ហុងកុង​ត្រៀម​ប្រឈម​នឹង​ការបិទទ្វារ​អាជីវកម្ម​និង​ការបណ្តេញ​បុគ្គលិក​ច្រើន​បំផុត​មិន​ធ្លាប់មាន​ក្នុងពេល​៦​ខែ​ទៀត បើ​បាតុកម្ម​នៅតែ​បន្ត​

549
ចែករម្លែក

​ការងារ​ក្នុង​ផ្នែក​លក់រាយ​ច្រើនជាង ៥.៦០០ កន្លែង​អាច​នឹងត្រូវ​បាត់បង់ ហើយ​ហាង​រាប់ពាន់​នឹងត្រូវ​បិទទ្វារ​ក្នុង​រយៈពេល ៦ ខែ​ខាងមុខ ព្រោះ​ការតវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យនៅ​ហុងកុង​នៅតែ​បន្ត​រំខាន​ដល់​ការលក់​ក្នុងអំឡុង​រដូវ​បុណ្យ​ណូអែល​ដ៏​សំខាន់​។​

​ប្រហែល ៣០ ភាគរយ​នៃ​អ្នក​ឆ្លើយតប​នៅក្នុង​ការស្ទង់មតិ​ដោយ​សមាគម​គ្រប់គ្រង​ហាង​លក់រាយ​ហុងកុង បាន​និយាយថា ពួកគេ​នឹង​កាត់បន្ថយ​ការងារ ខណៈ ៤៣ ភាគរយ​និយាយថា ពួកគេ​មិនអាច​បន្ត​ប្រតិបត្តិការ​លើសពី ៦ ខែ​បានទេ​។​

​លោកស្រី អេ​ន​នី សែ ប្រធាន​សមាគម បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ ទី ៩ ធ្នូ​ថា “​ប្រសិនបើ​លំហូរ​សាច់ប្រាក់​មិន​ប្រសើរ​ទេ​ហើយ​ម្ចាស់​ផ្ទះជួល​មិនបាន​ជួយ​ទៀត​នោះ ច្បាស់​ជាមាន​ការបញ្ឈប់​មនុស្ស​ពី​ការងារ​និង​ការបិទទ្វារ​អាជីវកម្ម​យ៉ាងច្រើន​ជាមិនខាន​។ នេះ​នឹង​អាក្រក់​បំផុត​មិន​ធ្លាប់មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​”​។​

​ការស្ទង់មតិ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ បាន​សម្ភាស​ក្រុមហ៊ុន​លក់រាយ​ចំនួន ១៧៦ ដែលមាន​ហាង​សរុប​ចំនួន ៤.៣១០ និង​បុគ្គលិក​ចំនួន ៨៩.៧០០ នាក់​។​

​ការធ្វើ​បាតុកម្ម​ប្រឆាំង​ប៉េកាំង ដែល​បានចាប់ផ្តើម​កាលពី​ខែមិថុនា មាន​ទាំង​ការហែក្បួន​ដោយ​សន្តិវិធី​ក៏ដូចជា​សកម្មភាព​ហិង្សា​ផងដែរ​។​

​ក្រុមអ្នកតវ៉ា​ជ្រុលនិយម​បាន​បិទ​បណ្តាញ​ដឹកជញ្ជូន បំផ្លាញ​អាជីវកម្ម​នានា​ដែល​ទាក់ទង​នឹង​ចិនដីគោក និង រឹបអូស​យក​បរិវេណ​សាកលវិទ្យាល័យ​។​

​សេដ្ឋកិច្ច​ហុងកុង​បាន​ធ្លាក់​ចូលក្នុង​វិបត្តិ ហើយ​ផលប៉ះពាល់​បាន​ជះ​ទៅលើ​វិស័យ​លក់រាយ ទេសចរណ៍ និង បដិសណ្ឋារកិច្ច​។​

​លោកស្រី​សែ​និយាយថា សូម្បី​ខែធ្នូ​ដែលជា​ធម្មតា​ជា​រដូវ​ដើរ​ទិញ​ទំនិញ​ដ៏​មមាញឹក​សម្រាប់​បុណ្យ​ណូអែល​និង​ចូលឆ្នាំ​សកល ក៏​មើលទៅ​សោះអង្គើយ​ដែរ​។​

​លោកស្រី​និយាយថា ការ​លក់រាយ​សម្រាប់​ខែធ្នូ​នេះ​ទំនងជា​ប្រហាក់ប្រហែល​នឹង​កម្រិត​ទាប​បំផុត​ដែល​បានឃើញ​ក្នុង​ខែតុលា​កន្លងទៅ ឬក៏​អាច​ធ្លាក់ចុះ​ច្រើន​ជាងនេះទៀត​។​

​លោកស្រី​សែ​និយាយថា “​យើង​ពុំមាន​អារម្មណ៍​វិជ្ជមាន​អំពី​ស្ថានភាព​នៅ​ខែមករា​ដូចគ្នា​។ យើងទាំងអស់គ្នា​កំពុង​ព្យាយាម​រស់រាន​។ យើង​កំពុង​ប្រណាំងប្រជែង​នឹង​ពេលវេលា​”៕ ដោយ៖ កញ្ញាដាលីស

បុគ្គលិក​ជាង​៥​ពាន់​នាក់​និង​ហាង​រាប់ពាន់​នឹងត្រូវ​បិទទ្វារ បើ​បាតុកម្ម​បន្ត​អូស​បន្លាយពេល

ទីតាំងផ្សាយពាណិជ្ជកម្ម