ទីភ្នាក់ងារ​ប្រឆាំង​សារធាតុ​ជំនួយ​កម្លាំង​ពិភពលោក​ដាក់​បម្រាម​៤​ឆ្នាំ​លើ​រុស្ស៊ី​

388
ចែករម្លែក

​ទង់ជាតិ​និង​ភ្លេងជាតិ​រុស្ស៊ី​ត្រូវបាន​ហាមឃាត់​មិនឱ្យ​ចូលរួម​កីឡា​អូឡាំពិក​ទីក្រុង​តូ​ក្យូ​នៅ​ឆ្នាំក្រោយ​និង​ព្រឹត្តិការណ៍​កីឡា​សំខាន់ៗ​ដទៃទៀត​រយៈពេល ៤ ឆ្នាំ​។​

​ការរៀបចំ​របស់​រុស្ស៊ី​ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​ជើងឯក​ពិភពលោក​នានា​ក្នុង​ប្រភេទ​កីឡា​អូឡាំពិក​ក៏ត្រូវ​ប្រឈម​នឹង​ការដកហូត​សិទ្ធិ​រៀបចំ​ផងដែរ​បន្ទាប់ពី​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​ទីភ្នាក់ងារ​ប្រឆាំង​សារធាតុ​ជំនួយ​កម្លាំង​ពិភពលោក (WADA) បានអនុម័ត​ទណ្ឌកម្ម​ជា​ហូរហែ​ដើម្បី​ដាក់ពិន័យ​លើ​អាជ្ញាធរ​រុស្ស៊ី ដែល​លួច​កែ​ទិន្នន័យ​គោល​នៅ​មន្ទីរពិសោធន៍​ក្រុង​មូ​ស្គូ​។​

​យោងតាម​សេចក្តីសម្រេច​របស់ WADA អត្ត​ព​លិ​ក​រុស្ស៊ី​នឹងត្រូវ​អនុញ្ញាតឱ្យ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ធំៗ ប្រសិនបើ​ពួកគេ​ធ្វើតេស្ត​ទៅ​ពុំមាន​សារធាតុ​ជំនួយ​កម្លាំង​ហាមឃាត់ ឬ ប្រសិនបើ​ទិន្នន័យ​គោល​របស់​ពួកគេ​មិន​ត្រូវបាន​ក្លែងបន្លំ​។​

​សម្រាប់​ការប្រកួត​បាល់ទាត់​វើ​ល​ខាប់​ឆ្នាំ ២០២២ ទីភ្នាក់ងារ WADA បាន​និយាយថា ក្រុម​ជម្រើសជាតិ​រុស្ស៊ី​នឹងត្រូវ​លេង​ក្រោម​ឈ្មោះ​របស់ខ្លួន​នៅក្នុង​វគ្គ​ជម្រុះ​ប្រចាំ​ទ្វីបអឺរ៉ុប​។ ប្រសិនបើ​រុស្ស៊ី​ជាប់​ទៅលេង​វើ​ល​ខាប់​នៅ​កាតា នោះ​ឈ្មោះ​រុស្ស៊ី​ត្រូវតែ​ផ្លាស់ប្តូរ​ទៅជា​ឈ្មោះ​អព្យាក្រឹត ពោលគឺ​មិនត្រូវ​ឱ្យមាន​ពាក្យ​ថា “​រុស្ស៊ី​” នោះឡើយ​។​

​ទីភ្នាក់ងារ​ប្រឆាំង​សារធាតុ​ជំនួយ​កម្លាំង​របស់​រុស្ស៊ី​អាច​ប្តឹង​ឧទ្ធរណ៍​ចំពោះ​សេចក្តីសម្រេច​នេះ​ទៅកាន់​តុលាការ​អាជ្ញាកណ្តាល​សម្រាប់​កីឡា​ក្នុង​រយៈពេល ២១ ថ្ងៃ​។​

​ចំណាត់ការ​ផ្លូវច្បាប់​របស់ WADA ប្រាកដ​ណាស់​នឹង​គ្របដណ្តប់​លើ​ការត្រៀមខ្លួន​សម្រាប់​អូឡាំពិក​ទីក្រុង​តូ​ក្យូ ដែល​នឹង​បើក​នៅ​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០​។​

​ក្រុម​អ្នកស៊ើប​អង្កេត​របស់ WADA និង​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) បាន​និយាយ​កាលពី​ខែ​មុន​ថា ភស្តុតាង​បានបង្ហាញ​ច្បាស់​ថា​អាជ្ញាធរ​រុស្ស៊ី​លួច​កែ​ទិន្នន័យ​គោល​នៅ​មន្ទីរពិសោធន៍​ក្រុង​មូ​ស្គូ​ដើម្បី​លាក់បាំង​ករណី​ប្រើប្រាស់​សារធាតុ​ហាមឃាត់​រាប់រយ​ករណី​និង​ដាក់​ការស្តីបន្ទោស​ទៅលើ​ពួក​អ្នក​ទម្លាយ​រឿង​សម្ងាត់​។​

IOC និយាយ​កាលពី​ខែ​មុន​ថា “​ការ​លួច​កែ​ទិន្នន័យ​មន្ទីរពិសោធន៍​ក្រុង​មូ​ស្គូ​” គឺជា​ការប្រមាថ​ដល់​ចលនា​កីឡា​ជុំវិញ​ពិភពលោក​៕ ដោយ៖ កញ្ញាដាលីស

មន្ទីរពិសោធន៍​រកសា​រ​ធាតុ​ជំនួយ​កម្លាំង​ហាមឃាត់​ក្នុង​ក្រុង​មូ​ស្គូ

ទីតាំងផ្សាយពាណិជ្ជកម្ម