យន្តហោះ​ទ័ពអាកាស​ឈី​លី​ដែល​មាន​មនុស្ស​ជិះ​៣៨​នាក់ បាន​ធ្លាក់​

306
ចែករម្លែក

​កងទ័ព​អាកាសឈី​លី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​យន្តហោះ​យោធា​ឈី​លី​មួយ​បាន​បាត់​ពី​ប្រព័ន្ធ​រ៉ា​ដា​កាលពី​ថ្ងៃ​ចន្ទ​។ ស្ថានភាព​អាសន្ន​ត្រូវបាន​ប្រកាស ហើយ​ក្រុម​ជួយសង្គ្រោះ បាន​ចាប់ផ្តើម​ធ្វើ​ការសង្គ្រោះ​។​

​សេចក្តីប្រកាស​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយថា “​កងទ័ព​អាកាសឈី​លី​បាន​រាយការណ៍​ថា យន្តហោះ C-130 Hercules នេះ​បាន​ហោះ​ឡើង នៅ​ម៉ោង​៤ និង ៥៥ នាទី ​នៅ​ល្ងាច​នៃ​ថ្ងៃ​ចន្ទ​ហើយ​បាន​បាត់​ការទាក់ទង​នៅវេលា​ម៉ោង​៦ និង​១៣ នាទី​ល្ងាច​នៅ​ថ្ងៃ​ដដែល​នោះ​។​

​យន្តហោះ​នេះ បាន​ដឹក​មនុស្ស​៣៨​នាក់ ដោយ​មាន​សមាជិក​អាកាសយានិក​១៧​នាក់​និង​អ្នកដំណើរ​២១​នាក់ នៅពេល​វា​បាន​ហោះ​ឡើង​និង​បាត់​ការទាក់ទង ហើយ​បន្តិច​​ក្រោយមក​កងទ័ពជើងទឹក​ឈី​លី បានបញ្ជាក់​ថា​យន្តហោះ​នេះ​បាន​ធ្លាក់​។​

​យន្តហោះ​នេះ បាន​កំពុងធ្វើដំណើរ​ចេញ​ពី​មូលដ្ឋាន​ទ័ពអាកាស​Chabunco​នៅ​ទីក្រុង​ពុ​នតា អា​រេ​ណាស​ភាគខាងត្បូង​នៃ​ប្រទេសឈី​លី​ឆ្ពោះទៅ​កាន់​មូលដ្ឋានទ័ព​អាកា​សមួយ ​នៅពេល​វា​បាន​ធ្លាក់ ទោះជា​យ៉ាងណា​គេ​នៅ​មិនទាន់​ដឹង​ជោគវាសនា​របស់​មនុស្ស​នៅក្នុង​យន្តហោះ​នៅឡើយ​ទេ ៕​ដោយ​៖​សុខា​/sn

យន្តហោះ​ប្រភេទ​C-130 Hercules ដែល​បាន​បាត់​ការទាក់ទង​ពេល​កំពុង​ធ្វើដំណើរ ត្រូវ​បាន​បញ្ជាក់​ថា​ធ្លាក់​