កើន​កំដៅ​រិះគន់​ក្រោយ​មន្ត្រី​ពេទ្យ​និង​ប្រធាន​មន្ទីរ​សុខាភិបាល បំភ្លឺ​ខុសគ្នា​ពី​ករណី​ស្ត្រី​ម្តាយ​និង​ទារក​ស្លាប់​ដោយ​ដេញ​ចេញពី​ពេទ្យ​រដ្ឋ​

937
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ចម្រូងចម្រាស់​និង​បន្ថែម​កំដៅ​រិះគន់ ក្រោយ​មន្ត្រី​ពេទ្យ​និង​ប្រធាន​មន្ទីរ​សុខាភិបាល​បំភ្លឺ​ខុសគ្នា​ពី​ករណី​ស្ត្រី​ម្តាយ និង​ទារ​កបាន​ស្លាប់ ព្រោះ​ត្រូវ​ដេញ​ចេញពី​ពេទ្យ​រដ្ឋ ព្រោះ​គ្មាន​លុយ​បង់ថ្លៃ​ហិរញ្ញប្បទាន​ចំនួន​៦០​ម៉ឺន​រៀល និង​គ្មាន​ឈាម​ផ្តល់នៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន​មង្គល​បូរី​។​

​មន្ត្រី​ពេទ្យ (​គ្រូពេទ្យ ពេទ្យឆ្មប អ្នកពាក់ព័ន្ធ​និង​ករណី​ស្ត្រី​ម្តាយ​និង​ទារក​ដែល​ស្លាប់​នោះ​) កាលពី​ថ្ងៃទី​៨​ខែធ្នូ ឆ្នាំ​២០១៩ ស្រាប់តែ​ចេញមក​បំភ្លឺ​ដល់​សាធារណៈជន​ថា គោលការណ៍​របស់​មន្ទី​រ​ពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន​មង្គល​បូរី ត្រូវ​ផ្ដល់​សេវា​ពិនិត្យ​និង​ព្យាបាល​គ្រប់​ប្រជាជន​ទាំងអស់​ជាមុន ទើប​ឲ្យ​បង់​សេវា​តាម​ក្រោយ ឬ​ឲ្យ​បង់លុយ​តាម​ក្រោយ​។ ករណី​បើ​អ្នកជំងឺ​គ្មាន​លទ្ធភាព​បង់ ក៏​នៅមាន​មូលនិធិ​សមធម៌ និង​ការអនុគ្រោះ​របស់​មន្ទីរ​ពេទ្យ​ថែម​ទៀតផង​។​
​ប៉ុន្តែ​ករណី​ស្ត្រី​ឈ្មោះ អ៊ិ​ញ ចាន់​មុំ អាយុ ២៦​ឆ្នាំ លំនៅ​ភូមិ​កោះ​កែវ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​(​នៅក្បែរ​មន្ទីរពេទ្យ​) មាន​ផ្ទៃពោះ​គ្រប់​ខែ​ត្រូវ​សម្រាលកូន​ទី​២ បាន​ចូលមក​សម្រាក​ពេទ្យ​ពី​ម៉ោង​៩​និង​១០​នាទី​ព្រឹក នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៩ ។ ដោយសារ​ជ្រាប​ទឹកភ្លោះ​មុន​ឈឺពោះ​សម្រាលកូន ស្ត្រី​នោះបាន​ឈឺចង្កេះ​ធ្ងន់​មកក្រោម​។ ហើយ​យូរៗ​ម្ដង មាន​រំអិល​លាយ​ឈាម​តិចៗ​។ ស្ដ្រី​មាន​ប្រ​វ​ត្ដិ​កើតកូន​មុន​មិនធម្មតា និង​កូន​លើក​នេះ​មាន​ធ្លាក់ឈាម​តិចតួច​រយៈពេល​២​ថ្ងៃ​។ នៅពេល​មាន​ផ្ទៃពោះ​៧​ខែ លុះ​ពេល​ល្ងាច ក៏មាន​ធ្លាក់ឈាម​និង​ឈឺពោះ​តិចតួច​ដដែល​។ គ្រូពេទ្យ​បាន​មើល​អេកូ​សាស្ត្រ​ឃើញថា មាន​សុក​ពាំង​មាត់ស្បូន​។ បន្ទាប់ពី​ការពិនិត្យ​របស់​គ្រូពេទ្យ​រួច បានផ្ដល់​ការណែនាំ​ទៅដល់​អ្នកជំងឺ និង​ម្ដាយ​របស់​ស្ត្រី​នោះ​ថា ស្ដ្រី​ត្រូវ​សម្រាលកូន​ដោយ​ការវះកាត់​។ ក្រោយពី​ការ​ស្ដាប់​ការពន្យល់​របស់​គ្រូពេទ្យ​រួចមក ស្ដ្រី និង​ម្ដាយ​របស់គាត់​បានសម្រេច​ចិ​ត្ដ​ផ្ដិតមេដៃ លើ​កិច្ចសន្យា​សម្រាលកូន​ដោយ​វះកាត់​។ ប៉ុន្ដែ​បន្ទាប់មកទៀត​ស្ដ្រី​បាន​ប្ដូរ​ចិ​ត្ដ គឺ​ចង់ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្ដ​សៀមរាប​វិញ​។ ដោយមាន​ការបារម្ភ​ពី​សុវត្ថិភាព​ម្ដាយ និង​ទារក ក៏ដូចជា​យោងតាម​ស្ថានភាព​របស់​ស្ដ្រី​នោះ​ធម្មតា គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​ឡានពេទ្យ​ប្រចាំការ​នៅក្នុង​មន្ទីរ​ដឹក​ប​ញ្ចូ​ន​ស្ត្រី​នោះ​ទៅកាន់​មន្ទីរពេទ្យ​គន្ធបុប្ផា ខេត្តសៀមរាប​។​

​ប៉ុន្ដែ​គាត់​ក៏បាន​ជ្រើសរើស​មធ្យោបាយ​ធ្វើដំណើរ ដោយ​ខ្លួនឯង​ទៅវិញ ទើប​ហៅ​រថយន្តឈ្នួល​មក​ជិះ​ទៅ​មន្ទីរពេទ្យ​គន្ធរ​បុប្ផា សៀមរាប​។ តែ​ដល់​ពាក់​កណ្តាលផ្លូវ ក៏ត្រូវ​ស្លាប់​ទាំង​ម្តាយ​ទារក​ក្នុង​ផ្ទៃ ។​
​ជា​ប្រតិកម្ម សាធារណៈជន ម្តាយ​នៃ​សព​ស្ត្រី​បាន​ថ្កោលទោស​ចំពោះ​ការបំភ្លឺ​នេះ ហើយ​ថា​ជា​ចេតនា​គេចវេះ​ពី​ការទទួលខុសត្រូវ​ចំពោះ​អាយុជីវិត​ប្រជាពលរដ្ឋ​និង​ក្រមសីលធម៌​វិជ្ជាជីវៈ​ពេទ្យ​និង​បំភ្លៃ​ការពិត ហើយ​កាន់តែ​អាក្រក់​ជាង​នេះ ដោយ​មិន​ត្រឹមតែ​មិន​សមានចិត្ត​អាណិតអាសូរ​ន​រងគ្រោះ​ទេ តែ​បែរជា​បង្កើត​ការទម្លាក់​កំហុស​ជា​ប្រព័ន្ធ​ដាក់​ជនរងគ្រោះ​ដែលជា​ជនក្រីក្រ​និង​ល្ងឹ​ត​ល្ងង់​ថែមទៀត​។​

​លោក​វេជ្ជបណ្ឌិត ចន្ទ វិ​ឌ្ឍី​ណា​វុ​ធ ប្រធាន​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន ម​ង្ក​ល​បូរី​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា ៖ លោក​បាន​នៅក្រៅ​សមត្ថកិច្ច​ស៊ើប​អ​ង្កេ ព្រោះ​ក្នុងពេល​កើត​ករណីនេះ លោក​ជាប់​បេស​សសកម្ម​ទៅ​ខេត្តកំពង់ចាម​។​
​ទោះយ៉ាងណា​លោក​សូម​រំលែក​ទុក្ខ សោកស្តាយ​ចំពោះ​ជនរងគ្រោះ​និង​ក្រុមគ្រួសារ​។ ជាងនេះទៅទៀត លោក​ក៏​ឈឺចិត្ត​ដែល​រឿង​បែបនេះ​បាន​កើតឡើង​ក្នុង​មន្ទីរពេទ្យ ដែល​បាននិងកំពុង​ខិតខំ​ផ្តល់​សេវា​សុខភាព និង​កសាងបាន​ស្នាដៃ​ល្អ​មួយ​នេះ ។

​ចំណែក​គ្រូពេទ្យ ពេទ្យឆ្មប ដែល​ទួល​ខុសត្រូវ​អំឡុង​ស្ត្រី​រងគ្រោះ​ទៅ​សម្រាលកូន កាសែត​រស្មី​កម្ពុជា​ព្យាយាម​សុំ​ការបំភ្លឺ ប៉ុន្តែ​ពួកគាត់​មិន​សហការ​ឡើយ​។ ស្រដៀង​គ្នា​ដែរ លោក​ច​ក្ចុ​បណ្ឌិត ទុ បារាំង ប្រធានស្តីទី​មន្ទីរពេទ្យ​នេះ ក៏​មិនអាច​បំភ្លឺ​បាន ដូច​លោក ឡេ ច័ន្ទ​សង្វាត អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ ដែល​ដឹកនាំ​មន្ត្រី​អធិការកិច្ច​សុខាភិបាល​ចុះ​អង្កេត​ករណី​នេះដែរ​។​

​ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត កែវ សុ​ភ័​ក្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​ក​ម្ពូ​ជា​ថា កំហុស​នាំ​ឲ្យ​ស្លាប់​ស្ត្រី​និង​ទារក​នេះ ជា​កំហុស​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ ពេទ្យឆ្មប និង​អ្នក​គ្រប់​គ្រង់​តាម​ផ្នែក និង​កម្រិត​នៃ​មន្ទីរពេទ្យ​នេះ​។ ហើយ​ការពិត​ឬអ្វីៗ គឺ​ដូច​ស្ត្រី​ជា​ម្តាយ​នៃ​ស្ត្រី​រងគ្រោះ​បាន​និយាយ​ក្នុង​បណ្តាញ​សង្គម ដែលថា ពេទ្យ​ទារលុយ​ហិរញ្ញប្បទាន​មុន ពិនិត្យ​ព្យាបាល វះកាត់​។ ហើយ​ពេទ្យ​ថា អត់​ឈាម​តែម្តង បើសិនជា​ត្រូវ​វះកាត់​មែន​នោះ​។​

​លោក​បន្តថា ករណីនេះ អ្នកជំងឺ​រងគ្រោះ​និង​ម្តាយ​ជនរងគ្រោះ ក៏មាន​កំហុស​ដែរ តែ​តិចជាង​គ្រូពេទ្យ​ទេ ព្រោះ​អ្នកជំងឺ​ស្ថិត​គ្រាអាសន្ន ហើយ​ល្ងឹ​ត​ល្ងង់​និង​ក្រីក្រ​ទៀត​។ ដូច្នេះ ការសម្រេច​ជោគវាសនា​ស្ថិត​លើ​គ្រួ​ពេទ្យ​ហ្នឹងឯង​។
​ពោលគឺ​បើ​កុំ​តែ​អោយ​អ្នកជំងឺ​ចេញពី​មន្ទីរពេទ្យ​ក្នុងស្ថានភាព​គ្រោះថ្នាក់ ហើយ​ដឹក​តាម​ឡាន​ឈ្នួល​ដែល​ខុស​គោលការណ៍ ទោះជា​អ្នកជំងឺ​ស្លាប់​ក្នុង​មន្ទីរពេទ្យ​ដែល​ពិនិត្យ ព្យាបាល វះកាត់​ដោយ​យកចិត្តទុកដាក់ ក៏​ល្អមើល​និង​អស់ចិត្ត​ដែរ​។​

​យោង​ប្រភពពី​មន្ទីរ​សុខាភិបាល​ខេត្ត និង​សាលាខេត្ត​បន្ទាយមានជ័យ ឲ្យ​កាសែត​រស្មី​កម្ពុជា​ថា របាយការណ៍​អធិការកិច្ច​រឿងនេះ បាន​បញ្ជូន​ដល់​ក្រសួងសុខាភិបាល​ហើយ ដើម្បី​សុំ​សេចក្តីសម្រេច​ផ្នែក​បច្ចេកទេស​។ ហើយក៏​បញ្ជូន​ដល់​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ ដើម្បី​សម្រេច​ខាង​ការដក​ឬ​ដាក់​មន្ត្រី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម