យោធា​អាម៉េរិក​ត្រៀម​ដាក់ពង្រាយ​កងទ័ព​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់មាន​ទៅកាន់​ទ្វីបអឺរ៉ុប

1707
ចែករម្លែក

​យោធា​អាម៉េរិក​គ្រោង​នឹងដាក់​ពង្រាយ​ទាហាន​ទ្រង់ទ្រាយ​ធំ​បំផុត​របស់ខ្លួន​ទៅកាន់​ទ្វីបអឺរ៉ុប​ធៀបនឹងការដាក់ទ័ពរបស់ខ្លួនក្នុង​រយៈពេល២៥ឆ្នាំមកនេះ ដោយ​កងទ័ព​ចំនួន ២០.០០០ នាក់​ត្រៀម​ចូលរួម​ក្នុង​សមយុទ្ធ​ដ៏​ធំ​នៅ​គ្រា​កំពុងមាន​ទំនាក់ទំនង​យ៉ាប់យ៉ឺន​ជាមួយ​រុស្ស៊ី​។​

​ឧ​ត្ត​ម​សេនីយ៍ គ្រី​ស្តូ​ហ្វើ ខា​វ៉ូ​លី មេបញ្ជាការ​កងទ័ពជើងគោក​អាម៉េរិក​ប្រចាំ​នៅ​អឺរ៉ុប និយាយថា កងទ័ព​យកមក​ពី​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាម៉េរិក​ចំនួន២០.០០០ នាក់​នឹងត្រូវ​ដាក់ពង្រាយ​នៅ​អឺរ៉ុប​នៅ​ឆ្នាំក្រោយ កន្លែង​ដែល​ពួកគេ​នឹងចូលរួម​ជាមួយ​ទាហាន​អាម៉េរិក​ចំនួន ៩.០០០ នាក់​ផ្សេងទៀត ដែល​កំពុង​ឈរជើង​នៅ​ទីនោះ​ស្រាប់​។​

​លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​មន្ទីរ​បញ្ច​កោណ​ថា បន្ទាប់មក​កងទ័ព​ស​រុ​ប​ប្រហែល ៣៧.០០០ នាក់​នឹងចូលរួម​ធ្វើ​សមយុទ្ធ​នៅ​ទូទាំងប្រទេស​អឺរ៉ុប​ចំនួន ១០ ចាប់ពី​ខែឧសភា​ដល់​ខែមិថុនា (២០២០)​។​

​លោក​បាន​និយាយថា កងទ័ព​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាម៉េរិក នឹង​ចាប់ផ្តើម​ចេញដំណើរ​ទៅ​អឺរ៉ុប​ក្នុង​ខែកុម្ភៈ ដោយ​ដឹក​ទៅជា​មួយ​ផងដែរ​នូវ​គ្រឿង​បរិក្ខារ​ចំនួន ១៣.០០០ មុខ រួមទាំង​រថក្រោះ​កាំភ្លើង​ធំ​និង​រថយន្ត​ដឹកជញ្ជូន​លើ​ចម្ងាយ​ផ្លូវ​ប្រមាណ ៤.០០០ គីឡូម៉ែត្រ​។​

​នោះ​នឹង​ក្លាយ​ជាការ​ប្រឈម​ខាង​ភស្តុភារ​ដ៏​លំបាក​បំផុត ព្រោះ​ផ្លូវដែក​នៅ​បណ្តា​ប្រទេស​អតីត​សហភាពសូវៀត​មាន​រង្វាស់​តូច​ជាង​បណ្តា​ប្រទេស​អឺរ៉ុប​ខាងលិច ហើយ​ស្ពាន​របស់​ពួកគេ​មិនអាច​ទ្រាំទ្រ​នឹង​រថក្រោះ Abrams ដែលមាន​ទម្ងន់ ៧០ តោន​បានឡើយ​។​

​សមយុទ្ធ​ការពារ​អឺរ៉ុប​ឆ្នាំ​២០២០​គឺជា​ចំណុច​របត់​យុទ្ធសាស្ត្រ​មួយ​បន្ទាប់ពី​ការកាត់បន្ថយ​យោធា​របស់​អាម៉េរិក​ជាច្រើន​ឆ្នាំ​នៅ​ទ្វីបអឺរ៉ុប​ក្រោយ​សង្គ្រាមត្រជាក់​។​

​ខណៈ​លោក​ខា​វ៉ូ​លី​មិន​និយាយ​ចំឈ្មោះ​រុស្ស៊ី លោក​បាន​និយាយថា​ការ​កាត់​យក​ឧបទ្វីប​គ្រី​មេ​ក្នុង​ឆ្នាំ ២០១៤ បាន​ផ្លាស់ប្តូរ​អ្វីៗ​ទាំងអស់​។​

​លោក​បាន​និយាយថា គោលបំណង​នៃ​សមយុទ្ធ​នេះ​គឺ​ដើម្បី​បង្ហាញ​ពី​សមត្ថភាព​របស់​យោធា​អាម៉េរិក​ក្នុងការ​ដាក់ពង្រាយ​កង​កម្លាំង​ទ្រង់ទ្រាយ​ធំ​បាន​យ៉ាង​រហ័ស​ដើម្បី​គាំទ្រ​ដល់​អង្គការ​ណា​តូ​និង​ឆ្លើយតប​ទៅនឹង​វិបត្តិ​នានា​៕ ដោយ៖កញ្ញាដាលីស

អាម៉េរិក​នឹង​បញ្ជូន​ទ័ព​និង​គ្រឿង​សម្ភារៈ​បរិក្ខារ​ជាច្រើន​ទៅ​ចូលរួម​សមយុទ្ធ​ការពារ​អឺរ៉ុប​ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម