អាម៉េរិក​និង​កូរ៉េខាងជើង​ស្ថិត​នៅលើ​ផ្លូវ​ច្រាសទិស​គ្នា​នៅពេល​កាលកំណត់​ចុង​ឆ្នាំ​ខិត​ជិត​មក​ដល់​

581
ចែករម្លែក

​ភាព​តានតឹង​បាន​ស្ទុះ​ឡើង​យ៉ាង​ឆាប់រហ័ស​រវាង​សហរដ្ឋ​អាម៉េរិក​និង​កូរ៉េខាងជើង ដែល​សន្ថើន​ការដាក់សម្ពាធ នៅពេល​ការទាមទារ​របស់​ខ្លួន​អោយ​អាម៉េរិក​ផ្តល់​សម្បទាន​នៅ​​យ៉ាងយូរ​ត្រឹម​ចុងឆ្នាំ​នេះ​ជា​ថ្នូរ​នឹង​ការ​បន្ត​កិច្ចចរចា​ស្តីពី​ការរំសាយ​នុយគ្លេអ៊ែរ​នោះ​ទំនងជា​មិន​ទទួលបាន​ផល​។​

​សហរដ្ឋ​អាម៉េរិក​បាន​កោះប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ពុធ​ទី​១១​ធ្នូ​នេះ​ស្តី​ពី​ការសាកល្បង​ទម្រ​បាញ់​រ៉ក្កែត​និង​កាំជ្រួច​ជា​បន្តបន្ទាប់​របស់​កូរ៉េ​ខាង​​ជើង និង​វា​ជាការ​ងាក​ទៅរក បដិបក្ខនិយម​និង​ការប៉ះទង្គិច​ផ្នែក​ការទូត​ជាថ្មី​។​

​ការប្រកាស​អំពី​ការសាកល្បង​ទម្រ​បាញ់​គ្រាប់​រ៉ុក្កែត​ខ្នាត​យក្ស​កាលពី​ថ្ងៃ​ចន្ទ​បាន​កើត​ឡើង​តែ​២​ថ្ងៃ​គត់ បន្ទាប់​ពី​កូរ៉េ​ខាងជើង​បាន​អះអាង​ថា​ខ្លួន​បាន​ធ្វើ​ការសាកល្បង​«​សំខាន់​​ណាស់​» និង​បាន​ព្រលយ​ពាក្យ​ថា​អាច​នឹង​មាន​ការសាកល្បង​បន្ថែមទៀត​។​

​រំលឹកថា ប្រធានាធិបតី​អាម៉េរិក ដូ​ណា​ល់ ត្រាំ​បាន​ជួប​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន អស់​៣​លើក​មក​ហើយ​ដើម្បី​ពិភាក្សា​អំពី​កម្មវិធី​នុយគ្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុង​​យ៉ាង​ជា​ថ្នូរ​នឹង​ការលុបចោល​ទណ្ឌកម្ម ដោយ​បាន​ពណ៌នា​លោក​គីម ថា​ជា​មិត្ត​និង​អបអរ​ភាពស្ងប់ស្ងាត់​ការសាកល្បង​ទាំង​នុយគ្លេអ៊ែរ​និង​កាំជ្រួច​ចាប់តាំងពី​ឆ្នាំ​២០១៧​មក​។​

​តែ​កូរ៉េ​ខាងជើង​កំពុង​ស្វះស្វែង​រក​កិច្ចព្រមព្រៀង​ពិស្តារ​មួយ ដែល​រួម​មាន​ការបន្ធូរបន្ថយ​ទណ្ឌកម្ម ជាពិសេស​នៅពេល​លោក​ត្រាំ​ធ្វើដំណើរ​ចូល​ក្នុង​ការប្រកួតប្រជែង​ការ​ឈរឈ្មោះ​​បោះឆ្នោត​ជា​ថ្មី​និង​ដ៏​តានតឹង​នៅ​ឆ្នាំក្រោយ​។​

ប្រធានាធិបតី​អាម៉េរិក ដូ​ណា​ល់ ត្រាំ​បាន​ជួប​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន អស់​៣​លើក​មក​ហើយ​ដើម្បី​ពិភាក្សា​អំពី​កម្មវិធី​នុយគ្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​

​លោក​ត្រាំ​កាលពី​ថ្ងៃ​សៅរ៍ បាន​និយាយថា​លោក​គីម «​មាន​អ្វី​ច្រើន​ដែល​នឹង​បាត់បង់ តាមពិត​គ្រប់យ៉ាង​ទាំងអស់​ដែល​គាត់​មាន បើ​គាត់​ប្រព្រឹត្ត​ក្នុង​ផ្លូវ​អរិភាព​» និង​បាន​និយាយ​​ថា​លោក​នឹង​«​ភ្ញាក់ផ្អើល​បើ​កូរ៉េខាងជើង​ប្រព្រឹត្ត​បែប​បង្ករឿង​»​។​

​នៅក្នុង​ការវាយប្រហារ​ដ៏​កម្រ​មួយ​លើ​ត្រាំ​ចាប់​តាំងពី​ការចាប់ផ្តើម​កិច្ច​ការទូត​រវាង​ប្រទេស​ទាំងពីរ​មក គីម យ៉ុង ឆុ​ល ជំនួយការ​របស់​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​រូបនេះ​បាន​ហៅ​​ប្រធានាធិបតី​អាម៉េរិក​ថា​ជា​«​មនុស្ស​កញ្ចាស់​មិន​ប្រក្រតី​និង​មិន​ប្រយ័ត្នប្រយែង​» និង​បាន​ថ្កោលទោស​«​សម្តី​និង​អារម្មណ៍​ចម្លែក​»​របស់លោក​។​

​គីម បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា បើ​ត្រាំ​មិន​ភ្ញាក់ផ្អើល​នឹង​ចម្លើយ​តប​របស់​កូរ៉េខាងជើង​ទេ យើង​នឹង​ខឹង​។​

​សហរដ្ឋ​អាម៉េរិក ដែល​កាន់​តំណែង​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅ​ខែ​នេះ បាន​កោះប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​នៅ​ថ្ងៃ​ពុធ​ស្តីពី​បញ្ហា​កូរ៉េខាងជើង​។​កិច្ចប្រជុំ​​នឹង​ពិនិត្យមើល​ការបាញ់​កាំជ្រួច​កាលពីពេល​ថ្មីៗ ដែល​ប្រហែល​ជា​រឹតតែ​ធ្វើអោយ​កូរ៉េខាងជើង​បង្ករឿង​ថែម​។​

​ហ្វ្រែង អូ​ម អ្នកជំនាញការ​ស្តីពី​កូរ៉េខាងជើង​នៅ​វិទ្យាស្ថាន​សន្តិភាព​អាម៉េរិក បាន​និយាយថា រដ្ឋាភិបាលក្រុ​ព្យុង​យ៉ាង​កំពុង​ដំឡើង​កំដៅ ដោយសារតែ​ខ្លួន​ជឿថា អាម៉េរិក​មិន​​ប្រញាប់ប្រញាល់​បង្កើត​កិច្ចព្រមព្រៀង​ណាមួយ​ទេ​។​លោក​បាន​បន្តថា «​ខ្ញុំ​គិតថា​ពួកគេ (​កូរ៉េខាងជើង​)​បាន​សំរេចចិត្ត​មិន​លេងល្បែង​អាម៉េរិក​ដោយសារតែ​អាម៉េរិក​នឹង​ទទួល​​ផល​ពី​ការបន្ថយ​ភាព​តានតឹង​យោធា ហើយ​កូរ៉េខាងជើង​មិន​ទទួលបាន​ផល​សោះ​»​។​

​បើ​តាម​លោក​អូ​ម កូរ៉េខាងជើង​ប្រៀបដូចជា​«​ដាក់​ខ្លួនឯង​ក្នុង​ប្រអប់​មួយ​»​និង​អាច​ធ្វើអោយ​សម្ពន្ធមិត្ត​ធំ​តែ​មួយ​របស់​ខ្លួន​គឺ​ចិន​ខឹង បើ​ខ្លួន​ចាត់វិធានការ​ធំដុំ ដូចជា​សាក​​ល្បង​នុយគ្លេអ៊ែរ​ថ្មី​ណាមួយ ឬ​សាកល្បង​កាំជ្រួច​ផ្លោង​ចម្ងាយ​ឆ្ងាយ​។​«​ពួកគេ​ត្រូវតែ​ឆ្លើយតប​នឹង​ការ​ផុត​កាលកំណត់​ចុងឆ្នាំ តែ​មិន​អាច​ធ្វើ​អ្វី​ហួសហេតុ​ពេក​ទេ បើ​មិន​ដូច្នេះ​ទេ​​នឹង​ទទួល​ការឆ្លើយតប​ខ្លាំងក្លា​ពី​អាម៉េរិក​និង​ចិន​ផងដែរ​»​។​

​លោក​បាន​និយាយថា​អាម៉េរិក​និង​កូរ៉េខាងជើង គួរ​ចរចា​បង្កើត​ជា​កិច្ចព្រមព្រៀង​បណ្តោះអាសន្ន​មួយ ដែល​មិន​បំពេញចិត្ត​ទាំងសងខាង​តែ​ប្រើ​ជា​មូលដ្ឋាន​មួ​យ​និង​បញ្ចៀស​ការ​​ប្រឈម​មុខ​ដាក់​គ្នា​ជា​ថ្មី​៕​ប្រែ​សម្រួល​៖​វាសនា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ