កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចាក់អង្រែលើ ឃាត់ខ្លួន​ជនសង្ស័យ ៤​នាក់​ទាំង​កណ្ដាលយប់ ពាក់ព័ន្ធ​ករណី​លួច​

277
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ជនសង្ស័យ​៤​នាក់ ត្រូវ​កម្លាំង​ល្បាត​របស់​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ចាក់អង្រែលើ​ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​លួច​សម្ភារៈ​ប្រជាពលរដ្ឋ កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​អគ្គីសនី​ទី​២ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។​

ជនសង្ស័យ​ទាំង​៤​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​រួមមាន ៖ ទី​១​ឈ្មោះ សុខ ផល្លាត ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ កម្មករសំណង់​។ ទី​២ ឈ្មោះ សៅ សុវណ្ណ​ពិ​ទូ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ កម្មករសំណង់​។ ទី​៣ ឈ្មោះ សន ខយ ភេទ​ប្រុស អាយុ ១៥​ឆ្នាំ កម្មករសំណង់ ។ និង​ទី​៤ ឈ្មោះ គង់ ចាន់​ឌី ហៅ​បុត្រ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ មិន​ពិតប្រាកដ​។ ជនសង្ស័យ​ទាំង​៤​ស្នាក់នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។​

​បើតាម​មន្ត្រីនគរបាល​ប៉ុស្ដិ៍​ចាក់អង្រែលើ​បាន​ប្រាប់​ឲ្យ​ដឹងថា មុន​និង​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ គឺ​កម្លាំង​នគរបាល​បានធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន​ជាប្រចាំ ខណៈនោះ​ក៏​ប្រទះឃើញ​ជនសង្ស័យ​០៣​នាក់​កំពុងតែ​បណ្ដើរ​កង់​ដោយ​ដឹក តុ កៅអី ឡើង​ស្រ​ពិ​ង​ស្រ​ពង ទើប​មានការ​សង្ស័យ​ក៏​ឃាត់​ឲ្យ​ឈប់​និង​សួរនាំ ទើប​ដឹងថា ពួ​គេ​បាន​លួច​ពី​ផ្ទះ​ប្រជាពលរដ្ឋ​ក្បែរៗ​នោះ​។ ក្រោយពី​ដឹងថា​ពួកគេ​លួច​សម្ភារៈ​ប្រជាពលរដ្ឋ សមត្ថកិច្ច​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​យកមក​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ចាក់អង្រែលើ​ដើម្បី​សួរនាំ​បន្ថែម រហូត​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ចាក់អង្រែលើ ដើម្បី​សួរនាំ​បន្ត និង​កសាង​សុំ​ណុំ​រឿង​បញ្ចូនទៅ​អធិការដ្ឋាន នគរបាល​ខណ្ឌមានជ័យ ចាត់ការ​បន្ត​តាម​នីតិវិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម