អ្នក​ឡើងត្នោត​បោះបង់​អាជីព​ជា​បណ្តើរៗ​

755
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: សមាគម​លើក​កំពស់​ស្ករត្នោត​កំពង់ស្ពឺ បាន​និយាយថា នៅ​រដូវ​ឡើងត្នោត​ឆ្នាំនេះ​ទំនងជា​មានការ​ថយចុះ​នូវ​អ្នក​ឡើងត្នោត​។ ទោះបី​រដូវ​ធ្វើ​ស្ករត្នោត​ចុងឆ្នាំ​នេះ មិនទាន់មាន​សកម្មភាព​ពេញលេញ​ក៏​ពឹត​មែន តែ​លោក​ស៊ុ សំអឿន អនុប្រធាន​សមាគម​លើក​កំពស់​ស្ករត្នោត​កំពង់ស្ពឺ បាន​ទាយ​ទុកជាមុន​ថា អាចមាន​ការថយចុះ​។ ដោយសារ​មកពី​មូលហេតុ​ឆ្នាំនេះ រាំងស្ងួត​អូសបន្លាយ​ពេល​យូរ ធ្វើអោយ​ផ្កាត្នោត​លូតលាស់​មិនល្អ មិន​អំណោយផល​ដល់​ការធ្វើ​ស្ករត្នោត​ដូច​ឆ្នាំមុនៗ​ទេ​។ កត្តា​មួយទៀត​ឆ្នាំនេះ​អ្នក​ឡើងត្នោត​មាន​ការឈប់​ឡើងត្នោត​ច្រើន ដោយសារ​ពួកគាត់​មាន​វ័យ​ចំណាស់ៗ​លែង​ឡើងត្នោត​បាន​តទៅទៀត​ទេ​។ ក្នុងនោះ​មាន​៥​នាក់​បានប្រកាសថា ឈប់​ឡើងត្នោត​ហើយ​។ មកដល់ពេលនេះ គឺ​នៅសល់តែ​៥០​នាក់​ប៉ុណ្ណោះ​កំពុង​ឡើងត្នោត​។​

​លោក សំអឿន ប្រាប់​ក្នុង​ក្តី​បារ​ម្មណ៍​ថាបើ​អ្នក​ឡើងត្នោត​ថយចុះ នោះ​មានន័យថា ផល​ស្ករត្នោត​ក៏​ធ្លាក់ចុះ​ដែរ​។ តាម​គំរោង​ក្រុមហ៊ុន​មួយចំនួន​ចង់បាន​ស្ករ​ពី​សមាគម​ប្រមាណ​១០០​តោន​។ តែ​ប្រហែលជា​ផលិត​ស្ករ​តាម​ការ​កុម្ម៉ង់​របស់​ក្រុមហ៊ុន​មិន​គ្រប់​ឲ្យ​គេ​ទេ​។ ស្ករត្នោត​យើង​ផលិត​តាមបែប​ធម្មជាតិ​ហើយ​មាន​(GI) នៅ​ទីផ្សារ​កំពុងតែ​ឡើងថ្លៃ មិន​ថា​ផ្សារ​ក្នុងស្រុក ឬ​ផ្សារ​នាំចេញ​នោះទេ​។ ស្ករ​ម្សៅ​ក្រុមហ៊ុន​អាច​ទិញ​ពី​សមាជិកសមាគម​ក្នុងតម្លៃ ៧,០០០៛/១​គ.ក​។ ហើយ​អាច​លក់​ចេញ ២.៥០​ដុល្លារ​/ ១​គ.ក​។​

​លោក សំអឿន លើកឡើងថា សមាគម​មាន​គោលការណ៍​ឃោសនា​ផ្សព្វផ្សាយ​ឲ្យ​មនុស្ស​ជំនាន់​ថ្មី ឬ​យុវជន​ក្មេងៗ​បន្តវេន​ជា​ប្រពៃណី​ឡើងត្នោត​ជំនួស​ឲ្យ​អ្នក​ចាស់ៗ​បន្ថែមទៀត នៅពេល​ស្ករត្នោត​កំពុងមាន​ហាងឆេង​លើ​ទីផ្សារ​ច្រើន​។ តែ​លោក​អនុប្រធាន​រូបនេះ មិនសូវ​ជាមាន​សង្ឃឹម​ប៉ុន្មាន​ទេ​។ ដោយសារ​ទីផ្សារការងារ​បច្ចុប្បន្ន​កើតមាន​ច្រើន​។ ឥឡូវនេះ​ដើមត្នោត​សំរាប់​ទាញយក​ស្ករត្នោត​មិន​ខ្វះ​ទេ ខ្វះ​តែ​អ្នក​ឡើងត្នោត​ទៅវិញ​ទេ​។ តែ​ទោះជា​យ៉ាងណា​ផល​ស្ករត្នោត​សំរាប់​បំរើ​ឲ្យ​ទីផ្សារ​ក្នុងស្រុក មិន​ពឹង​លើ​អ្នក​ឡើងត្នោត​ក្នុង​សមាគម​នេះ​ទាំងស្រុង​នោះទេ គឺមាន​ស្ករត្នោត​នៅតាម​ខេត្ត​មួយចំនួនទៀត​ក៏​ធ្វើ​ស្ករ​លក់​សំរាប់​ទីផ្សារ​ក្នុងស្រុក​បាន​ច្រើន​ដែរ ដូចជា​ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តកំពត និង​តាកែវ​ជាដើម​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម