សម្ពោធរោងចក្រប្រព្រឹត្តកម្មទឹក​ស្អាតទឹកវិលទី២ នៅក្រុងសៀមរាប

523
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតទឹកវិល២ និងបំពង់មេនាំទឹកស្អាតទំហំ ៧០០មម ប្រវែងជាង៦ពាន់ ម៉ែត្រ ស្ថិតក្រោមក្របខណ្ឌឥណទានពីទីភ្នាក់ងារបារាំងសម្រាប់កាតអភិវឌ្ឍ ( AFD ) ក្នុងទំហំទឹកប្រាក់វិនិយោគ ជិត១៣លានដុល្លា ដែលស្ថិតក្នុងភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបាន សម្ពោធដាក់អោយប្រើប្រាស់ កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ក្រោមវត្តមានលោក ទេសរដ្ឋមន្រ្តីកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម , លោកស្រី អេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំនៅកម្ពុជា និងលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ។

លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បាននិយាយថា យោងតាមគម្រោងវិនិយោគទ្រង់ទ្រាយធំដោយដៃគូអភិវឌ្ឍន៍នានា ក្នុងឆ្នាំ២០២៣ខាងមុខ អង្គភាពរដ្ឋាករទឹកស្វយ័តសៀមរាប នឹងមានសមត្ថភាពអាចផលិតទឹកស្អាតបានប្រមាណជា ៩០ពាន់ម៉ែត្រត្រីគុណក្នុង១ថ្ងៃ ខណៈដែលបច្ចប្បន្ននេះ សមត្ថភាពផលិតក្នុង១ថ្ងៃ បានត្រឹមតែ៣០ពាន់ម៉ែត្រត្រីគុណ ដែលកំពុងប្រឈមនឹងតម្រូវការប្រើប្រាស់ក្នុង១ថ្ងៃ ៦០ពាន់ម៉ែត្រត្រីគុណក្នុង១ថ្ងៃ នៅក្នុងក្រុងសៀមរាប ។

លោកបានបន្តថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតទឹកវិល២ និងបំពង់មេនាំទឹកស្អាតទំហំ ៧០០មម ប្រវែងជាង៦ពាន់ ម៉ែត្រ ស្ថិតក្នុងភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាគម្រោងបន្ថែមបន្ទាន់ សមត្ថភាពផ្គត់ផ្គង់ទឹកស្អាតក្រុងសៀមរាប ស្ថិតក្រោមក្របខណ្ឌឥណទានពីទីភ្នាក់ងារបារាំងសម្រាប់កាតអភិវឌ្ឍ ( AFD ) ក្នុងទំហំទឹកប្រាក់វិនិយោគ ជិត១៣លានដុល្លា ដោយយកប្រភពទឹកពីអាងបារាយណ៍ខាងលិច ។ បច្ចុប្បន្ននេះតម្រូវការប្រើប្រាស់ទឹកស្អាតក្នុងក្រុងសៀមរាប ជាមធ្យមប្រមាណ ៦០ពាន់ម៉ែត្រត្រីគុណក្នុង១ថ្ងៃ ក្នុងពេលដែលរដ្ឋាករទឹកស្វយ័តសៀមរាប មានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតមានត្រឹមតែ ៣០ពាន់ម៉ែត្រត្រីគុណក្នុង១ថ្ងៃ រួមទាំងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតទឹកវិល២ ដែលកំពុងបើកសម្ពោធនេះ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ១៥ពាន់ម៉ែត្រត្រីគុណក្នុង១ថ្ងៃ ។

យោងតាមការសិក្សារបស់ក្រុមហ៊ុនបារាំង និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)នៅក្នុងឆ្នាំ២០៣០ ខាងមុខ តម្រូវការនៃការប្រើប្រាស់ទឹកស្អាតនឹងកើនឡើងដល់ ៩០ពាន់ម៉ែត្រត្រីគុណក្នុង១ថ្ងៃ ។ ពាក់ព័ន្ធនឹងតម្រូវការទឹកស្អាត ដែលចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ រដ្ឋាករទឹកស្វយ័តសៀមរាប មានគម្រោងវិនិយោគទ្រង់ ទ្រាយធំ លើការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត តាមរយៈនៃការគៀងគរប្រភពទុនពីដៃគូអភិវឌ្ឍនានាផងដែរ។លោក អភិ បាលខេត្តសៀមរាបបានឲ្យដឹងបន្ថែមថា ៖ គម្រោងពង្រីកបណ្តាញចែកចាយទឹកស្អាត ប្រវែង១០០គីឡូម៉ែត្រ ក្រោមឥណទានរបស់ធនាគារអភិវឌ្ឍអាស៊ី ( ADB ) មានទំហំទឹកប្រាក់សរុប ៥លានដុល្លារ និងថវិការបស់រដ្ឋាករទឹកស្វយ័តសៀមរាបផ្ទាល់សរុបប្រមាណ ២លានដុល្លាអាមេរិក ដែលចាប់ដំណើរការសាងសង់ កាលពីឆ្នាំ២០១៨នោះ គ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២០​ខាងមុខនេះ ។

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានមានប្រសាសន៍ថា សម្រាប់ក្រុងសៀមរាប ត្រូវមានការគិតគូរទុកជាមុន ក្នុងរយៈពេលវែង ពី១០ ទៅ២០ឆ្នាំខាងមុខ ដើម្បីត្រៀមដោះ ស្រាយបញ្ហាផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ និងបម្រើដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ដែលនឹងមានការរីកចម្រើនកាន់តែខ្លាំងថែមទៀតនៅប៉ុន្មានឆ្នាំខាងមុខនេះ ។

លោកបានបន្តថា ក្នុងទិសដៅឈានឆ្ពោះទៅកាន់ការផ្តល់សេវាគ្របដណ្តប់ ១០០% លើក្រុងសៀមរាប ឆ្លើយ តបនិងគោលនយោបាយទឹកស្អាតរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា រដ្ឋាករទឹកស្វយ័តសៀមរាបមានគម្រោងវិនិយោគមួយផ្សេងទៀត ក្រោមក្របខណ្ឌឥណទានពីទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុន (JICA) ជាមួយនឹងទំហំទឹកប្រាក់ប្រមាណជា ១០៦លានដុល្លាអាមេរិក សម្រាប់ការសាងសង់រោងចក្រទឹកស្អាតថ្មីមួយទៀត សមត្ថភាពផលិត ៦០ពាន់ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ដោយយកប្រភពទឹកពីបឹងទន្លេសាប និងការដំឡើងបំពង់មេនាំទឹក និងបំពង់ចែកចាយទឹកស្អាត ប្រវែងសរុប ២២០គីឡូម៉ែត្រ ។

លោកបានបន្តទៀតថា គម្រោងនេះ រដ្ឋាករទឹកស្វយ័តសៀមរាប បានចុះហត្តលេខាជាមួយក្រុមហ៊ុនសាងសង់រួចហើយ ហើយក្រុមហ៊ុនក៏បានចាប់ផ្តើមការងារជំហានដំបូង និងផ្គត់ផ្គង់សម្ភារៈពីក្រៅប្រទេសជាបន្តបន្ទាប់ និងត្រូវបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗខាងមុខ ហើយគ្រោងនឹងបញ្ចប់ការដ្ឋានសាងសង់ក្នុងឆ្នាំ២០២៣៕B/