​ត្រី​ប្រហុក​ឆ្នាំនេះ​ប្រៀបធៀប​ឆ្នាំ​កន្លងទៅ​មានតម្លៃ​ខុសគ្នា​គួរសម​

495
ចែករម្លែក

ដោយ​:​ពៅ​និមល​/​ភ្នំពេញ​:​បន្ទាប់ពី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ធ្វើ​ប្រហុក​ផ្អក ​ខណៈ​រដូវ​ត្រី​ប្រហុក​ចាប់ដំណើរការ ​ទន្ទឹមនេះ​ក្រុម​ប្រជាពលរដ្ឋ​បាន​ត្អូញត្អែរថា​តម្លៃ​ត្រី​ប្រហុក​ឆ្នាំនេះ​ថ្លៃ​ជាង​ឆ្នាំ​កន្លងទៅ​គឺ​ចន្លោះ​ពី​៥០០​រៀល​ទៅ​១.០០០​រៀល​ក្នុង​១​គីឡូក្រាម​។​

ក្នុង​កិច្ចសម្ភាសន៍​ផ្ទាល់​ជាមួយ​អ្នកយកព័ត៌មាន​ប្រចាំ​កាសែត​រស្មី​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០១៩​ ស្ថិតក្នុង​ឃុំ​កំពង់ហ្លួង​ ស្រុក​ពញា​ឭ​ខេត្តកណ្តាល​ ពលរដ្ឋ​ម្នាក់​ឈ្មោះ​ស្រីអូន ​មកពី​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់​ឱ្យដឹងថា ​ត្រី​សម្រាប់ធ្វើ​ប្រហុក​លើក​នេះ​ថ្លៃ​ជាង​ឆ្នាំមុន​ក្នុងតម្លៃ​៣.៥០០​រៀល​ក្នុង​១​គីឡូក្រាម​។​

​ស្រីអូន​បាន​បន្តថា​ ឆ្នាំ​កន្លងទៅ​មានតម្លៃ​តែ​១.៥០០​ឬ​២.០០០​រៀល​ប៉ុណ្ណោះ ​ដោយ​អ្នកលក់​ប្រាប់​តម​កថា​ត្រី​រៀល​ឆ្នាំនេះ​មិនសូវ​សម្បូរ​។​កំពុង​ប្រឡាក់ត្រី​ អ្នកស្រី​គីម​មកពី​ស្រុក​ក្រាំងចេក​ខេត្តកំពង់ស្ពឺ​ បានឱ្យ​ដឹងដែរថា​ អ្នកស្រី​មក​ទិញ​ត្រី​ចំនួន​១០០​គីឡូ​ ដើម្បី​ធ្វើ​ប្រហុក​សម្រាប់​ទទួលទាន​ពេញ​មួយឆ្នាំ​។​ព្រោះថា​ពេល​ទិញ​គេ​ធ្វើ​លក់​ស្រាប់​មានតម្លៃ​ថ្លៃ​ ជាពិសេស​មិនមាន​ទំនុកចិត្ត​ក្នុង​ការហូប​និង​មិន​ឆ្ងាញ់​ជាដើម ​ទើប​អ្នកស្រី​ធ្វើដំណើរ​មក​ទិញ​នៅទីនេះ​ផ្ទាល់​តែម្តង​ដោយ​មកជា​រៀងរាល់ឆ្នាំ​។​

​កំពុង​ទទួល​ទិញ​ត្រី​ពី​អ្នកនេសាទ​​ លោក​រចនា​បាន​ត្អូញត្អែរថា ​តម្លៃ​ត្រី​ឆ្នាំនេះ​ពិតជា​ថ្លៃ​ ដែល​ផ្ទុយ​ពី​កា​រពិត​ថា​តម្លៃ​ត្រី​ប្រហុក​ធូរ​ថ្លៃ​និង​ប្រហាក់ប្រហែល​ពី​ឆ្នាំមុន​។​ប៉ុន្តែ​ជាក់ស្តែង​គឺ​ខុសគ្នា​ពី​៥០០​ដល់​១.០០០​រៀល​ក្នុង​១​គីឡូក្រាម​។​លោក​ឱ្យដឹងទៀតថា​ ក្នុង​រដូវ​ត្រី​ប្រហុក​នេះ​លោក​តែងតែ​មក​ទិញ​ចំនួន​៦០-៧០​គីឡូ​ដើម្បី​ធ្វើ​ប្រហុក​ទុក​ទទួលទាន​ក្នុងផ្ទះ​និង​ចែកចាយ​បងប្អូន​។​

​ដោយឡែក​ក្រុម​ប្រជាពលរដ្ឋ​ដទៃ​ផ្សេងទៀត​បាន​រៀបរាប់ថា ​ទាក់ទង​តម្លៃ​ត្រី​ប្រហុក​នេះ​បើ​គិត​ជាត​ម្លៃ​រួម​ដូចជា​ថ្លៃ​ទិញ​ត្រី​និង​ការចំណាយ​ថ្លៃ​វ៉ៃ​ត្រី​ឱ្យ​សាច់​ទន់​ដើម្បី​យកទៅ​ប្រឡាក់​ឱ្យក្លាយ​ជា​ប្រហុក​សរុប​ប្រមាណ​៤.០០០ ដល់​៤.៥០០​រៀល ក្នុង​១​គីឡូ​។​

​កាលពីពេល​កន្លងទៅនេះ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជាក់ថា ត្រី​ឆ្នាំនេះ​រៀង​ខ្សត់​ជាង​ឆ្នាំ​កន្លងទៅ ដោយសារតែ​នៅ​រដូវវស្សា​ឆ្នាំនេះទឹកធំ​ឡើង​យឺត នៅពេល​ស្រក​វិញ​លឿន ដែលជា​ហេតុ​ធ្វើឱ្យ​ត្រី​ពង​កូន​មិនបាន​ច្រើន​។ លោក​លើកឡើងថា ការ​ខ្សត់​ត្រី​នេះហើយ ដែលជា​ហេតុ​នាំ​តម្លៃ​ត្រី​ប្រហុក​ឆ្នាំនេះ​ត្រូវ​ឡើងថ្លៃ​ជាង​ឆ្នាំ​កន្លងទៅ​៕S/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ