​កម្ពុជា​-​អារ៉ាប់​រួម​នឹង​ចុះ​អនុស្សរណៈ​លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ

279
ចែករម្លែក

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ​និង​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា​និង​អារ៉ាប់​រួម​ឬ​អារ៉ាប់​អេ​មី​រ៉េត​កាន់តែ​ល្អប្រសើរ​ថែមទៀត​នោះ​ប្រទេស​ទាំងពីរ​នឹងធ្វើ​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នាពេល​ឆាប់ៗ​ខាងមុខ​។​

​ការបង្ហាញ​ជំហរ​រវាង​ប្រទេស​ទាំងពីរ​នេះ​ធ្វើឡើង​ក្នុងជំនួប ពិភាក្សា​ការងារ​រវាង​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាមួយ​លោក សា​អី​ហ្វ អាប់​ឌុល​ឡា មហា​ម៉េ​ដ ខាល់​ហ្វា​ន​អាល់​ស្ហា​មី​ស៊ី​(SaifAbdullaMohammedKhalfanAlshamisi)​ឯកអគ្គរដ្ឋទូត​អារ៉ាប់​រួម​ដែលមាន​និវេសនដ្ឋាន​នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩​។​

​បញ្ជាក់​ក្នុង​ពិធី​នេះ​លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​បានបង្ហាញ​ការស្វាគមន៍​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​លើ​ការជំរុញ​ឱ្យមាន​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​ដែល​កំពុងដំណើរការ​យ៉ាង​ល្អ​នា​កន្លងមក​។​

លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​បន្ថែមថា​”​ពេល​អនុស្សរណៈ​ត្រូវបាន​ចុះហត្ថលេខា​រួចរាល់​វា​ជាការ​ផ្ដល់ឱកាស​ថ្មី​បន្ថែមទៀត​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ចង់​ស្វែងរក​ការងារ​ធ្វើ​នៅក្រៅ​ប្រទេស​និង​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់​។​នៅក្នុង​ប្រទេស​កម្ពុជា​ក៏​សម្បូរ​ការងារ​ធ្វើ​ហើយ​កន្លែង​ខ្លះ​ក៏​ខ្វះ​កម្លាំង​ពលកម្ម​ទៅទៀត​។​ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​ផ្ដល់ឱកាស​និង​ស្វែងរក​ការងារ​នៅក្រៅ​ប្រទេស​សម្រាប់​ប្រជាពលរដ្ឋ​បន្ថែមទៀត​”​។​

​លោក​រដ្ឋមន្ត្រី​លើកឡើង​ផង​ថា​តាមរយៈ​ការ​ចេញទៅ​ធ្វើការ​ក្រៅប្រទេស​នេះ​បាន​ជួយ​ឱ្យ​ពលករ​ទទួលបាន​ប្រាក់ចំណូល​ថែមទាំង​ទទួលបាន​បទពិសោធន៍​ជំនាញ​វិជ្ជាជីវៈ​ទៀតផង​។​លោក​ឯកអគ្គរដ្ឋទូត​អារ៉ាប់​រួម​លោក​AbdullaMohammed​បាន​អះអាងថា​នៅ​ប្រទេស​អារ៉ាប់​រួមមាន​ប្រជាជន​រស់នៅ​យ៉ាងច្រើន ក្នុងនោះ​មាន​ប្រមាណ ២០០​សញ្ជាតិ ដែល​កំពុង​រស់នៅ ប្រកបការងារ អាជីវកម្ម ពាណិជ្ជកម្ម និង​ទេសចរណ៍​ក្នុងប្រទេស​នេះ​ប្រកបដោយ​សុខដុម​នីយកម្ម​។​

​មិនតែប៉ុណ្ណោះ​នៅ​ឆ្នាំ​២០១៩​នេះ​រដ្ឋាភិបាល​អារ៉ាប់​រួម​ក៏បាន​ដាក់ចេញ​គោលនយោបាយ​គាំពារ​សិទ្ធិសេរីភាព​និង​ផលប្រយោជន៍​របស់​ប្រជាជន​ដែល​រស់នៅ​ប្រកបការងារ​អាជីវកម្ម​និង​ធ្វើ​ពាណិជ្ជកម្ម​ក្នុងប្រទេស​ខ្លួន​ផងដែរ​ដើម្បី​ធ្វើឱ្យ​ការរស់នៅ​ក្នុងប្រទេស​នេះ​កាន់​តែមាន​ភាពសុខសាន្ត​។​ព្រម​ជាមួយគ្នានេះ​លោក​AbdullaMohammed​បានបង្ហាញ​គោលបំណង​ចង់ឱ្យ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​លើ​វិស័យ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រវាង​កម្ពុជា​និង​អារ៉ាប់​រួម​ឈានទៅរក​ការចុះហត្ថលេខា​ឱ្យបាន​ឆាប់រហ័ស​។

​គួរ​បញ្ជាក់ថា បច្ចុប្បន្ន​មិនទាន់មាន​ពលករ​កម្ពុ​ជា​ទៅ​ធ្វើការ​នៅ​ប្រទេស​អារ៉ាប់​រួម តាមរយៈ​ក្រុម ហ៊ុន​ដែល​ទទួល​សិទ្ធិ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​អារ៉ាប់​រួម​នៅឡើយ​ទេ​ប៉ុន្តែ​អាចមាន​ពលករ​កម្ពុជា​មួយចំនួន​បាន​ទៅធ្វើ​ការ​នៅ​ទីនោះ​ដោយ​ខ្លួនឯង​៕S/

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ ក្នុងជំនួប​ជាមួយ​លោក Abdulla Mohammed កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ