សហរដ្ឋ​អាម៉េរិក​រឹតបន្តឹង​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រមុខ​កងទ័ព​មី​យ៉ាន់​ម៉ា​

407
ចែករម្លែក

​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​អង្គារ​ទី​១០​ធ្នូ​បាន​រឹតបន្តឹង​ការដាក់ទណ្ឌកម្ម​ប្រឆាំង​ប្រមុខ​កងទ័ព​មី​យ៉ាន់​ម៉ា​ចំពោះ​ការសម្លាប់​រង្គាល​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា ខណៈ​ដែល​ប្រទេស​របស់​លោក​​បាន​ថ្លែង​ការពារ​ខ្លួន​ប្រឆាំង​ការចោទប្រកាន់​អំពី​អំពើ​ប្រល័យពូជសាសន៍​នៅ​ចំពោះមុខ​តុលាការ​របស់​អង្គការសហប្រជាជាតិ​។​

​សហរដ្ឋ​អាម៉េរិក​កាលពី​ខែ​កក្កដា​បាន​ហាមឃាត់​ប្រមុខ​កងទ័ព​មី​យ៉ាន់​ម៉ា លោក មីន អ៊ុង ហ្លាំង​មិន​ឱ្យ​ចូល​ប្រទេស​អាម៉េរិក ប៉ុន្តែ​ចំណាត់ការ​នៅ​ថ្ងៃ​អង្គារ​នោះ បន្ថែម​សម្ពាធ​​ទៀត​ដោយ​បង្កក​ទ្រព្យសម្បត្តិ​ដែល​មាន​នៅ​ប្រទេស​អាម៉េរិក​និង​ចាត់ទុក​ជា​បទល្មើស​ព្រហ្មទណ្ឌ​ចំពោះ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​ជន​ណា​ក៏ដោយ​នៅ​សហរដ្ឋ​អាម៉េរិក​ជាមួយ​​មេ​យោធា​មី​យ៉ាន់​ម៉ា​រូបនេះ​។​

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ដាក់​ទណ្ឌកម្ម​ដូចគ្នា​ទៅលើ​មេបញ្ជាការ​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា ចំនួន​៣​នាក់​ផ្សេង​ទៀត និង​បុគ្គល​ចំនួន​១៤ នាក់​មកពី​ប្រទេស​ផ្សេងៗ​ទៀត​​ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​។​

​លោក​ស្ទេ​វិន ម្នូ​ជីន រដ្ឋមន្ត្រី​ក្រសួង​រតនា​គារ​អាម៉េរិក បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​”​សហរដ្ឋ​អាម៉េរិក​នឹង​មិន​អត់ធ្មត់​ចំពោះ ការ​ធ្វើ​ទារុណកម្ម ការ​ចាប់ពង្រត់​ អំពើ​ហិង្សា​ផ្លូវភេទ ឃាតកម្ម​ឬ​អំពើ​ឃោរឃៅ​ប្រឆាំង​ជន​ស៊ីវិល​ស្លូតត្រង់​ឡើយ​។​

​កងទ័ព​មី​យ៉ាន់​ម៉ា​ត្រូវបាន​ចោទប្រកាន់​ថា​បាន​ដឹកនាំ​យុទ្ធនាការ​ដ៏​ឃោរឃៅ​កាលពី​ឆ្នាំ ២០១៧ នៅ​រដ្ឋ​រ៉ាក់​ឃីន​ប្រឆាំង​ក្រុម​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ដែល​ភាគច្រើន​ជា​ជនជាតិ​ភាគតិ​ច​​អ៊ីស្លាម​ដែល​អាជ្ញាធរ​មី​យ៉ាន់​ម៉ា មិន​គិត​ថា​ពួកគេ​ជា​ពលរដ្ឋ​នោះទេ​៕ដោយ៖សុខា/sn

ប្រមុខ​កងទ័ព​មី​យ៉ាន់​ម៉ា លោក មីន អ៊ុង ហ្លាំង​