បវរកញ្ញា​មី​យ៉ាន់​ម៉ា​ចូលរួម​ការប្រឡង​បវរកញ្ញា​ចក្រវាល​នៅ​អាម៉េរិក តាម​ពិតជា​មនុស្ស​ភេទ​ទី​បី​

596
ចែករម្លែក

​ខណៈ​បវរកញ្ញា​អាហ្វ្រិក​ខាងត្បូង​ដណ្តើមបាន​មកុដ​កញ្ញាឯក​នៅ​ការប្រកួត​បវរកញ្ញា​ច​ក្រ​វាលកាល​ពីថ្ងៃ​អាទិត្យ​ទី​៨​ធ្នូ បវរកញ្ញា​មី​យ៉ាន់​ម៉ា​បាន​ទម្លាយ​ដំណឹង​អំពី​ខ្លួន​នាង​ឱ្យ​គ្រប់គ្នា​បានដឹង​។ តាមពិត នាង​គឺជា​មនុស្ស​ភេទ​ទី​បី​ដំបូង​គេ​បង្អស់ ដែល​បាន​ចូលរួម​ប្រឡង​បវរកញ្ញា​ចក្រវាល​។

​នាង ស្វេ ស៊ីន ថេត អាយុ​២១ ឆ្នាំ​បានប្រកាស​ជា​សាធារណៈ​បែបនេះ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុនពេល​ឡើង​ឆាក​នៅ​ស្ទូ​ឌី​យ៉ូ​ថៃ​ល័​រ​ភើ​រី​ក្នុង​ទីក្រុង​អា​ត្ល​ង់​តា រដ្ឋ​ច​ច​ចា កាលពី​ថ្ងៃទី​៨​ធ្នូ​។

​ហើយ​ឥឡូវនេះ នាង​បាន​ប្រើប្រាស់​វត្តមាន​របស់​នា​ង​នៅក្នុង​ការប្រឡង​បវរកញ្ញា​ចក្រវាល​ដើម្បី​ជួយ​ដល់​សហគមន៍ LGBTQ (​ស្រឡាញ់​ភេទ​ដូចគ្នា​) ជាពិសេស​នៅ​មាតុភូមិ​មី​យ៉ាន់​ម៉ា​របស់​នាង កន្លែង​ដែល​ការស្រឡាញ់​ភេទ​ដូចគ្នា​គឺជា​អំពើ​ខុសច្បាប់​។

​នាង​ថេត ដែល​គ្រង​មកុដ​បវរកញ្ញា​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃទី​៣១​ឧសភា លាតត្រដាង​ថា​នាង​ជាម​នុស្ស​ស្រី​ខ្ទើយ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​វេ​ប​សាយ​សម្រស់ Missosology គឺ​មួយ​សប្តាហ៍​មុនពេល​ការប្រឡង​បវរកញ្ញា​ចក្រវាល​ផ្តាច់ព្រ័ត្រ​ចូលមក​ដល់​។

​នាង​បាន​និយាយថា “​ខ្ញុំ​បានដឹង​អំពី​ទំនោរ​ផ្លូវភេទ​របស់ខ្ញុំ​ជា​យូរ​មកហើយ​។ ខ្ញុំ​បានដឹងថា​ខ្ញុំ​គឺ​ស្ថិតក្នុង​ចំណោម​ពួកគេ (​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​) តាំងពី​ឆ្នាំ​២០១៥”​។

​នាង​និយាយថា ការប្រកាស​ជា​សាធារណៈ​បែបនេះ​មិនមែនជា​រឿង​ងាយស្រួល​ទេ ប៉ុន្តែ​នាង​ចង់​ប្រើ​ឱកាស​ឡើង​ឆាក​បវរកញ្ញា​ចក្រវាល​ដើម្បី​ជួយ​ដល់​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​មី​យ៉ាន់​ម៉ា​។

​នាង​បាន​និយាយថា “​វា​ជាការ​ប្រឈម​ខ្លាំង​មែនទែន​សម្រាប់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មាន​សំឡេង​អស្ចារ្យ​ជាង​ពួកគេ​និង​ស្ថាន​ភាពល្អ​ជាង​ពួកគេ​ដើម្បី​លើកកម្ពស់​បុព្វហេតុ​នេះ​។ អ្នកគាំទ្រ​បវរកញ្ញា​ខ្លះ​បានដឹង​អំពី​រឿងនេះ ហើយ​ពួកគេ​នៅតែ​គាំទ្រ​រូបខ្ញុំ ប៉ុន្តែ​នេះ​ជា​លើកដំបូង​ដែល​ខ្ញុំ​អាច​និយាយ​អំពី​រឿងនេះ​ជា​សាធារណៈ​។ ខ្ញុំ​ជឿថា​គ្រប់​ប្រទេស​ទាំងអស់​មិនមែន​សុទ្ធតែ​អនុញ្ញាត​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​នោះទេ​។ ខ្ញុំ​ចង់ឱ្យ​ពិភពលោក​ទទួល​យកស​ហគ​មន៍​ស្រឡាញ់​ភេទ​ដូចគ្នា​និង​សិទ្ធិ​របស់​ពួកគេ​ក្នុងការ​ជ្រើសរើស​វិថី​និង​ស្វែងរក​សុភមង្គល​ដោយ​ខ្លួនឯង​”៕ ដោយ៖កញ្ញាដាលីស

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ