ម៉ាឡេស៊ី​និង​ឥណ្ឌូនេស៊ី នឹង​ប្រើ​ដ្រូ​ន​ដើម្បី​ល្បាត​ព្រំដែន​

382
ចែករម្លែក

​ម៉ាឡេស៊ី​និង​ឥណ្ឌូនេស៊ី​បាន​ព្រមព្រៀង​គ្នា​ថា​នឹង​ប្រើ​ដ្រូ​ន​និង​បច្ចេកវិទ្យា​ផ្សេងៗ​ដើម្បី​ត្រួតពិនិត្យ​ព្រំដែន​របស់​គេ នេះ​បើ​តាម​ការបញ្ជាក់​ពី​រដ្ឋមន្ត្រី​មហាផ្ទៃ​ម៉ាឡេស៊ី​លោក​មូយី​ដ​ឌីន ​យ៉ាស​ស៊ីន កាលពី​ថ្ងៃ​អង្គារ​ទី​១០​ធ្នូ​។​

​លោក​មូយី​ដ​ឌីន យ៉ាស​ស៊ីន បាន​និយាយថា ដោយ​កិច្ចព្រមព្រៀង​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ត្រូវ​ប្រកាស​ជា​ថ្មី​នៅ​ឆ្នាំ​២០២០ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​មួយ​អំពី​ការឆ្លង​​កាត់​ព្រំដែន​និង​ពាណិជ្ជកម្ម​កាត់​ព្រំដែន​នឹងត្រូវ​សំរេច​ឡើង​នៅ​ឆ្នាំក្រោយ​។​

​លោក​រដ្ឋមន្ត្រី​បានលើកឡើង​ដូច្នេះ ក្រោយ​មាន​ជំនួប​មួយ​ជាមួយ​រដ្ឋមន្ត្រី​ឥណ្ឌូនេស៊ី ។​

​លោក​ថា ម៉ាឡេស៊ី​និង​ឥណ្ឌូនេស៊ី នឹង​បន្ត​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ដូចជា ការរត់ពន្ធ ការ​លួ​វ​ដឹកជញ្ជូន​ថ្នាំញៀន ការជួញដូរ​មនុស្ស​និង​បទឧក្រិដ្ឋ​កាត់​ព្រំដែន​​ផ្សេងៗ​។​លោក​បាន​បន្តថា​«​ព្រំដែន​គោក​រវាង​ម៉ាឡេស៊ី​និង​ឥណ្ឌូនេស៊ី មាន​ចម្ងាយ​ជាង​១.០០០​គីឡូម៉ែត្រ ដែល​ពិបាក​ត្រួតពិនិត្យ និង​ត្រូវ​ប្រើ​បច្ចេកវិទ្យា​»​។​

​លោក​រដ្ឋមន្ត្រី ក៏​បាន​និយាយថា រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ក៏​មាន​ផែនការ​ដោះដូរ​អ្នកទោស​គ្នា​ផងដែរ ដោយ​បច្ចុប្បន្ន​មាន​ជនជាតិ​ម៉ាឡេស៊ី​ប្រមាណ​៣០០​នាក់​នៅក្នុង​គុក​​ឥណ្ឌូនេស៊ី ហើយ​ពលរដ្ឋ​ឥណ្ឌូនេស៊ី​ប្រមាណ​៥​ពាន់​នាក់​កំពុង​ជាប់​ឃុំ​នៅ​ម៉ាឡេស៊ី​៕​ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម