​ខេត្តតាកែវ​ជាប់​ជ័យលាភី​លេខ​១​ផ្នែក​បង្ហើរខ្លែង​ខ្មែរ​ប្រចាំឆ្នាំ​២០១៩

844
ចែករម្លែក

អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុង​+​ខេត្តតាកែវ​ទទួលបាន​ជ័យលាភី​លេខ​១​ផ្នែក​បង្ហើរខ្លែង​ខ្មែរ​ប្រចាំឆ្នាំ​២០១៩​ក្នុង​មហោស្រព​បង្ហើរខ្លែង​លើក​ទី​២៣​នៅ​ដែនដី​ខេត្តកោះកុង​។​នេះ​បើតាម​ការពិនិត្យ​វាយតម្លៃ​របស់​គណៈកម្មកា​រ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បើ​ធៀប​កាលពី​ឆ្នាំ​២០១៨​កន្លងទៅ​ខេត្ត​រនៈ​គិរី​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ នៅឯ​ខេត្តស្វាយរៀង​។​

​កម្ពុជា​តែង​រៀបចំ​មហោស្រព​បង្ហើរខ្លែង​ខ្មែរ​ជា​រៀងរាល់ឆ្នាំ ដែល​ឆ្នាំ​២០១៩​នេះ​ជា​លើក​ទី​២៣​ហើយ​។ ខេត្តកោះកុង​ជា​ម្ចាស់ផ្ទះ​រៀបចំ​កម្មវិធី​នេះ​ឡើង​ដោយ​គេ​សង្កេតឃើញ​មាន​មន្ត្រី​និង​ពលរដ្ឋ​តំណាង​ខេត្ត​ចំនួន​២៣​ខេត្ត​និង​បេក្ខជន​បង្ហើរខ្លែង​ស្វ័យរិន​ចំនួន​៤៧​ខ្លែង​បាន​ចូលរួម​ប្រកួតប្រជែង​យ៉ាង​ផល​ផុស​នៅ​ទីលាន​ទាត់​បាល់​ខេត្តកោះកុង​។​

​លោក ឃ្លោក សារុន ប្រធានស្តីទី​នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានឱ្យដឹង​នៅ​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០១៩​ថា​ឆ្លងតាម​ការពិនិត្យ​និង​វាយតម្លៃ​យ៉ាង​យកចិត្តទុកដាក់​របស់​គណៈ​កម្មករ​ចំនួន​៤​រូប​គឺ​ម្ចាស់​ជើងឯក​ជ័យ​លេខ​១​បាន​ទៅលើ​ខេត្តតាកែវ​ចំណាត់ថ្នាក់​លេខ​២​ខេត្តកំពង់ឆ្នាំង​និង​ចំណាត់ថ្នាក់​លេខ​៣​គឺ​ខេត្តកោះកុង​ស្ទួន​នឹង​ខេត្តមណ្ឌលគិរី​។​រីឯ​រាជធានី​ភ្នំពេញ​និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​អវត្តមាន​ពុំ​បានមក​ចូលរួម​ទេ​ក្រៅពី​ទទួល​ចំណាត់ថ្នាក់​ក៏មាន​ការប្រគល់​ពានរង្វាន់​និង​ថវិកា​មួយចំនួន​ផងដែរ​។​

​ចំណែកឯ​លោក អ៊ុក សុជាតិ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​លោកស្រី ឈុន រ៉ាវុធ​អភិបាលរង​ខេត្តកោះកុង​បាន​ថ្លែង​ដៀង​គ្នា​ដែរ​ថា​ការរៀបចំ​ឱ្យមាន​មហោស្រព​បង្ហើរខ្លែង​ខ្មែរ​ជា​រៀងរាល់ឆ្នាំ​ឡើង​។ ក្នុង​គោលបំណង​ថែរក្សា​ទំនៀមទម្លាប់​ប្រពៃណី​ពី​ដូច​តា​ដែល​បន្សល់​ទុកឱ្យ និង​ជាការ​ចូលរួមចំណែក​ផ្សព្វផ្សាយ​អប់រំ​ដល់​កូនចៅ​ជំនាន់​ក្រោយ​បាន​យល់ដឹង​ចងចាំ​ក្នុង​ចិត្ត ក៏ដូចជា​បន្ត​អភិរក្ស​ថែរក្សា​បន្តទៅ​អនាគត​។

​ទាំង​មន្ត្រីជាន់ខ្ពស់​ក្រសួង​វប្បធម៌​និង​អភិបាលរង​ខេត្តកោះកុង​គឺ​សុទ្ធតែ​ចាត់ទុកថា​ការប្រើប្រាស់​សក្តានុពល​វប្បធម៌​ខ្មែរ​ជា​គ្រឹះ​ជំរុញ​កំណើន​វិស័យ​ទេសចរណ៍​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​។​តាម​ឯកសារ​ស្តីពី​ប្រពៃណី​និង​ទំនៀមទម្លាប់​ខ្មែរ​រៀបរៀង​ដោយ​ព្រឹទ្ធាចារ្យ​មៀ​ច​ប៉ុណ្ណ​បាន​លើកឡើងថា​«​ប្រពៃណី​នៃ​ការ​បង្ហើរខ្លែង​បាន​ឆ្លុះបញ្ចាំង​នូវ​ចរិត​របស់​សង្គម​ខ្មែរ​ដែល​រស់នៅ​ផ្សាភ្ជាប់​នឹង​ធម្មជាតិ​ទទួល​ឥទ្ធិពល​ពី​ធម្មជាតិ និង​ប្រើប្រាស់​ថាមពល​ធម្មជាតិ​សម្រាប់​បម្រើការ​រស់នៅ និង​ការកម្សាន្ត ។​

​ប្រពៃណី​នៃ​ការ​បង្ហើរខ្លែង​មិន​គ្រាន់តែ​ជា​ពិធី​មួយ​ធ្វើឡើង​សម្រាប់​ជាការ​កម្សាន្ត​ប៉ុណ្ណោះ​ទេ​។​ប៉ុន្តែ​ក៏​ជា​ពិធី​មួយ​សម្រាប់​គោរពបូជា​ដល់​សាសនា​សំខាន់​ទាំងពីរ​ផងដែរ​ដែល​ប្រជាជន​ខ្មែរ​ធ្លាប់​ជឿ​និង​គោរព​តាំងពីដើម​រៀងមក គឺ ព្រហ្មញ្ញសាសនា​នឹង​ព្រះពុទ្ធសាសនា​។​

​លោក ខាន់ ជេ​ត តំណាង​បង្ហើរ​ខ្លែ​រ​ជាប់​ជ័យលាភី​លេខ​១​មកពី​ខេត្តតាកែវ និង​កញ្ញា សាន ស្រីរ័ត្ន បេក្ខជន​លេខ​១​ស្វ័យរិន​បង្ហើរ​ខ្លែ​រ​បានបង្ហាញ​ក្តី​រីករាយ​ចំពោះ​ការចូលរួម​ប្រ​កែ​ត​ប្រជែង​និង​ទទួល​ជ័យលាភី​បង្ហើរ​ខ្លែ​រ​ខ្មែរ​លើក​ទី​២៣​ថា​នេះ​ជា​មោទនភាព​មួយ​សម្រាប់​ខេត្ត​របស់​ពួកគាត់​ផង​ក្នុងន័យ​រួមចំណែក​ថែរក្សា​ប្រពៃណី​ដូនតា​បន្សល់​ទុកឱ្យ​ផង​។​អ្នក​ដែល​អភិរក្ស​ខ្លែង​ស្នើ​ដល់​រាជរដ្ឋាភិបាល​និង​ក្រសួង​វប្បធម៌​បន្ត​រៀបចំ​កម្មវិធី​បង្ហើរខ្លែង​ខ្មែរ​ឱ្យ​គង់រ​ង្ស​ទៅ​អនាគត​រីឯ​ពលរដ្ឋ​ខ្មែរ​ក៏ត្រូវ​នាំគ្នា​លេង​កម្សាន្ត​ថែរក្សា​សម្បត្តិ​ដូនតា​យើង​បន្សល់​អោយ​ដែរ​។​

​មហោស្រព​បង្ហើរខ្លែង​ខ្មែរ កាលពី​ឆ្នាំ​២០១៨ នៅ​ខេត្តស្វាយរៀង ចំណាត់ថ្នាក់​លេខ​១ គឺ​ខេត្តរតនៈគិរី ចំណាត់ថ្នាក់​លេខ​២ ខេត្តតាកែវ និង​ចំណាត់ថ្នាក់​លេខ​៣ ខេត្តកំពង់ឆ្នាំង​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម