ស៊ី​ហ្គេម ៖ បន្ទាប់ពី​ចាញ់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​៥​ដង ទីបំផុត​ក្រុមបាល់ទាត់​វៀតណាម​លើក​ពាន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​លើក​ទី​៦​ទាល់តែ​បាន​

645
ចែករម្លែក

​បន្ទាប់ពី​ចាញ់​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​បាល់ទាត់​ស៊ី​ហ្គេម ៥ លើក ក្នុង​ឆ្នាំ ១៩៩៥, ១៩៩៩, ២០០៣, ២០០៥, ២០០៩ ទីបំផុត​វៀតណាម​បានបញ្ចប់​កំណត់ត្រា​អភ័ព្វ​របស់ខ្លួន ជាមួយ​ជ័យជម្នះ ៣-០ លើ​ក្រុម​ជម្រើសជាតិ​ឥណ្ឌូនេស៊ី​នៅ​កីឡដ្ឋាន Rizal Memorial Stadium របស់​ក្រុង​ម៉ានីល​កាលពី​ថ្ងៃ​អង្គារ​ទី​១០​ធ្នូ​។

​ក្រុម​វៀតណាម ដែល​ឡើងមក​ដល់​វគ្គ​ដណ្តើម​មេដាយមាស​ក្នុងនាម​ជា​ក្រុម​មានប្រៀប​ឈ្នះ​ជាងគេ​នោះ កម្រ​ត្រូវ​ឥណ្ឌូនេស៊ី​សម្លុត​មុខ​ទីណា​ស់​។ តារា​លេចធ្លោ​របស់​វៀតណាម ដូន វ៉ាន់​ហ៊ូ ដែល​លេង​នៅ​លី​ក​កំពូល​របស់​ហូ​ឡង់ បានតែ​ត​បញ្ចូល​ទី​បើកឆាក​មុន​នៅ​នាទី​ទី​៣៩ ក្រោយ​ទទួលបាន​បាល់​ហ្វ្រ៊ី​ឃី​ក​យ៉ាង​ស្អាត​ពី​កីឡាករ​ឌូ ហុង​ដុង​។

​វៀតណាម​បង្កើន​ការនាំ​មុខ ២-០ នៅ​នាទី​ទី​៥៩ បន្ទាប់ពី​ក្រុម​ឥណ្ឌូនេស៊ី​ទាត់​បាល់​ចេញពី​តំបន់​គ្រោះថ្នាក់​ភ្លាត់ស្នៀត​ទៅ​ចំ​ជើង​កីឡាករ​ឌូ រួច​ក៏​ឆ្មក់​ស៊ុត​បំប៉ោង​សំណាញ់​បានសម្រេច​។

​ឌូ​ស៊ុត​ចូល​គ្រាប់​ទី​បី​នៅ​នាទី​ទី​៧០ បន្ទាប់ពី​អ្នកចាំទី​ឥណ្ឌូនេស៊ី វី​ណា​តា ណា​ដេ​អូ ដោល​បាល់​ហ្វ្រ៊ី​ឃី​ករប​ស់ង្វៀន ហ័ង​ឌុ​ក ខ្សែការពារ​របស់ Heerenveen រួច​ក៏​ខ្ទាត​ចំ​កន្លែង​ដែល​ឌូ​កំពុង​រង់ចាំ​ស៊ុត​ស្រាប់​។​

​ក្រោយ​នាំមុខ​បាន ៣-០ គ្រូបង្វឹក​វៀតណាម គឺ​បុរស​សញ្ជាតិ​កូរ៉េខាងត្បូង ផាក ហាង​សូ បានទទួល​កាត​ក្រហម​ដោយសារតែ​ប្រតិកម្ម​ច្រឡោងខាម​របស់លោក​ចំពោះ​ការសម្រេចចិត្ត​របស់​អា​ជ្ញា​កណ្តាល​។

​ទោះយ៉ាងណា ក្រោយ​ស្នូរ​កញ្ចែ​បញ្ចប់​ការប្រកួត គ្រូបង្វឹក​រូបនេះ​បាន​ត្រឡប់មក​ទីលាន​វិញ​ដើម្បី​អបអរ​ជាមួយ​កីឡាករ​របស់គាត់ ដែល​នាំគ្នា​បោះ​គាត់​ឡើងលើ និង បាញ់​ទឹក​ដាក់​គាត់​។

​វៀតណាម​បច្ចុប្បន្ន​មាន​ចំណាត់ថ្នាក់​ហ្វី​ហ្វា​លេខ ៩៤ និង ឥណ្ឌូនេស៊ី​មាន​ចំណាត់ថ្នាក់​លេខ ១៧៣៕ ដោយ៖កញ្ញាដាលីស

ក្រុម​ជម្រើសជាតិ​វៀតណាម​ឈ្នះ​មេដាយមាស​ស៊ី​ហ្គេម​បន្ទាប់ពី​ឈ្នះ​ឥណ្ឌូនេស៊ី ៣-០

ទីតាំងផ្សាយពាណិជ្ជកម្ម