មី​ឆែ​ល អូ​បា​ម៉ា និង​តារាភាពយន្ត ជូ​លៀ រ៉ូបឺត ជំរុញ​ឱ្យ​ក្មេងស្រី​វៀតណាម​ខំ​រៀន​

431
ចែករម្លែក

​អតីត​ស្ត្រី​ទី​មួយ​អាម៉េរិក លោកស្រី មី​ឆែ​ល អូ​បា​ម៉ា និង​តារា​ហូលីវូត​នាង ជូ​លៀ រ៉ូបឺត បាន​ទៅ​វិទ្យាល័យ​មួយ​នៅ​តំបន់​ជនបទ​នៃ​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ចន្ទ​ទី​៩​ធ្នូ​ដោយ​​ជំរុញ​ឱ្យ​ក្មេងស្រី​វ័យ​ជំទង់ៗ​នៅក្នុង​ថ្នាក់រៀន​មួយ​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការអប់រំ​ដើម្បី​ផ្លាស់ប្តូរ​ជីវិត​របស់​ពួកគេ​។​

​ការលើកកម្ពស់​ការអប់រំ​របស់​ក្មេងស្រី​បាន​ក្លាយជា​ចំណុច​ដ៏​សំខាន់​នៃ​ការងារ​សប្បុរសធម៌រ​បស់​លោក ស្រី​មី​ឆែ​ល អូ​បា​ម៉ា ចាប់តាំងពី​ស្វាមី​របស់​លោកស្រី គឺ​លោក​បា​រ៉ាក់ អូ​បា​ម៉ា​​បាន​ចាកចេញ​ពី​តំណែង​នៅ​ឆ្នាំ ២០១៧ ក្រោយ​កាន់តំណែង​ប្រធានាធិបតី​អស់​រយៈពេល​២​អាណត្តិ​។​

​លោកស្រី មី​ឆែ​ល អូ​បា​ម៉ា បាន​និយាយ​នៅ​វិទ្យាល័យ​Can Giuoc​នៅ​ខេត្ត​ឡុង​អាន នៅ​តំបន់​ដីសណ្ត​ទន្លេមេគង្គ​ថា “​នៅ​ពេល​អ្នក​អប់រំ​ក្មេងស្រី អ្នកនឹង​ផ្តល់ឱ្យ ពួកគេ​នូវ​​ថាមពល​និង​សំលេង រួម​ទាំង​ឱកាស​ដើម្បី​ធ្វើឱ្យ​ជីវិត​របស់​ពួកគេ គ្រួសារ​របស់​ពួកគេ​និង សហគមន៍​របស់​ពួកគេ មាន​ភាពល្អប្រសើរ​ឡើង​”​។​

​ដោយ​អមដំណើរ​ដោយ នាង ជូ​លៀ រ៉ូបឺត និង នាង ជេន​ណា ប៊ូ​ស ហេ​ហ្គឺ កូនស្រី​របស់​អតីត​ប្រធានាធិបតី​អាម៉េរិក​លោក ច​ច ដាប់​ប៊​ល​យូ ប៊ូ​ស នោះ​លោកស្រី​មី​ឆែ​ល អូ​បា​ម៉ា ​បាន​លើកទឹកចិត្ត​ក្មេង​ស្រី​ទាំងនោះ​ឱ្យ​ខំ​សិក្សា​រៀនសូត្រ​។​

​លោកស្រី​បាន​និយាយ​នៅ​ចំពោះមុខ​សិស្ស​ទាំងនោះ​ថា​“ ខ្ញុំ​ចង់ឱ្យ​អ្នក​ទាំងអស់​គ្នា​ប្តេជ្ញាចិត្ត​និង​ផ្តោតអារម្មណ៍​ដោយសារ​វា​នឹង​មាន​ការលំបាក​នៅ​ពេល​ខ្លះ ប៉ុន្តែ​វា​មាន​តម្លៃ​សម្រាប់​​អ្នក “​។​

​លោកស្រី​បាន​បន្ថែមថា “​ទោះ​បី​គ្រួសារ​អ្នក​មិន​យល់​នៅថ្ងៃនេះ​ក៏ដោយ ជឿ​ទុកចិត្ត​ខ្ញុំ​ថា ពួកគេ​នឹង​យល់​នៅពេល​ក្រោយ នៅ​ពេល​អ្នក​ទៅ​មហាវិទ្យាល័យ ឬ​ចាប់ផ្តើម​អាជីវកម្ម​​របស់​អ្នក​”​។​

​ជាមួយ​នឹង​ចំនួន​យុវជន​កើនឡើង​និង​កំណើន​សេដ្ឋកិច្ច​ឆាប់រហ័ស ប្រទេស​វៀតណាម​តែងតែ​មាន​ភាពល្អប្រសើរ​ជាង​ប្រទេស​ជិតខាង​មួយចំនួន​របស់​ខ្លួន​នៅក្នុង​ចំណាត់ថ្នាក់​​នៃ​ការអប់រំ ជាពិសេស​ផ្នែក​គណិតវិទ្យា​និង វិទ្យាសាស្ត្រ​៕ដោយ៖សុខា/sn

លោកស្រី មី​ឆែ​ល អូ​បា​ម៉ា ត្រូវ​បាន​ចូលរួម​នៅ​វៀតណាម ជាមួយនឹង​ការ​អមដំណើរ​ដោយ នាង ជេន​ណា ប៊ូ​ស ហេ​ហ្គឺ (​រូប​ឆ្វេង​)​និង នាង ជូ​លៀ រ៉ូបឺត (​រូប​ស្តាំ​)