤ ភាគរយ សម្រាប់​បង្កើត​កម្មវិធី​រង្វាន់​ណូបែល (Nobel Prizes) ចំនួន ៥ ខាងលើនេះ​។​

​ប៉ុន្តែ​ដោយសារ​មាន​ម​ន្ទឹ​ល​សង្ស័យ​ខ្លះ ជុំវិញ​បញ្ហា​បណ្តាំមរតក​ទាំងនេះ​ទើប​ទ្រព្យ សម្បត្តិ ទាំងនោះ ត្រូវបាន​ផ្អឹប​ទុក រហូតដល់​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​១៨៩៧​ទើបត្រូវ​បានអនុម័ត ឱ្យ​យកទៅ​ប្រើប្រាស់ ។ ប្រតិបត្តិ​ករ​របស់លោក ណូបែល គឺ​លោក រ៉ា​កណា សូល​ម៉ាន (Ragnar Sohlman) និង​លោក រូ​ដូ​ល​ហ្វ៍ លី​ល​ចេ​គ្វី​ស (Rudolf Lilljequist) បាន​យក​ទ្រព្យសម្បត្តិ​ទាំងនេះ ទៅ​បង្កើត​មូលនិធិ ណូបែល (Nobel Foundation ) នៅ​ថ្ងៃទី​២៩ មិថុនា ១៩០០ ដើម្បី​រៀបចំ ហិរញ្ញប្បទាន និង​រដ្ឋបាល​កិច្ច សម្រាប់​រង្វាន់​ណូបែល (Nobel Prizes) ទាំង​៥ ខាងលើនេះ ។

​វិទ្យាស្ថាន​សម្រាប់​សម្រេច​ផ្តល់រ​ង្វាន់​ណូបែល សន្តិភាព​(Peace Prize) ជា​វិទ្យាស្ថាន​ន័​វេស៍ មាន​ឈ្មោះថា គណៈកម្មការ ណូបែល ន័​រវេ​ស៍ (Norwegian Nobel Committee ) ដែល​ត្រូវបាន បង្កើត​មុនគេ បន្ទាប់ពី​មរតក​របស់លោក​ណូបែល ត្រូវបាន​អនុម័ត​ភ្លាម ហើយ​បង្កើត​វិទ្យាស្ថាន បី​ទៀត ជា​វិទ្យាស្ថាន​ស៊ុយអែត សម្រាប់​សម្រេច​ផ្តល់រ​ង្វាន់​ណូបែល​ចំនួន​៤​គឺ​វិទ្យាស្ថាន Karolinska Institutet បង្កើត​ថ្ងៃទី​៧ មិថុនា ឆ្នាំ​១៨៩៧ , the Swedish Academy ថ្ងៃទី​៩ មិថុនា ឆ្នាំ​១៨៩៧ និង the Royal Swedish Academy of Sciences ថ្ងៃទី​១១ មិថុនា ឆ្នាំ​១៨៩៧ ។ មូលនិធិ ណូបែល បាន សម្រេច​ដល់​ការព្រមព្រៀង លើ​គោលការណ៍ ស្តីអំពី​ថា រង្វាន់​ទាំងនេះ គួរផ្តល់​ដោយ​របៀប​ណា នៅ​ឆ្នាំ​១៩០០ ។

​ដោយហេតុនេះ ទើប​រង្វាន់​ណូបែល សន្តិភាព ត្រូវបានធ្វើ​នៅ​ទីក្រុង​អូ​ស្លូ ប្រទេស ន័​រ​វ៉េ​ស៍ ចំណែក​រង្វាន់ ៤​ទៀត ធ្វើ​នៅ​ទីក្រុង​ស្តុក​ខុម (Stockholm) ប្រទេស​ស៊ុយអែត ។ តាំងពី​ពេល បង្កើត​មក រហូត​បច្ចុប្បន្ន រង្វាន់​ណូបែល ត្រូវបាន​ទទួលស្គាល់ថា ជា​រង្វាន់​ប្រកបដោយ កិត្យានុភាព ជាងគេ​ក្នុង​លោក ។​

​ប៉ុន្តែ​នៅ​ឆ្នាំ​១៩៤៨ រង្វាន់​ណូបែល សន្តិភាព នេះ មិនត្រូវ​បានប្រគល់​ទៅឱ្យ​បុគ្គល​ណា​ឡើយ ដោយសារ​ឆ្នាំ​នោះ គណៈកម្មការ​ណូបែល ន័​រ​វ៉េ​ស៍ បាន​អះអាងថា បិតា​បដិវត្ត អហិង្សា​ឥណ្ឌា គឺ​លោក មហា​ត្មៈ គ​ន្ធី គឺជា​ម្ចាស់​នៃ​រង្វាន់​នេះ ។ ប៉ុន្តែ​ជា​អកុសល ប៉ុន្មាន​ថ្ងៃ​ក្រោយមក មហា​ត្មៈ គ​ន្ធី ត្រូវបាន​គេ​ធ្វើឃាត ។ ដូច្នេះ​ឆ្នាំ​នោះ គណៈកម្មការ បានប្រកាសថា ពុំមាន​បុគ្គល​ណា​ម្នាក់ ស័ក្តិសម​នឹង​ទទួល​រង្វាន់ ណូបែល សន្តិភាព នៅ​ឆ្នាំ​នោះឡើយ ។​

​រូប​វិទូ​អាល្លឺម៉ង់ លោ​កវី​លហែម ខុនរ៉ាដ រ៉ុ​ន​ត៍​ហ្កេ​ន (Wilhelm Conrad Röntgen) ជា​អ្នកទទួល បាន​រង្វាន់​ណូបែល ដំបូង​គេ​បំផុត ផ្នែក​រូបវិទ្យា ដោយ​គាត់​បាន​រកឃើញ​រស្មី​អ៊ិ​ច (X-rays) ។ សេដ្ឋវិទូ​បារាំង លោក​ហ្វ្រេ​ដឺ​រីក​ប៉ា​ស្ស៊ី (Frédéric Passy) ជា​សហ​ស្ថាបនិក​សហភាព​អន្តរ​សភា (Inter-Parliamentary Union) និង​ពាណិជ្ជករ​ស្វី​ស លោក​ហេន​រី ឌូ​ណាន​ត៍ (Henry Dunant) ជា​ស្ថាបនិក​គណៈកម្មការ​អន្តរជាតិ​នៃ​កាកបាទក្រហម (International Committee of the Red Cross) ជា​អ្នកទទួលបាន​រង្វាន់​ណូបែល​សន្តិភាព​មុនគេ​។​

​រូប​វិទូ​ហុ​ល្លង់ លោក​ចា​កូ​ប៊ូ​ស​វ៉ាន​ត៍​ហូ​ហ្វ (Jacobus van’t Hoff) ជា​ម្ចាស់​រង្វាន់​ណូបែល​គីមី (Chemistry Prize) មុនគេ​ដោយ​គាត់​បាន​រកឃើញ​ឧណ្ហកម្បនា​ផ្នែក​គីមី (chemical thermodynamics) ។​

​កវី ស៊ូ​លី ព្រូដ​ហូ​ម​ម៉េ (Sully Prudhomme) ជា​ម្ចាស់​រង្វាន់​ណូបែល​ទី​១ ផ្នែក​អក្សរសាស្ត្រ (Nobel Prize in Literature) ។ ម្ចាស់​រង្វាន់​ណូបែល ដំបូង​គេ​ផ្នែក​សរីរវិទ្យា ឬ​វេជ្ជសាស្ត្រ (Physiology or Medicine Prize) ត្រូវបាន​ប្រគល់​ទៅឱ្យ​លោក អេ​មី​ល​វ៉ុ​ន​បេ​រីង (Emil von Behring) ជា​សរីរ​វិទូ អាល្លឺម៉ង់​។​ជ័យលាភី​នៃ​រង្វាន់​ទាំង​៥​ប្រធានបទ​នេះ​ត្រូវបាន​ប្រគល់ឱ្យ​ដំបូង​នៅ​ឆ្នាំ​១៩០១​។​

​ឆ្នាំ​១៩៦៩ រង្វាន់​មួយទៀត ត្រូវបាន​បង្កើតឡើង គឺ​រង្វាន់​សេដ្ឋកិច្ច (Economics Prize) ។ វា​មិន មែន​ជា​រង្វាន់​ណូបែល​ទេ ប៉ុន្តែ​វា​ត្រូវបានធ្វើ​ជាមួយគ្នា​ក្នុង​ពិធី​ប្រគល់​រង្វាន់​ណូបែល ដែរ ។ អ្នក​ដែល​ទទួលបាន​រង្វាន់​នេះ មុនគេ គឺ​លោក ចាន ទីន​ប៊ឺ​រ៍​ហ្កេ​ន (Jan Tinbergen) ជា​សេដ្ឋវិទូ ហុ​ល្លង់ និង​លោក​រ៉ា​កណា ហ្វ្រ៊ី​ស (Ragnar Frisch) ជា​សេដ្ឋវិទូ​ន័​រ​វ៉េ​ស៍​ដោយសារ​បុរស​ទាំងពីរ រូបនេះ បាន​បង្កើត​ប្រព័ន្ធ​វិធី​វិភាគ​សេដ្ឋកិច្ច ។​

​ប្រភេទនៃរង្វាន់ណូបែល​
​រង្វាន់​ណូបែល មាន​ពីរ​ប្រភេទ​គឺ ជា​មេដាយ៍ (The Nobel Prize medals) ១ និង ជា​ទឹកប្រាក់ (Money prize) ១ ។ រង្វាន់​ណូបែល ជា​មេដាយ៍ ផលិត​ដោយ​ក្រុមហ៊ុន​ផលិត​កាក់ ស៊ុយអែត ឈ្មោះ Myntverket និង​ក្រុមហ៊ុន​ផលិត​កាក់​ន័​រ​វ៉េ​ស៍ ឈ្មោះ Mint of Norway តាំងពី​ឆ្នាំ​១៩០២ ។ មេដាយ៍​នីមួយៗ មាន​រូបលោក អាល​ហ្វ្រេ​ដ ណូបែល ឆ្នាំ​កំណើត និង ឆ្នាំ​មរណកាល​របស់គាត់ ។ ចំនួន​នៃ​ទឹកប្រាក់​រង្វាន់ អាស្រ័យ​លើ​លទ្ធភាព នៃ​មូលនិធិ ណូបែល (Nobel Foundationa) នៅក្នុង​ឆ្នាំ​នីមួយៗ ប៉ុន្តែ​គិត​ជា​មធ្យម​គឺ មួយ​លាន​ដុល្លារ​អាមេរិក ។​

​ឥឡូវនេះ ដួង​វិញ្ញាណក្ខន្ធ​របស់​លោក អាល​ហ្វ្រេ​ដ ណូបែល ប្រាកដជា​ស្កប់ស្កល់​ណាស់​ហើយ ដ្បិត​ទីបំផុត រហ័ស​នាម​របស់លោក​ថា ជា​ជន​មហា​ចង្រៃ ឬ​បិសាច កើតមក​ដើម្បី​បំផ្លិចបំផ្លាញ មនុស្សជាតិ​នោះ ត្រូវបាន​គេ​ប្តូរ​ទៅជា​ទេវតា ឬទេ​វរ​ក្ស នៃ​វឌ្ឍនភាព​របស់​ពិ​ភ​លោក​ទៅវិញ​។ នេះ​គឺ​ដោយសារ​លោក​ភ្ញាក់រលឹក ហើយ​បាន​កែប្រែ​គំនិត ដែល​ប្រការនេះ​បញ្ជាក់ថា ទេវតា ឬ បិសាច គឺ​អាចជា​បុគ្គល​តែមួយ សំខាន់​តើ​បុគ្គល​នោះ​ធ្វើ​ទង្វើ​បិសាច ឬ ទង្វើ​ទេវតា ។ ក៏​អាច បញ្ជាក់ដែរថា បុគ្គល​គ្រប់រូប សុទ្ធ​តែមាន​វិធី និង ឱកាស​កែខ្លួន​ឱ្យតែ​គេ​ពិត​ជាមាន​ឆន្ទៈ ហើយ ជា​គំរូ​ថា មនុស្ស​មិនមែន​គិតគូរ សម្រាប់តែ​ពេល​គេ នៅរស់​ឡើយ ប៉ុន្តែ​ក៏ត្រូវ​គិត​ផងដែរ​ថា បន្ទាប់ពី​ស្លាប់ទៅ តើ​គេ​នឹង​ទៅជា​យ៉ាងណា ឬ បន្សល់ទុក​អ្វី ៕ ដោយៈ មេសា​

ប្រភេទ នៃ រង្វាន់​ណូបែល
​រូបលោក អាល់​ហ្វ្រេ​ដ ណូបែល ត្រូវបាន​ឆ្លាក់​នៅលើ​កាក់​មាស
លោក អាល់​ហ្វ្រេ​ដ ណូបែល

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ