សម្តេច​ប្រធានរដ្ឋសភា​អនុញ្ញាតឱ្យ​ឯកអគ្គរដ្ឋទូត​ប៉ា​គី​ស្ថាន​ចប់​អាណត្តិ​ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា

259
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១១ ខែធ្នូ​ឆ្នាំ​២០១៩​នេះ​បាន​អនុញ្ញាតឱ្យ​លោក​អាំ​ចា​ទ​អា​លី​ហ្សៀ​រ​(AmjadAliSher)​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អ៊ីស្លាម​ប៉ា​គី​ស្ថាន ចប់​អាណត្តិ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា នៅ​វិមាន​រដ្ឋសភា​។​

​លោក​អា​លី​ហ្សៀ​រ​បាន​ជម្រាប​សម្តេច​ពី​លទ្ធផល​បេសកកម្ម​ការទូត​របស់​ខ្លួន​ក្នុង​រយៈពេល​៦​ឆ្នាំកន្លះ​មក​នៅ​កម្ពុជា​ថា​៖​បាន​ចូលរួមចំណែក​ក្នុងការ​ពង្រឹងពង្រីក​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប៉ា​គី​ស្ថាន​និង​កម្ពុជា​ឲ្យ​កាន់តែ​រឹងមាំ​ឡើង​។​រយៈពេល​ជាង​៦​ឆ្នាំ​ក្នុងការ​ស្នាក់នៅ​កម្ពុជា​លោក​ឯកអគ្គរដ្ឋទូត​បា​ន​រៀនសូត្រ​និង​ដកស្រង់​បទពិសោធន៍​ជាច្រើន​ពី​កម្ពុជា​ជាពិសេស​លោក​បានចាត់ទុក​កម្ពុជា​ជា​ស្រុកកំណើត​របស់ខ្លួន​។​

​លោក​ឯកអគ្គរដ្ឋទូត​បាន​មានប្រសាសន៍ថា​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​និង​ប៉ា​គី​ស្ថាន​ដែលមាន​តាំងពី​យូរ​មក​បាន​រីកចម្រើន​រឹងមាំ​ជា​លំដាប់​ទាំង​ខាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​និង​នីតិប្រតិបត្តិ​។ ស្ថាប័ន​នីតិប្បញ្ញត្តិ​សភា​ប្រទេស​ទាំង​ពីរបាន​គាំទ្រ​គ្នា​ទៅវិញទៅមក​នៅលើ​វេទិកា​អន្តរ​សភា​។

កាលពី​កន្លងទៅ​ថ្មីៗ​នេះ​ថ្នាក់ដឹកនាំ​សភា​ប៉ា​គី​ស្ថាន​បាន​អញ្ជើញ​មក​ចូលរួម​វេទិកា​អន្តរ​សភា​ដែល​សភា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​បន្តបន្ទាប់​រួមមាន​មហាសន្និបាត​ប្រចាំឆ្នាំ​សភា​តំបន់​អាស៊ី​(APA)​និង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកាសភា​អាស៊ី​ប៉ាស៊ីហ្វិក (APPF) ជាដើម​។​

​លោក​ក៏បាន​គោរព​អញ្ជើញសម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​និង​មិត្តភាព​នៅពេល​វេលា​សមស្រប​ណាមួយ​។​សម្តេច​ប្រធានរដ្ឋសភា​បាន​ទទួលយក​ការគោរព​អញ្ជើញ​នេះ​។​ជាមួយគ្នានេះ​សម្តេច​បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ក្នុង​អាណត្តិ​បេសកកម្ម​ការទូត​របស់​លោក អាំ​ចា​ទ អា​លី ហ្សៀ​រ នៅ​កម្ពុជា​ដែល​បានរួម​ចំណែក​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​ប៉ា​គី​ស្ថាន ឱ្យមាន​ការរីកចម្រើន​ថែម​មួយកំរិត​ទៀត​។

​សម្តេច​សង្កត់ធ្ងន់ថា​ស្នាដៃ​ដ៏​ប្រសើរ​នេះ​មិន​ត្រឹមតែ​នាំមក​នូវ​ឧ​ត្ត​ម​ប្រយោជន៍​ដល់​ប្រជាជាតិ​ទាំងសងខាង​ប៉ុណ្ណោះ​ទេ​គឺ​បានរួម​ចំណែក​យ៉ាងខ្លាំង​ក្លា​ដល់​ការថែរក្សា​សុខសន្តិភាព​នៅក្នុង​តំបន់​និង​សកលលោក​ផងដែរ​។​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​ប្រធានរដ្ឋសភា​បាន​សូម​អរគុណ​ប៉ា​គី​ស្ថាន​ដែល​បាន​បញ្ជូន​អ្នកសង្កេតការណ៍​ឋានៈ​ខ្ពស់​សមាជិក​ព្រឹទ្ធសភា​មក​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ កាលពី​ឆ្នាំ​២០១៨ កន្លងទៅ និង​បាន​គ្រាំទ្រ​ដល់​ដំណើរការ​បោះឆ្នោត​នោះ​៕S/

​ចំណងជើង​រូបថត​៖​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឱ្យ​លោក​អាំ​ចា​ទ អា​លី​ហ្សៀ​រ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អ៊ីស្លាម​ប៉ា​គី​ស្ថាន​ចប់​អាណត្តិ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា នៅ​វិមាន​រដ្ឋសភា​

ទីតាំងផ្សាយពាណិជ្ជកម្ម