មន្ត្រីជាន់ខ្ពស់​កម្ពុជា​ទៅ​ចូលរួម​សន្និសីទ លើក​ទី​២៥ អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (COP25)

274
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / នៅ​ទីក្រុង ម៉ា​ឌ្រី​ដ ប្រទេស​អេ​ស្ប៉ា​ញ​: លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដឹកនាំ​ប្រតិភូ​អន្តរក្រសួង មកពី​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួង​ដែនដី​នគររូបនីយកម្ម និង​សំណង់ ក្រសួង​កិច្ចការនារី និង​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ចូលរួម និង​ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​លើក​ទី​២៥ នៃ​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (COP25) នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ នៃ​ប្រទេស​អេ​ស្ប៉ា​ញ​។
​សន្និសីទ​នេះ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២ ដល់​១៣ ខែធ្នូ ឆ្នាំ​២០១៩ ដោយមាន​ប្រតិភូ​ចូលរួម​ប្រមាណ ២៦០០០ នាក់ មកពី​ជិត​២០០​ប្រទេស ដៃគូ​អភិវឌ្ឍ អង្គការ​មិនមែន អន្តរ​ដ្ឋា ភិ​បាល និង​វិស័យ ឯកជន​។

​ពេល​ថ្លែង​សុន្ទរកថា លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា កម្ពុជា​មានការ​ព្រួយបារម្ភ​យ៉ាង ខ្លាំង​អំពី​ឥទ្ធិពល​នៃ​ការប្រែប្រួល​អាកាសធាតុ ជាពិសេស​ភស្តុតាង​វិទ្យាសាស្ត្រ ដែល​បានបង្ហាញ​ដោយ​ក្រុមប្រឹក្សា​អន្តររដ្ឋាភិបាល ស្តីពី​ការប្រែប្រួល អាកាសធាតុ​។
​លោក​បាន​ជម្រាប​អង្គ​សន្និសីទ​ថា សន្តិភាព ស្ថិរភាព និង​កំណើនសេដ្ឋកិច្ច​ដោយ​ចីរភាព ព្រមទាំង​ការយល់ដឹង​កាន់តែច្បាស់​អំពី​បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ​របស់​ប្រជាពលរដ្ឋ ជាពិសេស​យុវជន គឺជា​កត្តាចាំបាច់​ដែល​អនុញ្ញាតឱ្យ​រាជរដ្ឋាភិបាល​អនុវត្ត​សកម្មភាព​ឆ្លើយតប​នឹង​ប្រែប្រួល​អាកាសធាតុ​ដោយ​ជោគជ័យ​។​

​លោក​ប្រាប់​សន្និសីទ​អំពី​សមិទ្ធិផល និង​វឌ្ឍនភាព ដែល​កម្ពុជា សម្រេចបាន ដូចជា​ការបញ្ជ្រាប​យ៉ាង​ស៊ីជម្រៅ​នៃ​ការប្រែប្រួល​អាកាសធាតុ​ទៅក្នុង​ផែនការ​តាម​វិស័យ ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ការបង្កើន​ភាគរយ​នៃ​ការផលិត​អគ្គិសនី​ពី​ថាមពល​កកើត​ឡើងវិញ ជាពិសេស​ថាមពល​ពន្លឺព្រះអាទិត្យ ការទទួលបាន​ប្រាក់ចំណូល​ពី​កម្មវិធី​ព្រៃឈើ REDD+ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​។​ល​។ ស្ថាប័ន​មួយ​របស់​កម្ពុជា ដែល មាន​ឈ្មោះថា គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ក៏បាន​ទទួលស្គាល់​ដោយ មូលនិធិ​អាកាសធាតុ​បៃតង (Green Climate Fund) ជា​អង្គភាព​អនុវត្ត​គម្រោង ដែលមាន​សមត្ថភាព​ទ​ទួល​ហិរញ្ញប្បទាន​ផ្ទាល់​សម្រាប់​អនុវត្ត​គម្រោង​។​

​ជា​ចុងក្រោយ លោក​បាន​អំពាវនាវ​ដល់​ប្រទេស​អភិវឌ្ឍ​បង្កើន​ការផ្តល់​ថវិកា​ហិរញ្ញវត្ថុ​នៅក្រោម​មូលនិធិ​អាកាសធាតុ​បៃតង មូលនិធិ​សម្រាប់​ប្រទេស​អភិវឌ្ឍ​តិចតួច (Least Development Countries Fund-LDCF) និង​មូលនិធិ​បន្ស៊ាំ (Adaptation Fund) ព្រមទាំង​ស្នើសុំ​ឱ្យ​ក្រុមប្រឹក្សា នៃ​មូលនិធិ​អាកាសធាតុ​បៃតង ពង្រីក​ការគាំទ្រ​បណ្តា​គម្រោង​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ ដើម្បី​រួមចំណែក​សម្រេចបាន​គោលដៅ​យុទ្ធសាស្ត្រ​ឆ្នាំ​២០៣០ ដែលជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម