បុរស​ថៃ​សុខចិត្ត​រងារ​ស្លាប់ ក្រោយ​ពី​ផ្តល់​ភួយ​ទាំងអស់​អោយ​កូន​ដណ្តប់​

507
ចែករម្លែក

ទឹកចិត្ត​ឪពុក​ដើម្បី​អោយ​កូនស្រី​បាន​កក់ក្តៅ​នៅពេល​យប់ បែរ​ជា​នាំមក​សោកនាដកម្ម​ដោយសារ​បុរស​ជា​ឪពុក​បាន​ត្រជាក់​ដល់​ស្លាប់​ក្នុង​អាកាសធាតុ​ក្រោម​១០​អង្សា​សេ​​នា​រដូវរងារ នា​ភាគ​ឦសាន​ថៃ​។​

​សារព័ត៌មាន​ថៃ​បាន​និយាយថា​បុរស​ឈ្មោះ ប្រា​សាន ហូ​មថង អាយុ​៣៨​ឆ្នាំ​ត្រូវបាន​ប្រទះឃើញ​ស្លាប់​កាលពី​ព្រឹក​ថ្ងៃ​០៧​ធ្នូ​នៅ​ពេល​គាត់​មិនបាន​ឆ្លើយតប​នឹង​ការ​ដាស់​អោយ​ភ្ញាក់​​ពី​កូន​។​

​សីតុណ្ហភាព​នៅក្នុង​ខេត្ត បឹង កាន នៅ​ថៃ​ភាគ​ឦសាន បាន​ធ្លាក់ចុះ​ដល់​៩​អង្សា​សេ​នៅពេល​យប់​កើតហេតុ​។​

​សារព័ត៌មាន​បាន​អោយ​ដឹងថា ផ្ទះ​មួយ​ជាន់​របស់​ហូ​មថង​នៅក្នុង​ខេត្ត​ខាងលើ​នៅ​មិនទាន់​សង់​រួចរាល់ ដោយ​នៅ​ខ្វះ​បង្អួច ទ្វារ​និង​ជញ្ជាំង​ជាន់​លើ​។ ផ្ទះ​នេះ​មាន​ភួយ​ចំនួន​៣ ​តែ​ហូ​មថង គិតថា​ខ្លួនឯង​ចាស់​អាច​ទប់ទល់​នឹង​អាកាសធាតុ​ត្រជាក់​បាន ហើយ​ក៏​អោយ​ភួយ​ទាំងអស់​ទៅ​កូន​និង​ខ្លួនឯង​ដេក​លើ​កន្ទេល​ដោយ​ពាក់​តែ​ខោខ្លី​និង​អាវដៃវែង​​មួយ​។​

​កូនស្រី​នៅ​ពាក់កណ្តាល​យប់​បាន​យក​ភួយ​មួយ​ទៅ​ដណ្តប់​អោយ​ឪពុក​និង​ឃើញ​ឪពុក​ខ្លួន​រួញ​ខ្លួន​ដោយសារ​រងារ និង​ព្រឹក​ឡើង​បាន​ស្លាប់​។​

​គ្រូពេទ្យ​ពិនិត្យ​សាកសព​បាន​និយាយថា លោក​ប្រា​សាន ហូ​មថង បាន​ស្លាប់​ដោយសារ​រាងកាយ​គាត់​មិន​អាច​ទប់​នឹង​អាកាសធាតុ​ត្រជាក់​នៅពេល​យប់​។​

​តាមពិត ប្រា​សាន ហូ​មថង ដែល​ជា​បុរស​ពោះម៉ាយ ក៏​មាន​កូនស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​ទៀត តែ​នៅ​យប់កើតហេតុ កូនស្រី​ច្បង​នេះ​នៅ​ឯ​ផ្ទះ​បងប្អូន​ឯណោះ​។​

​សូម​រំលឹក​ថា កាលពី​ឆ្នាំ​២០១៧ បុរស​ម្នាក់​នៅ​ខេត្ត ឆៃយ៉ា​ភូមិ បាន​ស្លាប់​ដោយ​ការខ្វះ​កំដៅ ក្រោយ​ពី​ដេក​ក្រោម​ខ្យល់​កង្ហា​រហើយ​សីតុណ្ហភាព​កាន់តែ​ចុះ​ត្រជាក់​នៅពេល​យប់​។​

​ក្នុងពេល​ជាមួយគ្នា នាយកដ្ឋាន​ឧតុនិយម​ថៃ បាន​ព្យាករណ៍​ថា​សីតុណ្ហភាព​នៅ​ភាគ​ខាងជើង​និង​ឦសាន​ប្រទេស​នឹង​មាន​រង្វង់​១៦​ទៅ​២២​អង្សា​សេ​និង​៦​ទៅ​១២​អង្សា​សេ​នៅ​​តំបន់ភ្នំ​៕​ដោយ​៖​វាសនា​