រុស្ស៊ី មាន​ផែនកា​រដាក់​កាំ​ជ្រួច S-400 នៅ​អាកទិច​

466
ចែករម្លែក

​មេបញ្ជាការ​កងទ័ពជើងទឹក​រុស្ស៊ី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៩​ធ្នូ​ថា​រុស្ស៊ី​មាន​ផែនការ​ដំឡើង​«​ដោ​ម​»​ការពារ​អាកាស​នៅ​ទូទាំង​តំបន់​ប៉ូល​របស់​ខ្លួន​ដោយ​បំពាក់​អោយ​បណ្តា​​កងពល​នៃ​កង​នាវា​ខាងជើង​របស់ខ្លួន​នូវ​ទម្រ​បាញ់​កាំជ្រួច​ធុន​S-400​។​

​រុស្ស៊ី បាននិងកំពុង​បង្កើន​វត្តមាន​យោធា​របស់​ខ្លួន​នៅ​តំបន់​អាកទិច ដោយ​ស្ថាបនា​ហេដ្ឋារចនាសម្ពន្ធ​ថ្មីៗ និង​ជួសជុល​កំពង់ផែ​របស់​ខ្លួន នៅ​ពេល​ប្រទេស​នេះ​សម្លឹង​ទៅរក​ការ​​បង្កើត​ឧត្តមភាព​យោធា​នៅ​ក្នុង​តំបន់​ដែល​មាន​ធនធាន​ធម្មជាតិ​ដ៏​សម្បើម ចំ​ពេល​អាកាសធាតុ​កាន់តែ​ក្តៅ​នាំ​អោយ​ទឹកកក​កាន់តែ​រលាយ​។​

​ប្រទេស​ផ្សេងៗ​ទៀត​ក៏​កំពុង​ប្រវេប្រវា​បង្កើន​វត្តមានរ​បស់​ខ្លួន​នៅ​អាកទិច ជាហេតុ​នាំ​អោយ​មាន​ការ​ព្រួយបារម្ភ​អំពី​ការប្រកួតប្រជែង​អំពី​ភូមិសាស្ត្រ​នយោបាយ​កាន់តែខ្លាំង​។​​កាលពី​ខែ​ឧសភា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​(​អាម៉េរិក​)​បាន​ចោទប្រកាន់​រុស្ស៊ី​ថា​បង្ហាញ​ចរិត​ឈ្លានពាន​នៅ​តំបន់​អាកទិច និង​បាន​និយាយ​ថា​អំពើ​របស់​ចិន​នៅក្នុង​តំបន់​​នោះ​គួរ​ត្រូវ​តាមដាន​អោយ​ដិតដល់​។​

​រុស្ស៊ី កាលពី​ខែ​កញ្ញា បាន​បញ្ជូន​ប្រព័ន្ធ​កាំ​ជ្រួច S-400​របស់​ខ្លួន​ទៅ​កាន់​កម្រង​កោះ​ណូវ៉ា​យ៉ា ហ្សេម​យ៉ា នៅ​ចុង​ខាងជើង និង​មេបញ្ជាការ​កង​នាវា​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​​រុស្ស៊ី​ក៏​នឹង​ធ្វើ​ការបញ្ជូន​យុទ្ធោបករណ៍​ស្រដៀង​គ្នា​ទៅ​កាន់​តំបន់​អាកទិច​។​

​ឧត្តមនាវី​រង លោក​អា​ឡិច​ស៊ី ម៉​យ​សេ​យេ​វ បាន​និយាយថា​«​ផែនការ​នេះ​គឺ​បំពាក់​អោយ​គ្រប់​កងពល​របស់​យើង​នូវ​ទម្រ​បាញ់​កាំជ្រួច​S-400 នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ដោយ​បង្កើយ​​ដោម​ការពារ​អាកាស​នៅ​ទូទាំង​អាកទិច​របស់​រុស្ស៊ី​។​នេះ​មានន័យថា អាកទិច​នឹង​ត្រូវការ​ពារ​ពី​ការវាយប្រហារ​តាម​ផ្លូវអាកាស​របស់​ស​ត្រូវ មិន​ថា​យន្តហោះ កាំជ្រួច​បណ្តែត​ឬ​កាំ​ជ្រួច​​ផ្លោង​ទេ​»៕​ដោយ​៖​វាសនា​

​រុស្ស៊ី​មាន​ផែនការ​ដាក់​កាំជ្រួច​S-400​នៅ​ទូទាំង​អា​កទិច ដោយ​បង្កើត​ជា​ដោម​ការពារ​ប្រឆាំងនឹង​ការវាយប្រហារ​ពី​យន្តហោះ​ឬ​កាំជ្រួច​នៅ​ពេល​ប្រទេស​ជាច្រើន​កំពុងដណ្តើម​​កាន់កាប់​តំបន់​សំបូរ​ធនធាន​រ៉ែ ដែល​មិន​ទាន់​ត្រូវបាន​ធ្វើ​អាជីវកម្ម​នេះ​

ទីតាំងផ្សាយពាណិជ្ជកម្ម