មេទ័ព​ជើងគោក​សំណូមពរ​ដល់​សហព័ន្ធ​យុទ្ធ​គុន​បុរាណ​ខ្មែរ​បង្ហាត់​ក្បាច់គុន​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​

665
ចែករម្លែក
មេទ័ព​ជើងគោក​សំណូមពរ​ដល់​សហព័ន្ធ​យុទ្ធ​គុន​បុរាណ​ខ្មែរ​បង្ហាត់​ក្បាច់គុន​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​សំណូមពរ​ដល់​សហព័ន្ធ​យុទ្ធ​គុន​បុរាណ​ខ្មែរ​ទាំងបី បន្ត​កិច្ចសហការ​ជួយ​បង្ហាត់បង្រៀន​ក្បាច់គុន​កងយោធពល​ខេ​មរ ភូមិន្ទ​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​បណ្តា​គ្រឹះស្ថានសិក្សា​នានា​នៅ​ទូទាំងប្រទេស​ហើយ​សូម​ប្រើប្រាស់​សៀវភៅ​ឯកសារ​ក្បាច់គុន​កងយោធពល​ខេមរភូមិន្ទ​ដែល​ត្រូវបាន​សំយោគ​ចងក្រង​ឡើងមក​នេះ​ជា​មូលដ្ឋានគ្រឹះ​ជា​បទដ្ឋាន​រួម​ក្នុងការ​ហ្វឹកហាត់​ដើម្បី​ធានាបាន​នូវ​និរន្តរភាព និង​ឯកភាព​ក្នុងការ​ហ្វឹកហាត់​ក្បាច់គុន​នេះ​។​

​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​គ្រូ​បង្គោល​ក្បាច់គុន​កងយោធពល​ខេមរភូមិន្ទ​

​សំណូមពរ​នេះ បានធ្វើ​ឡើង​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​គ្រូ​បង្គោល​ក្បាច់គុន​កងយោធពល​ខេមរភូមិន្ទ ជំនា​ន់ទី​១ នៅ​ទីលាន​បាញ់​ស៊ី​ប​របស់​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម ចំការ​ស្វាយ​គិរី​រម្យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៩​។​


​លោក​បន្តថា ការ​ដំណើរការ​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​គ្រូ​បង្គោល​ក្បាច់គុន​កងយោធពល​ខេមរភូមិន្ទ ជំនា​ន់ទី​១ រហូត​ឈានដល់​ការបិទ​វគ្គ​ហ្វឹកហ្វឺន​នា​ថ្ងៃនេះ គឺជា​ការអនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ នូវ​គោលការណ៍​របស់​ក្រសួងការពារជាតិ និង​ផែនការ​ហ្វឹកហ្វឺន​របស់​អគ្គបញ្ជាការដ្ឋាន ក្នុងការ​ផ្សព្វផ្សាយ និង​រៀបចំ​ដាក់ឱ្យ​ដំណើរការ​កម្មវិធី​ហ្វឹកហាត់​ក្បាច់គុន​កងយោធពល​ខេមរភូមិន្ទ និង​ក៏​ជា​ផ្នែក​មួយ​នៃ​ការរួបរួម​សាមគ្គី​រប​ស់​ថ្នាក់ដឹកនាំ​គ្រប់​ស្ថាប័ន របស់​មេបញ្ជាការ​គ្រប់​បណ្តា​កងឯកភាព ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ការប្តេជ្ញាចិត្ត និង​មោទនភាព​ក្នុងការ​ប្រែក្លាយ​ទស្សនវិស័យ​ឱ្យទៅជា​សកម្មភាព​ជាក់ស្តែង ធ្វើឱ្យ​សៀវភៅ​ឯកសារ​ក្បាច់គុន​កងយោធពល​ខេមរភូមិន្ទ ក្លាយទៅជា​ឯកសារ​រស់​រវើក ជាពិសេស​ធ្វើឱ្យ​ចក្ខុវិស័យ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្លាយទៅជា​ការពិតជា​ជំហានៗ ដោយ យើង​បានចាប់ផ្តើម​ចាក់គ្រឹះ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ជំនា​ន់ទី​១ បន្ថែម​លើ​មូលដ្ឋាន​ឯកសារ​ដែល​យើង​បាន​ចងក្រង​រួចមកហើយ​។

​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​គ្រូ​បង្គោល​ក្បាច់គុន​កងយោធពល​ខេមរភូមិន្ទ​


​លោក​ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា នេះ​គឺជា​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត នៃ​ការងារ​ហ្វឹកហ្វឺន​របស់​កងយោធពល​ខេមរភូមិន្ទ ដែលជា​មោទនភាព​របស់​កូន​ខ្មែរ កើតឡើង​ពី​ការរួម​គ្នា​របស់​បុព្វបុរស​ខ្មែរ​ក្នុងការ​ចងក្រង​បទពិសោធន៍​ជា​ក្បួន​ប្រយុទ្ធ​, ការរួម​គ្នា​របស់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ដើម្បី​ស្រាវជ្រាវ​ចងក្រង​សំយោគ​ឡើងវិញ​, និង​ការរួម​គ្នា​របស់​កងក​ម្លាំ​ង​ប្រដាប់អាវុធ​យើង​ក្នុង​ចាប់ផ្តើម​ហ្វឹកហាត់​, ប្រើប្រាស់ ហើយ​យើង​នឹង​រួបរួមគ្នា​បន្ត​អភិវឌ្ឍ​ទៅមុខទៀត សម្រាប់​កូន​ខ្មែរ និង​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ​គ្រប់ៗ​ជំនាន់​។


​លោក​បាន​លើកឡើងថា សៀវភៅ​ក្បាច់គុណ​កងយោធពល​ខេមរភូមិន្ទ គឺជា​ឯកសារ​មូលដ្ឋានគ្រឹះ​នៃ​មេរៀន​ក្បាច់គុន​កងយោធពល​ខេមរភូមិន្ទ កើតឡើង​ក្រោម​ចក្ខុវិស័យ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដោយ​ធ្វើ​សំយោគ​ពី​ក្បាច់គុន​បុរាណ​របស់​បុព្វបុរស​ខ្មែរ ក្រោម​កិច្ចសហការ​រវាង​កង​យោធពលខេមរភូមិន្ទ ជាមួយនឹង​សហព័ន្ធ​យុទ្ធ​គុន​បុរាណ​ខ្មែរ​ទាំងបី គឺ​សហព័ន្ធ​កី​ទ្បា​គុន​ល្បុកតោ​កម្ពុជា សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​សហព័ន្ធ​យុទ្ធ​ក្រម​ខម​កម្ពុជា​។ សៀវភៅ​ក្បាច់គុន​នេះ ជា​ឯកសារ​ហ្វឹកហ្វឺន​ពិសេស​មួយ ខុសពី​ឯកសារ​យុទ្ធវិធី​ដទៃទៀត​ត្រង់​ថា ខ្លឹមសារ​សៀវភៅ​នេះ​ពុំមាន​ធាតុ​ផ្សំ​ពី​បរទេស​នោះឡើយ គឺ​កើតឡើង​ពី​ការខិតខំ​រៀបចំ​ចងក្រង​ដោយ​កូន​ខ្មែរ​សុទ្ធសាធ តាមរយៈ​ការប្រមូលផ្តុំ​ឯកសារ​បុរាណ និង​សិល្បៈ​ប្រយុទ្ធ​ដែល​បន្សល់ទុក​ដោយ​បុព្វបុរស​ខ្មែរ​យើង​។​

​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​គ្រូ​បង្គោល​ក្បាច់គុន​កងយោធពល​ខេមរភូមិន្ទ​


​មេបញ្ជាការ​កងទ័ពជើងគោក បាន​បន្តទៀតថា ទស្សនវិជ្ជា​នៃ​ក្បាច់គុន គឺ​បង្រៀន​ឱ្យ​អ្នកចេះ​ក្បាច់គុន​ពិតប្រាកដ​ប្រព្រឹត្ត​ខ្លួន​ជា​មនុស្ស​ប្រកបដោយ​វិន័យ និង​គុណធម៌​ថ្លៃថ្នូរ​។ ចំពោះ កងយោធពល​ខេមរភូមិន្ទ ការហ្វឹកហាត់​ក្បាច់គុន​បុរាណ​ខ្មែរ ដោយ​ផ្អែកលើ​មូលដ្ឋាន​ឯកសារ ដែល​បាន​ចងក្រង​ឡើងមក​នេះ គឺ​មិន​ត្រឹមតែ​ពង្រឹង​បាន​នូវ​សមត្ថភាព​ប្រើប្រាស់​យុទ្ធវិធី រួមផ្សំ​ជាមួយ​ក្បាច់គុន​ក្នុងការ​បំពេញភារកិច្ច​ការពារ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី ស័ក្តិ​សមជា​ឆ្អឹងខ្នង​ដ៏​រឹងមាំ​នៃ​ខឿន​ការពារជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ធ្វើឱ្យ​ក្បាច់គុន​បុរាណ​របស់​បុព្វបុរស​រស់​រាន​មានជីវិត​ឡើងវិញ និង​បង្កើតបានជា​អត្តសញ្ញាណ​ជាតិ និង​អត្ត​សញ្ញា​វប្បធម៌​សម្រាប់​កងយោធពល​ខេមរភូមិន្ទ​យើង​។ កងយោធពល​ខេមរភូមិន្ទ នៅតែ​ចាត់ទុក​វិស័យ​ហ្វឹកហ្វឺន គឺជា​ការងារ​ដ៏​មាន​សារៈសំខាន់​ចាំបាច់ ដើម្បី​ឆ្លើយតប​ទៅនឹង​ការបន្ត​អនុវត្ត​ផែនការ​កែទម្រង់​កងយោធពល​ខេមរភូមិន្ទ​។ វគ្គ​ហ្វឹកហ្វឺន​ដែល​កំពុងដំណើរការ​បិទ​នាពេលនេះ ពិតជា​បាន​ឆ្លើយតប​នឹង​តម្រូវការ​ចំ​បាច់​ចំពោះមុខ​ក្នុង​ការកសាង​ធនធានមនុស្ស​ជា​គ្រូ​បង្គោល​ក្បាច់គុន​កងយោធពល​ខេមរភូមិន្ទ បម្រើឱ្យ​ការបំពេញភារកិច្ច​បណ្តុះ​បណ្តាល​បន្ត​នៅតាម​បណ្តា​សាលា​ហ្វឹកហ្វឺន និង​គ្រប់​បណ្តា​កងឯកភាព​ក្នុង​កងយោធពល​ខេ​រម​ភូមិន្ទ​។ ជោគជ័យ​នៃ​វគ្គ​ហ្វឹកហ្វឺន​នេះ ក៏បាន​ឆ្លុះបញ្ចាំង​ផងដែរ​អំពី​ការប្តេជ្ញាចិត្ត​ប្រឹងប្រែង​បំពេញ​តួនាទី​យ៉ាងសកម្ម និង​ការ​សាមគ្គី​សហការ​ជា​ធ្លុង​មួយ​រវាង​កងយោធពល​ខេមរភូមិន្ទ និង​កង​នគរបាលជាតិ រួម​ជាមួយនឹង​សហព័ន្ធ​យុទ្ធ​គុន​បុរាណ​ខ្មែរ ក្នុង​បុព្វហេតុ​កសាង​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ​កម្ពុជា ឱ្យមាន​រាយ​កាយ​រឹងមាំ ប្រាជ្ញា​ស្មារតី​ភ្លឺ​ថ្លា សមត្ថភាព​ពេញលេញ និង​ប្រកបដោយ​វិជ្ជាជីវៈ សំដៅ​ធានាបាន​នូវ​ប្រសិទ្ធភាព​នៃ​កិច្ច​ការពារជាតិ​មាតុភូមិ និង​ប្រជាជន​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម