មេទ័ព​ជើងគោក​ស្នើ​ដល់​សហព័ន្ធ​យុទ្ធ​គុន​បុរាណ​ខ្មែរ​បង្ហាត់​ក្បាច់គុន​ក្នុង​កងកម្លាំងប្រដាប់អាវុធ​

289
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក​បាន​សំណូមពរ​ដល់​សហព័ន្ធ​យុទ្ធ​គុន​បុរាណ​ខ្មែរ​ទាំងបី​បន្ត​កិច្ចសហការ​ជួយ​បង្ហាត់បង្រៀន​ក្បាច់គុន​កងយោធពល​ខេមរភូមិន្ទ​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​។​
​ជាមួយ​នោះ​មាន​បណ្តា​គ្រឹះស្ថានសិក្សា​នានា​នៅ​ទូទាំងប្រទេស​ហើយ​សូម​ប្រើប្រាស់​សៀវភៅ​ឯកសារ​ក្បាច់គុន​កងយោធពល​ខេមរភូមិន្ទ​ដែល​ត្រូវបាន​សំយោគ​ចងក្រង​ឡើងមក​នេះ​ជា​មូលដ្ឋានគ្រឹះ​ជា​បទដ្ឋាន​រួម​ក្នុងការ​ហ្វឹកហាត់​ដើម្បី​ធានាបាន​នូវ​និរន្តរភាព​និង​ឯកភាព​ក្នុងការ​ហ្វឹកហាត់​ក្បាច់គុន​នេះ​។​

​ការ​សំណូមពរ​នេះ​បាន​ធ្វើឡើង​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​គ្រូ​បង្គោល​ក្បាច់គុន​កងយោធពល​ខេមរភូមិន្ទ ជំនា​ន់ទី​១​នៅ​ទីលាន​បាញ់​ស៊ី​ប​របស់​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម ចំការ​ស្វាយ​គិរី​រម្យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៩​។​

​លោក​បន្តថា ការ​ដំណើរការ​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​គ្រូ​បង្គោល​ក្បាច់គុន​កងយោធពល​ខេមរភូមិន្ទ ជំនា​ន់ទី​១​រហូត​ឈានដល់​ការបិទ​វគ្គ​ហ្វឹកហ្វឺន​នា​ថ្ងៃនេះ​គឺជា​ការអនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​នូវ​គោលការណ៍​របស់​ក្រសួងការពារជាតិ​និង​ផែនការ​ហ្វឹកហ្វឺន​របស់​អគ្គបញ្ជាការដ្ឋាន​ក្នុងការ​ផ្សព្វផ្សាយ​។​
​លោក​ហ៊ុន​ម៉ា​ណែ​ត​បាន​បញ្ជាក់ថា​នេះ​គឺជា​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​នៃ​ការងារ​ហ្វឹកហ្វឺន​របស់​កងយោធពល​ខេមរភូមិន្ទ​ដែលជា​មោទនភាព​របស់​កូន​ខ្មែរ​កើតឡើង​ពី​ការរួម​គ្នា​របស់​បុព្វបុរស​ខ្មែរ​ក្នុងការ​ចងក្រង​បទពិសោធន៍​ជា​ក្បួន​ប្រយុទ្ធ​,​ការរួម​គ្នា​របស់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ដើម្បី​ស្រាវជ្រាវ​ចងក្រង​សំយោគ​ឡើងវិញ​។​ការរួម​គ្នា​របស់​កង​កម្លាំងប្រដាប់អាវុធ​យើង​ក្នុង​ចាប់ផ្តើម​ហ្វឹកហាត់​, ប្រើប្រាស់ ហើយ​យើង​នឹង​រួបរួមគ្នា​បន្ត​អភិវឌ្ឍ​ទៅមុខទៀត​សម្រាប់​កូន​ខ្មែរ​និង​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ​គ្រប់ៗ​ជំនាន់​។

​លោក​ហ៊ុន​ម៉ា​ណែ​ត​បាន​លើកឡើងថា​សៀវភៅ​ក្បាច់គុណ​កងយោធពល​ខេមរភូមិន្ទ​គឺជា​ឯកសារ​មូលដ្ឋានគ្រឹះ​នៃ​មេរៀន​ក្បាច់គុន​កងយោធពល​ខេមរភូមិន្ទ​កើតឡើង​ក្រោម​ចក្ខុវិស័យ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដោយ​ធ្វើ​សំយោគ​ពី​ក្បាច់គុន​បុរាណ​របស់​បុព្វបុរស​ខ្មែរ​។ ក្រោម​កិច្ចសហការ​រវាង​កង​យោធពលខេមរភូមិន្ទ​ជាមួយនឹង​សហព័ន្ធ​យុទ្ធ​គុន​បុរាណ​ខ្មែរ​ទាំងបី គឺ​សហព័ន្ធ​កី​ទ្បា​គុន​ល្បុកតោ​កម្ពុជា សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​សហព័ន្ធ​យុទ្ធ​ក្រម​ខម​កម្ពុជា​។

​សៀវភៅ​ក្បាច់គុន​នេះ ជា​ឯកសារ​ហ្វឹកហ្វឺន​ពិសេស​មួយ ខុសពី​ឯកសារ​យុទ្ធវិធី​ដទៃទៀត​ត្រង់​ថា ខ្លឹមសារ​សៀវភៅ​នេះ​ពុំមាន​ធាតុ​ផ្សំ​ពី​បរទេស​នោះឡើយ​គឺ​កើតឡើង​ពី​ការខិតខំ​រៀបចំ​ចងក្រង​ដោយ​កូន​ខ្មែរ​សុទ្ធសាធ​តាមរយៈ​ការប្រមូលផ្តុំ​ឯកសារ​បុរាណ​និង​សិល្បៈ​ប្រយុទ្ធ​ដែល​បន្សល់ទុក​ដោយ​បុព្វបុរស​ខ្មែរ​យើង​។​

​កងយោធពល​ខេមរភូមិន្ទ​នៅតែ​ចាត់ទុក​វិស័យ​ហ្វឹកហ្វឺន​គឺជា​ការងារ​ដ៏​មាន​សារៈសំខាន់​ចាំបាច់ ដើម្បី​ឆ្លើយតប​ទៅនឹង​ការបន្ត​អនុវត្ត​ផែនការ​កែទម្រង់​កងយោធពល​ខេមរភូមិន្ទ​។​វគ្គ​ហ្វឹកហ្វឺន​ដែល​កំពុងដំណើរការ​បិទ​នាពេលនេះ​ពិតជា​បាន​ឆ្លើយតប​នឹង​តម្រូវការ​ចំ​បាច់​ចំពោះមុខ​ក្នុងការ​កសាង​ធនធានមនុស្ស​ជា​គ្រូ​បង្គោល​ក្បាច់គុន​កងយោធពល​ខេមរភូមិន្ទ​បម្រើឱ្យ​ការបំពេញភារកិច្ច​បណ្តុះ​បណ្តាល​បន្ត​នៅតាម​បណ្តា​សាលា​ហ្វឹកហ្វឺន និង​គ្រប់​បណ្តា​កងឯកភាព​ក្នុង​កងយោធពល​ខេ​រម​ភូមិន្ទ​។

​ជោគជ័យ​នៃ​វគ្គ​ហ្វឹកហ្វឺន​នេះ​ក៏បាន​ឆ្លុះបញ្ចាំង​ផងដែរ​អំពី​ការប្តេជ្ញាចិត្ត​ប្រឹងប្រែង​បំពេញ​តួនាទី​យ៉ាងសកម្ម​និង​ការ​សាមគ្គី​សហការ​ជា​ធ្លុង​មួយ​រវាង​កងយោធពល​ខេមរភូមិន្ទ​និង​កង​នគរបាលជាតិ​រួម​ជាមួយនឹង​សហព័ន្ធ​យុទ្ធ​គុន​បុរាណ​ខ្មែរ​។​ក្នុង​បុព្វហេតុ​កសាង​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ​កម្ពុជា​ឱ្យមាន​រាយ​កាយ​រឹងមាំ​ប្រាជ្ញា​ស្មារតី​ភ្លឺ​ថ្លា​សមត្ថភាព​ពេញលេញ​និង​ប្រកបដោយ​វិជ្ជាជីវៈ សំដៅ​ធានាបាន​នូវ​ប្រសិទ្ធភាព​នៃ​កិច្ច​ការពារជាតិ​មាតុភូមិ និង​ប្រជាជន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម