​សម្តេច​ហ៊ុនសែន​ប្រាប់​ម្ចាស់​ម៉ាស៊ីនកិនស្រូវ​ទាំងអស់​កុំ​យក​កម្ចី​ដែលផ្តល់​ឲ្យ​ ទៅ​ច្របាច់ក​ប្រជាជន​ដោយ​ការទម្លាក់​ថ្លៃ​ស្រូវ​

473
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ចំពោះ​ម្ចាស់​ម៉ាស៊ីនកិនស្រូវ​ទាំងអស់​ដែលទទួល​ទិញស្រូវ​ពី​ប្រជាកសិករ​មេត្តា​កុំ​ទម្លាក់​និង​បង្អាប់ថ្លៃ​ស្រូវ​របស់​ប្រជាកសិករ​ស្របពេល​ដែល​ប្រជាកសិករ​កំពុងតែធ្វើកា​រ​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​នោះ​។ជាមួយ​សម្តេច​បានលើកឡើង​ថា ​រាជរដ្ឋាភិបាល​បាន​បញ្ចេញ​ថវិកា​ចំនួន ៥០​លាន​ដុល្លារ​អាម៉េរិក​ដើម្បី​ជួយ​ឱ្យ​ម្ចាស់​ម៉ាស៊ីនកិនស្រូវ​ ប៉ុន្តែ​សូម​អស់លោក​យល់​មិនមែន​យក​៥០​លាន​ដុល្លារ​ទៅ​ច្របាច់ក​ប្រជាជន​ដើម្បី​ទម្លាក់​ថ្លៃ​ស្រូវ​នោះទេ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើការ​អំពាវនាវ​នេះ ​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ចំនួន ៦៧៦២​នាក់នា​ព្រឹក​ថ្ងៃទី​១១ខែធ្នូ ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖ «​យើង​យល់​ហើយ​អំពី​ក្រឹត្យក្រម​នៃ​សេដ្ឋកិច្ច​ពេលណា​មាន​តម្រូវការ​ច្រើន​ ការផ្គត់ផ្គង់​តិច តម្លៃ​ស្រូវ​វា​ឡើងថ្លៃ ពេល​មាន​តម្រូវការ​តិច ​មានការ​ផ្គត់ផ្គង់​ច្រើន​ តម្លៃ​ស្រូវ​វា​ចុះថ្លៃ​ ប៉ុន្តែ​ខ្ញុំ​សូម​អំពាវនាវ​ចំពោះ​ម្ចាស់​កន្លែង​ស្តុក​ស្រូវ​ដែល​ទទួល​ទិញ​ពី​កសិករ​សុំ​កុំ​បង្អាប់ថ្លៃ​ស្រូវរបស់​ប្រជាកសិករ​»​។

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា ​កន្លងមក​រាជរដ្ឋាភិបាល​បាន​បញ្ចេញ​ថវិកា​ចំនួន​៥០ លាន​ដុល្លារ​ដើម្បី​ជួយ​ឱ្យ​ម្ចាស់​ម៉ាស៊ីនកិនស្រូវ ប៉ុន្តែ​សូម​អស់លោកយល់​មិនមែន​យក ៥០លាន​ដុល្លារ​ទៅ​ច្របាច់ក​ប្រជាកសិករ​ដើម្បី​ទម្លាក់​ថ្លៃ​ស្រូវ​នោះទេ។ដូច្នេះ​ក្រសួងពាណិជ្ជកម្មក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួងកសិកម្ម​ក៏ដូចជា​សភាពាណិជ្ជកម្ម​និង​សហព័ន្ធ​ស្រូ​វ​អង្ករ​ត្រូវ​ត្រួត​ពិនិត្យមើល​បញ្ហា​នេះ​ឱ្យបាន​ឆាប់​ទៅតាម​អ្វីដែល​អាច​ធ្វើទៅកើត​ ព្រោះ​ពេលនេះ​ជា​រដូវ​ដែលកសិករ​កំពុងតែ​ប្រមូល​ផល​ទាំង​ស្រូវ​រដូវប្រាំង​និង​រដូវវស្សា​ ក៏ប៉ុន្តែ​ថ្លៃ​ស្រូវ​ក៏បាន​ធ្លាក់ចុះ​ដូច្នេះ​សូមឱ្យ​បណ្ដា​រោង​ម៉ាស៊ីនកិនស្រូវ​ត្រូវ​ទទួល​ការទិញ​ស្រូវ​ពី​ប្រជាសិករ​ដោយ​តម្លៃ​សមរម្យ​ កុំ​ទម្លាក់​ថ្លៃ​ជ្រុលហួស ដែល​ធ្វើឱ្យ​ប្រជាកសិករ​របស់​យើង​ជួប​ការលំបាក​។​

​សម្ដេច​បញ្ជាក់ថា ​ពិត​មែនហើយ​ឆ្នាំនេះ​ទិន្នផល​ស្រូវ​របស់​យើង​មានការ​កើនឡើង​រហូត​ទៅដល់​ប្រមាណ​ជាង ៣តោន​ក្នុង​មួយ​ហិកតា​ បើ​យោងទៅលើ​ស្ថិតិនៃ​ការ​ច្រូតកាត់​រយៈពេល​កន្លងទៅ​គឺមាន​ទិន្នផល​ខ្ពស់ ​ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​ទាក់ទង​ជាមួយនឹង​តម្លៃ​ស្រូវ​ដែល​ស្នើឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​យកចិត្តទុកដាក់​ទៅលើបញ្ហា​នេះ ។

​សម្តេច​បន្តថា ​យើង​មាន​ទីផ្សារ​នាំចេញ​ស្រូវ​អង្ករ​ទៅ​ក្រៅប្រទេស​ក៏​កាន់តែច្រើន​ដែរ​ ដូចជា​នាំ​ចេញទៅ​ប្រទេស​ចិននិងប្រទេស​ក្នុង​តំបន់​ដែលមាន​រហូតដល់ជាង​៦០​ប្រទេស​រាប់ទាំង​សហភាព​អឺរ៉ុប​ផងដែរ។សម្តេច​ក៏​​បាន​ឲ្យ​ដឹង​ទៀតថា​ កាលពី​បី​ឬ​បួន​ថ្ងៃ​មុ​នេះ​សម្តេច​បាន​ចុះហត្ថលេខា​បញ្ចេញ​ថវិកា​ជាង​១០០ពាន់​លាន​រៀល​ស្មើនឹង១០០​លាន​ដុល្លារ​ដើម្បី​បញ្ជូនទៅឱ្យ​ការបង្កើត​ធនាគារ​សហគ្រាស​ធុន​តូច​និង​មធ្យ ​ដូច្នេះ​ទាំងអស់នេះ​វា​ក៏​ជា​ផ្នែក​មួយ​នៃ​រោង​ម៉ាស៊ីនកិនស្រូវ​ផងដែរ​ដើម្បី​គាំទ្រ​តម្លៃ​ស្រូវ​និង​កសិផល​ដទៃទៀត​រប​ស់​កសិករ​យើង​។​

​នៅក្នុង​ពិធី​នោះដែរ​ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ស្នើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​យកចិត្តទុកដាក់​រក្សា​ទឹក​ទុកនៅតាម​បឹងបួ ត្រពាំង ស្រះ ឬ​ប្រឡាយនិង​សន្សំសំចៃ​ក្នុងការ​ប្រើប្រាស់​ទឹក​ ហើយក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឆ្នាំនេះ​ត្រូវធ្វើ​ស្រែប្រាំង​តែម្ដងបាន​ហើយ ​ឯលើ​ក​ទី​ពីរ​គួរ​ដាំ​ដំណាំ​អ្វី​ផ្សេង​ដែលតម្រូវការ​ទឹក​តិចជាង​ការធ្វើ​ស្រូវ​រដូវប្រាំង ។ ដូច្នេះ​ប្រជាពលរដ្ឋ​ត្រូវខិតខំ​សន្សំសំចៃ​ដើម្បី​ធានាថា​ទឹក​ត្រូវបាន​ប្រើប្រាស់​ដោយមាន​ប្រសិទ្ធភាព​បម្រើឱ្យ​ជីវភាព​របស់​ប្រជាជន​៕​/Ha