បរិយាយ​លេខ​នេះ​៖ ស្ថាបនា​ផ្លូវ អម​សងខាង​ផ្លូវ​រថភ្លើង ដើម្បី​រំដោះ​ចរាចរណ៍​តែ​ទាមទារ​ឲ្យ អ្នកបើកបរ ត្រូវ​ចូលរួម​

725
ចែករម្លែក

កាលពី​រសៀល​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ លោក​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ ថុល រដ្ឋមន្ត្រី ក្រសួង សាធារណការ និង​ដឹកជញ្ជូន និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រួម​នឹង​មន្ត្រី ជំនាញ​ជាច្រើនរូប បាន​ជិះ​រថភ្លើង ដើម្បី ពិនិត្យ​ស្ថានភាព ដើម្បី​ស្ថាបនា​ផ្លូវ​អម​សងខាង​ផ្លូវ​ភ្លើង​។ គម្រោង​ធ្វើ​ផ្លូវ​សម្រាប់ យានយន្ត​នេះ ដើម្បី​កាត់បន្ថយ និង​រំដោះ​ចរាចរណ៍ ដែល​កំពុង​កកស្ទះ នៅ ភ្នំពេញ ពិសេស​មហាវិថី​សហព័ន្ធរុស្ស៊ី ឬ ផ្លូវ​ពោធិ៍ចិនតុង​។​

​ក្រសួង​សាធារណការ និង​សាលា​រាជធានី​ភ្នំពេញ គ្រោង​នឹងធ្វើ​ផ្លូវ​បេតុង អម​សងខាង​ផ្លូវ​ភ្លើង ចាប់ពី​ស្ថានីយ​រថភ្លើង​ដើមទី ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​ទៅដល់​ស្ថានីយ​រថភ្លើង សំរោង ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ ​
ផ្លូវ​សម្រាប់​យានយន្ត នៅ​សងខាង​បណ្តោយ​ផ្លូវ​រថភ្លើង​ពី​ស្ថានីយ​កណ្តាល​ទៅ​ស្ថានីយ​រថភ្លើង សំរោង ត្រូវបាន​ស្ថាបនា​ឡើង ដោយ​កន្លែង រួច​ខ្លះ​ហើយ​។ ពោលគឺ​កន្លែង​ខ្លះ ត្រូវបាន​ស្ថាបនា ជា​បណ្តោះអាសន្ន​រួច ដែលមាន​ទទឹង ៧​ម៉ែត្រ ទៅ ៥​ម៉ែត្រ ហើយ​ក្នុងនោះ​កន្លែង​ខ្លះ​ក៏​មិនទាន់ មាន​សាងសង់​ផ្លូវ​ដោយនៅ​ជា​ផ្លូវដី​រលាក់ និង​កន្លែង​ខ្លះ មាន​ប្រជាពលរដ្ឋ​រស់នៅ លក់ដូរ ស្ទើរតែ​លើផ្លូវ​រថភ្លើង ក៏មាន​។​
​ ​
តាម​បណ្តោយ​កំណាត់​ផ្លូវ​រថភ្លើង ដែល​គ្រោង​នឹង​សាងសង់​ផ្លូវ​បេតុង សម្រាប់​យាន យន្ត​នេះ នឹង​អាច​សម្រេច​ទៅបាន លុះត្រាតែ​អាជ្ញាធរ​សមត្ថកិច្ច អនុវត្ត​វិធានការ​តឹងរឹង ព្រោះថា នៅ​កន្លែង​ខ្លះ ដែលមាន​ក្រុម​អ្នករស់នៅ និង​លក់ដូរ ស្ទើរតែ​នៅលើ​ផ្លូវ​រថភ្លើង​ពិសេស​ចាប់ពី​ប្លុក ស្ថានីយ​ធំ នៅ​តំបន់​បឹងកក់ និង​នៅ​ម្តុំ​វត្ត​នាគ​វ័​ន្ត គឺ​ហាក់ដូចជា​កន្លែង​អាណាធិបតេយ្យ​ដែល ប្រជាពលរដ្ឋ​ប្រមូល​ផ្តុំគ្នា​ទៅ​រស់នៅ និង​ដាក់លក់​ឥ​វ៉ាន់ ដោយ​ខុសច្បាប់​ហើយក៏​អាច​នឹងមាន គ្រោះថ្នាក់ នៅពេល​រថភ្លើង​បើក​ឆ្លងកាត់​។​
​ ​
ជា​បទពិសោធន៍ កំណាត់​ផ្លូវ​រថភ្លើង ខាង​ឫស្សីកែវ ដែល​រាជរដ្ឋាភិបាល សម្រេច​យូរ​ឆ្នាំ​មកហើយ ដើម្បី​កែប្រែ​ផ្លូវ​រថភ្លើង​ចាស់ ទៅជា​ផ្លូវ​បេតុង សម្រាប់​យានយន្ត ដើម្បី​សម្រួល និង​រំដោះ ចរាចរណ៍ នៅ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចាប់ពី​ផ្លូវ​លេខ​៧០ ទំនប់ ទួលគោក​-​បឹងកក់​ដល់​រោង ចក្រ​ស្រា SKD នៅ​ឫស្សីកែវ គឺ​មកដល់ពេលនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ មិនទាន់​អាចធ្វើ​ផ្លូវ ចាក់​បេតុង បាន​នៅឡើយ​ទេ​។ ប្រជាពលរដ្ឋ ក៏​ចូល​រស់​នៅលើ​អតីត​ផ្លូវ​រថភ្លើង​នោះ ដោយ អាជ្ញាធរ ដោះ​មិនទាន់​ចេញ​។​
​ ​
គម្រោង​លើក​នេះ​ទៀត តើ​អាច​សម្រេច​ទៅបាន​ទេ​? ខណៈដែល​កាលពី​ប៉ុន្មាន​ឆ្នាំមុន ក៏មាន ក្រុមហ៊ុន​បរទេស តាមរយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចង់​វិនិយោគ​ធ្វើ​ផ្លូវ​រថភ្លើង ល្បឿន​លឿន ពី​ស្ថានីយ​កណ្តាល ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ តែ​មិនអាច​ពង្រីក ធ្វើ​ផ្លូវ​បាន ដោយសារតែ​ប្រជាពលរដ្ឋ នៅ​អម​សង្ខាង​ផ្លូវ​រថភ្លើង មិន​យល់ព្រម​ហើយ​ខ្លះ​ទាមទារ សំណង​ថ្លៃ​ពេក ជាដើម​។​
​ ​
យ៉ាងណាក៏ដោយ លើក​នេះ បើសិនជា​គម្រោង​ធ្វើ​ផ្លូវ​បេតុង អម​សង្ខាង​ផ្លូវ​រថភ្លើង​អាច​សម្រេច បាន គឺ​ពិតជា​អាច​ចូលរួម​រំដោះ​ចរាចរណ៍ ដែល​កំពុង​កកស្ទះ នៅ​មហាវិថី​សហព័ន្ធរុស្ស៊ី​។ ប៉ុន្តែ​ក៏​ទាមទារ​ឲ្យ​អ្នកបើកបរ​យានយន្ត តាមផ្លូវ​អម​សង្ខាង​ផ្លូវ​រថភ្លើង ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ បើ​មិន​ដូច្នេះ​ទេ អាច​នឹង​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍ ឡាន​ម៉ូតូ បុក​រថភ្លើង ឬក៏​មាន​អ្នកបើកបរ ឆ្លងកាត់ ឬ​ចូល​ផ្លូវ​រថភ្លើង បង្ក​ជា​គ្រោះថ្នាក់ ដូច​ករណី​ផ្លូវ​រថយន្ត​ភ្លើង​ចូល​អាកាសយានដ្ឋាន ភ្នំពេញ កាលពីពេល​កន្លងមក​។​
​ ​
ម្យ៉ាងទៀត អ្នកធ្វើ​ផ្លូវ​បេតុង អម​សង្ខាង​ផ្លូវ​រថភ្លើង ក៏​គួរតែមាន​បច្ចេកទេស​ត្រឹមត្រូវ ធ្វើយ៉ាងណា កុំ​ឲ្យ​ម៉ូតូ​ឡាន អាច​បើក​ឡើងលើ​ផ្លូវ​រថភ្លើង​បាន ព្រោះថា សព្វថ្ងៃនេះ តាមផ្លូវ​នានា នៅពេល កកស្ទះ គឺ​ឡាន​ម៉ូតូ រួមទាំង​ម៉ូតូ​កង់​បី បើកបរ​រុលទៅមុខ ឡើងលើ​ចិញ្ចើមផ្លូវ​ដោយ​ឲ្យ​តែមាន ប្រឡោះ ធ្វើ​ម៉េច​រុលទៅមុខ​យក​មួយ​ឈ្នះ​ដៃ​។ បើសិនជា នៅ​ផ្លូវ​ថ្មី អម​សង្ខាង​ផ្លូវ​រថភ្លើង កកស្ទះ នោះ​នឹង​អាចមាន​អ្នកបើកបរ​ម៉ូតូ ម៉ូតូ​កង់​បី រថយន្ត បើក​ឡើងលើ​ផ្លូវ​រថភ្លើង​ដែល​អាច​នឹង បង្ក​គ្រោះថ្នាក់​ជាក់​ជាមិនខាន បើសិនជា​មិនមាន​វិធានការ​ទប់ស្កាត់ និង​ការពារ​ជាមុន​ទេនោះ​។ នៅ​ផ្លូវ​ឆ្លងកាត់ ផ្លូវ​រថភ្លើង ក៏​ដូចគ្នា គួរតែមាន​ប៉ា​រ៉ា​ស់​ដូច​សព្វថ្ងៃ ហើយ​មាន​អ្នកយាម នៅ​បញ្ជា ផ្តល់​សញ្ញា បិទផ្លូវ នៅពេល​រថភ្លើង​ឆ្លងកាត់ ទើប​អាច​ទប់ស្កាត់​មិន​ឲ្យ​អ្នកបើកបរ​យានយន្ត ឡាន​ម៉ូតូ ឆ្លងកាត់ ពេល​រថភ្លើង​មកដល់​។​
​ ​
សរុបទៅគម្រោង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រួមទាំង​រាជធានី​ភ្នំពេញ ក្នុងការ ពិនិត្យ​ស្ថាបនា​ផ្លូវ​បេតុង អម​សង្ខាង​ផ្លូវ​រថភ្លើង ពី​ស្ថានីយ​កណ្តាល ទៅ​ស្ថានីយ​សំរោង នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ គឺ​នឹង​អាច​កាត់បន្ថយ និង​រំដោះ​ការកកស្ទះ​ចរាចរណ៍​នៅ​ផ្លូវ​សហព័ន្ធ រុស្ស៊ី ទៅ​ថ្ងៃ​ខាងមុខ​។ តែ​គម្រោង​នេះ អាច​សម្រេចបាន ក៏​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​អម សង្ខាង​ផ្លូវ​រថភ្លើង ជាពិសេស អ្នកបើកបរ​ទាំងឡាយ ចូលរួម​។ ប្រជាពលរដ្ឋ បញ្ឈប់​រស់នៅ និង​លក់ដូរ​លើ​ចំណីផ្លូវ​រថភ្លើង ហើយ​អ្នកបើកបរ ក៏​គួរតែ​បើកបរ​ដោយ​គោរព​ច្បាប់​ប្រុងប្រយ័ត្ន ខ្ពស់ ព្រោះថា រថភ្លើង មិនមាន​ហ្វ្រាំង​ចាប់​ជាប់​ដូច​ឡាន​ម៉ូតូ​នោះទេ​។ តែ​បុក​ប៉ះ​រថភ្លើង គឺ​មានតែ​ម៉ូតូ ឡាន​នេះហើយ ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​៕ ដោយ​៖ ម៉េង​ឆៃ​

ទីតាំងផ្សាយពាណិជ្ជកម្ម