ដំណើរ​ឆ្ពោះទៅមុខ ស្របតាម​នីតិវិធី​ច្បាប់​

701
ចែករម្លែក

កាលពី​រសៀល​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៩ សាលាឧទ្ធរណ៍បាន​បើកសវនាការ និង​បានសម្រេច បដិសេធ​បណ្តឹង​របស់​ក្រុម​មេធាវី​លោក កឹម សុខា ដែល​បាន​ប្តឹង​ប្រឆាំងនឹង​សេចក្តីសម្រេច របស់​ចៅក្រម​ស៊ើបសួរសាលាដំបូង​រាជធានី​ភ្នំពេញ​។ ចៅក្រម​ស៊ើប សួរ​របស់​តុលាការ​សាលា ដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩ បានបញ្ជូន​សំណុំរឿង​លោក កឹម សុខា ទៅ​ជំនុំជម្រះ​។

​សេចក្តីប្រកាស​របស់​សាលាឧទ្ធរណ៍ បាន​បង្ហាញថា សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ភ្នំពេញ បានចេញ​សេចក្ដីសម្រេច​ចំនួន​ពីរ​។ ទីមួយ​.​បណ្តឹងឧទ្ធរណ៍​លើ​ដីកា​ដំណោះ ស្រាយ​របស់ មេធាវី​ជនជាប់ចោទ មិនអាច​ទទួលយកបាន ដោយ​យោងតាម​មាត្រា​២៤៩ និង​មាត្រា​២៦៧ និង​មាត្រា ៤០៤ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ដែល​មិន​អនុញ្ញាតឱ្យ​ធ្វើបណ្តឹង​ឧទ្ធរណ៍​នឹង​ដីកា ដំណោះស្រាយ​បញ្ហា​ជនជាប់ចោទទៅ​តុលាការ​ជំនុំជម្រះ​បានឡើយ​។ ទី​ពីរ​.​គឺ​បណ្តឹងឧទ្ធរណ៍ ពី​ការសម្រេច​បន្ត​ការដាក់​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​នោះ សភា​ស៊ើបសួរ​បានបដិសេធចោល​ដោយមាន​ហេតុផល ពាក់ព័ន្ធ​នឹង​បទល្មើស​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដល់​សង្គមជាតិ និង​ជាពិសេស សម្រាប់​ធានា​វត្ត​មាននៃ​ដំណើរការ​នីតិវិធី​បន្ត ដោយយោង​លើ​មាត្រា ២៦៧ កថាខណ្ឌ​ទី​៥ និង​មាត្រា​២៤៩ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​។​

​នោះ​គឺ​កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក កឹម សុខា ត្រូវបាន​តុលាការ​សម្រេច​កែប្រែ លក្ខខណ្ឌ​ខ្លះ ដោយសារ​លោក​បាន​អនុវត្ត​បានល្អ​តាម​សេចក្ដីសម្រេច​លើកទីមួយ​។ ពេលនេះ លោក​អាច​ដើរទៅ​ទីណា​ក៏បាន ក្នុងប្រទេស​កម្ពុជា លើកលែងតែ​ចេញទៅ​ក្រៅប្រទេស ប៉ុន្តែ លោក​មិនទាន់មាន​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ឡើយ​ ហើយ​ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ របស់​សមត្ថកិច្ច​គ្រប់​ពេល ដោយសារ​នៅតែ​ស្ថិតនៅក្នុង​ការតាមដាន​របស់​តុលាការ​។​

​កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច បញ្ជូន​សំណុំរឿង​លោក កឹម សុខា ទៅ​ជំនុំជម្រះ ដោយ​ពុំបាន​លើកលែង​ការចោទប្រកាន់ តាម​ការស្នើសុំ​របស់​ក្រុម​មេធាវី​ឡើយ ជាហេតុ​ធ្វើ​ឲ្យ​ក្រុម​មេធាវី សម្រេច​ប្ដឹងទៅ​សាលាឧទ្ធរណ៍ ដែល​នាំ​ឲ្យ​តុលាការ​ថ្នាក់កណ្ដាល​មួយ​នេះ សម្រេច​បដិសេធ​ដូច​បានបញ្ជាក់​ខាងលើ​។

​ជាមួយគ្នានេះ កាលពី​រសៀល​ថ្ងៃទី​០៩​ធ្នូ តុលាការ​សាលាដំបូងរាជធានី​ភ្នំពេញ ក៏បាន​ចេញ​ដីកា ដោយ​កំណត់​យក​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ ជា​ថ្ងៃ​បើកសវនាការ​ជំនុំជម្រះ លើ​សំណុំរឿង «​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​» របស់លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​។

​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ «​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​» ឬ​បទ​ក្បត់ជាតិ ដោយ​ឃុបឃិត​ជាមួយ​បរទេស​ក្នុងបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ។ លោក កឹម សុខា ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​នៅក្នុងពន្ធនាគារ ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ រហូតដល់​យប់​ថ្ងៃទី​០៩ ឆ្លង​ចូល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ទើប​តុលាការ ដាក់ឱ្យ​លោក កឹម សុខា ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ ដោយ​ផ្ទេរ​ការឃុំខ្លួន ពី​ពន្ធនាគារ មក​នៅ​ក្នុងផ្ទះ​របស់លោក ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ តុលាការ​សាលាដំបូង រាជធានី​ភ្នំពេញ បាន​បន្ធូរបន្ថយលក្ខខណ្ឌ​នៃ​ការឃុំខ្លួន​លោក​កឹម​សុខា ដោយ​អនុញ្ញាត​ឲ្យ​លោក អាចធ្វើ​ដំណើរ​ទៅ​គ្រប់ទិសទី នៅក្នុង​ទឹកដី​កម្ពុជា ព្រមទាំង​អាច​ជួប​ទូត​បរទេស តែ​លោក កឹម សុខា​មិនទាន់​អាចធ្វើ​នយោបាយនោះទេ​។​

​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ បាន​ចែងថា «​ប​ទស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ ប​ទស​ន្ទិដ្ឋិ​ភាពជា​មួយ​បរទេស ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១៥ ទៅ ៣០​ឆ្នាំ​»​។​
​ ​
ដូច្នេះ​នៅពេលនេះ ដំណើរការ​សំណុំ​រឿងក្តី​របស់លោក កឹម សុខា បាន​បន្ត​វិវឌ្ឍទៅមុខ​តាម នីតិវិធី​ច្បាប់​។ នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ គឺជា​សវនាការ​កាត់ទោស​លោក​កឹម​សុខា​ពីបទក្បត់ជាតិ​។ សវនាការ នឹង​អាច​បន្ត​ជាច្រើន​ថ្ងៃ ទៅតាម​ទំហំ​សំណុំរឿង និង​ការពាក់ព័ន្ធ​។ ដូចនេះ មានតែ​ការរង់ចាំ​តាមដាន​ទាំងអស់គ្នា​នូវ​លទ្ធផល​នេះ​៕ ដោយ​:​ម៉េង​ឆៃ​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម