ពួក​ប្រជាធិបតេយ្យ​ប្រកាស​ចោទប្រកាន់​ត្រាំ​២​ករណី​

394
ចែករម្លែក

​ពួក​គណបក្ស​ប្រជាធិបតេយ្យ​អាម៉េរិក​កាលពី​ថ្ងៃ​អង្គារ​ទី​១០​ធ្នូ បាន​បញ្ចេញ​អត្ថបទ​ចោទប្រកាន់​ចំនួន​២ ប្រឆាំង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ពួកគេ​ថា​សម​នឹង​ត្រូវ​ដកចេញ​​ពីមុខ​តំណែង​។​

​បើ​សិន​បើ​ការចោទប្រកាន់​ថា​ប្រធានាធិបតី​រូប​នេះ​រំលោភ​អំណាច​និង​រារាំង​ការងារ​សភា​បាន​ការអនុម័ត​ពី​សភា​ជាន់​ទាប​នៅក្នុង​ការបោះឆ្នោត​ដែល​ទំនងជា​នឹង​ធ្វើឡើង​នៅ​សប្តាហ៍​ក្រោយ វា​នឹង​ធ្វើឲ្យ​លោក​ត្រាំ​ក្លាយ​ជា​ប្រធានាធិបតី​អាម៉េរិក​ទី​៣ ដែល​រង​ការ​ចោទ​ទោស​ទម្លាក់​តំណែង និង​ត្រូវ​ឆ្លង​សវនាការ​ក្នុង​ព្រឹទ្ធសភា​។​

​ក្នុងពេល​ជាមួយគ្នា លោក​ត្រាំ​ដែល​ពោរពេញ​ដោយ​កំហឹង​បាន​ច្រានចោល​ការចោទ​ប្រកាន់​និង​ចាត់​ទុក​វា​ជា​រឿង​គួរឲ្យ​អស់សំណើច តែ​ពួក​ប្រជាធិបតេយ្យ​នៅ​តែ​ថា​«​គ្មាន​ប្រ​​ធានា​ធិបតី​អាម៉េរិក​ណា​ដែល​ថា​ប៉ះពាល់​មិន​បាន​ឡើយ​»​។​

​ជើ​រី ណាតល័​រ ប្រធាន​គណៈកម្មការ​យុត្តិធម៌​សភា​បាន​និយាយថា​«​យើង​ត្រូវតែ​ច្បាស់លាស់ គ្មាន​នរណា​ម្នាក់​នៅ​ពី​លើ​ច្បាប់​ទេ​។​គាត់​ក្បត់​ទំនុកចិត្ត​សាធារណៈ​និង​ដាក់​ខ្លួនឯង​​មុន​ប្រទេសជាតិ គាត់​ធ្វើឲ្យ​រដ្ឋធម្មនុញ្ញ​គ្រោះថ្នាក់ គាត់​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​របស់​យើង​ជួប​គ្រោះថ្នាក់ រួម​ទាំង​សន្តិសុខ​ជាតិ​របស់​យើង​ទៀតផង​»​។​

​លោក​ត្រាំ ត្រូវបាន​គេ​ចោទ​ថា​ប្រើ​អំណាច​ប្រធានាធិបតី​សម្រាប់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​និង​នយោបាយ​របស់​បក្ខ​ក្រុម​ខ្លួន​ ដោយ​បាន​ដាក់​សម្ពាធ​លើ​អ៊ុយ​ក្រែនឲ្យចូល​​ជ្រៀតជ្រែក​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាម៉េរិក​ឆ្នាំ​២០២០​។​

​ឥឡូវ​ពួក​ប្រជាធិបតេយ្យ​បាន​បញ្ជូន​ឯកសារ​ចោទ​ទោស​ទម្លាក់​តំណែង​លោក​ត្រាំ​ទៅ​កាន់​សភា ​ដែល​រំពឹង​ថា​វា​នឹង​ចេញពី​គណៈកម្មការ​យុត្តិធម៌​សភា​នៅ​សប្តាហ៍​នេះ​សម្រាប់​អង្គ​​សភា​ទាំងមូល​បោះឆ្នោត​សម្រេច​នៅ​សប្តាហ៍​ក្រោយ​។​

ប្រធានសភា លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី គាំទ្រ​ប្រធាន​គណៈកម្មការ​យុត្តិធម៌​សភា​លោក ជើ​រី ណាតល័​រ នៅ​ពេល​ពួក​ប្រជាធិបតេយ្យ​ប្រកាស​បញ្ជូន​ឯកសារ​ចោទប្រកាន់​មកកាន់​​សភា​

ត្រាំ នឹង​ក្លាយជា​ប្រធានាធិបតី​អាម៉េរិក​ទី​៣ ដែល​រង​ការចោទប្រកាន់​ទម្លាក់​តំណែង​ពី​សភា តែ​បណ្តឹង​នេះ​ទំនងជា​ឆ្លង​មិន​ផុត​ព្រឹទ្ធសភា​ដែល​គ្រប់គ្រង​ដោយ​ពួក​សាធារណរដ្ឋ​ទេ​

​ឯកសារ​បណ្តឹង​អះអាងថា ត្រាំ​បាន​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​និង​បទល្មើស​មជ្ឈិម ហើយ​បាន​ព្រមាន​ថា​វា​នឹង​នៅតែ​ជា​ការ​គំរាម​មួយ​ចំពោះ​រដ្ឋ​ធម្មនុញ្ញ បើសិនជា​អនុញ្ញាតឲ្យ​​បុគ្គល​នេះ​បន្ត​នៅ​ក្នុង​មុខតំណែង​។​

​តែ​លោក​ត្រាំ​នៅតែ​បង្ហាញ​ភាព​គឃ្លើន​មិន​ចុះ​ញ៉ម ដោយ​ហៅ​វា​ថា​ជា​«​ដំណើរការ​ចាប់កំហុស​គួរឲ្យ​អស់សំណើច​» និង​បាន​ធ្វើ​ការអះអាង​ជា​ថ្មី​ថា​រូបលោក​ជា​ជនរងគ្រោះ​ពី​«​ការ​​តាម​ប្រមាញ់​ធ្មប់​»៕​ដោយ​៖​វាសនា​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម