ឥណ្ឌា​អនុម័ត​សេចក្តីព្រាងច្បាប់​សញ្ជាតិ​ដ៏​ចម្រូងចម្រាស​ចំពេល​មាន​បាតុកម្មហិង្សា​

397
ចែករម្លែក

​កាលពី​ថ្ងៃ​ពុធ​ទី​១១​ធ្នូ​សភា​ឥណ្ឌា​បានអនុម័ត​សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​ដែល​នឹង​ផ្តល់​សញ្ជាតិ​ដល់​ជនអន្តោប្រវេសន៍​មិនមែន​មូស្លីម​មកពី​ប្រទេស​មួយចំនួន ខណៈ​កងទ័ព​រាប់រយ​នាក់​ត្រូវបាន​ដាក់ពង្រាយ​នៅ​ភាគ​ឦសាន​ដែល​ញាំញី​ដោយ​ការតវ៉ា​ហិង្សា​។​

​សេចក្តីព្រាងច្បាប់​នេះ​នឹង​អនុញ្ញាតឱ្យ​រដ្ឋាភិបាល​ឥណ្ឌា​ផ្តល់​សញ្ជាតិ​ដល់​ជនអន្តោប្រវេសន៍​ខុសច្បាប់​រាប់លាន​នាក់​ដែល​បាន​ចូល​ប្រទេស​ឥណ្ឌា​ពី​ប្រទេសជិតខាង​ចំនួន​បី​មុន​ឆ្នាំ ២០១៥ ប៉ុន្តែ​មិនមែនជា​ជនមូស្លីម​នោះទេ​។​

​សេចក្តីព្រាងច្បាប់​នេះ​ត្រូវបាន​អនុម័ត​ដោយ​សភា​ជាន់ខ្ពស់​ក្នុង​សំឡេង ១២៥​ទល់​១០៥ បន្ទាប់ពី​សភា​ជាន់​ទាប​បាន​បោះឆ្នោត​គាំទ្រ​វា បន្ទាប់ពី​ពាក់​កណ្តាលអធ្រាត្រ​ថ្ងៃ​អង្គារ​។ សេចក្តីព្រាងច្បាប់​នេះ​នឹងត្រូវ​បញ្ជូនទៅ​ប្រធានាធិបតី​ដើម្បី​ចុះហត្ថលេខា​ឱ្យ​ក្លាយជា​ច្បាប់ ព្រោះ​ការយល់ព្រម​ពី​គាត់​ត្រូវ​ចាត់ទុកជា​ការសម្រេច​ជា​ផ្លូវការ​។​

​លោកនាយក​រដ្ឋមន្ត្រី​ណារិន​ដ្រា ម៉ូ​ឌី បាន​សរសេរ​លើ Twitter ថា “​ថ្ងៃ​ដ៏​សំខាន់​សម្រាប់​ប្រទេស​ឥណ្ឌា​និង​ក្រមសីលធម៌​នៃ​ការអាណិតអាសូរ​និង​ភាតរភាព​របស់​ប្រជាជាតិ​យើង​! សេចក្តីព្រាងច្បាប់​នេះ​នឹង​ជួយ​កាត់បន្ថយ​ទុក្ខលំបាក​របស់​មនុស្ស​ជាច្រើន​នាក់ ដែល​ប្រឈមមុខ​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​អស់​ជាច្រើន​ឆ្នាំ​”​។​

​ក្រុម​អ្នក​ប្រឆាំងនឹង​ច្បាប់​នេះ​បាន​គំរាម​ប្តឹងតវ៉ា​នឹង​ច្បាប់​នេះ​នៅក្នុង​តុលាការ​កំពូល ដោយនិយាយ​ថា​វា​បាន​រំលោភ​លើ​គោលការណ៍​សមភាព​និង​លទ្ធិប្រជាធិបតេយ្យ​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។​

​សម្រាប់​ក្រុម​អ៊ីស្លាម បក្សប្រឆាំង ក្រុម​សិទ្ធិមនុស្ស និង ក្រុម​ដទៃទៀត សេចក្តីព្រាងច្បាប់​នេះ​គឺជា​ផ្នែក​មួយ​នៃ​របៀបវារៈ​ជាតិនិយម​ហិណ្ឌូ​របស់លោក​ម៉ូ​ឌី​ដើម្បី​ធ្វើឱ្យ​ប្រជាជន​មូស្លីម ២០០ លាន​នាក់​របស់​ឥណ្ឌា​បាត់បង់​ឱកាស ជាការ​លើកឡើង​មួយ​ដែល​លោក​ម៉ូ​ឌី​បដិសេធ​។​

​ក្រៅពី​ការព្រួយបារម្ភ​ក្នុងចំណោម​ប្រជាជន​មូស្លីម សេចក្តីព្រាងច្បាប់​នេះ​ក៏បាន​នាំឱ្យមាន​បាតុកម្ម​នៅ​បណ្តា​រដ្ឋ​ស្ថិតនៅ​ភាគ​ឦសាន​ផងដែរ កន្លែង​ដែល​ប្រជាជន​មិន​សប្បាយចិត្ត​នោះឡើយ​ចំពោះ​ការហូរចូល​នៃ​អ្នក​កាន់សាសនា​ហិណ្ឌូ​មកពី​ប្រទេសជិតខាង​បង់​ក្លា​ដែ​ស ដែល​នឹង​មានឱកាស​ទទួលបាន​សញ្ជាតិ​នៅក្រោម​ច្បាប់​ស្តីពី​វិសោធនកម្ម​សញ្ជាតិ (CAB)​។​

​មន្ត្រី​យោធា​ជាន់ខ្ពស់​មួយរូប​បាន​និយាយថា នៅក្នុង​ការតវ៉ា​ថ្ងៃទី ៣ នៅក្នុង​តំបន់​ឆ្ងាយៗ កងទ័ព​ជាច្រើន​រយ​នាក់​ត្រូវបាន​ដាក់ពង្រាយ​នៅក្នុង​រដ្ឋ​ទ្រី​ពូ​រ៉ា​និង​នៅ​ទីក្រុង​ហ្គូ​វ៉ា​ហា​ទី ដែលជា​ទីក្រុង​ធំ​បំផុត​របស់​រដ្ឋ​អាស​សាម​។​

​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​នៅ​ផ្នែក​ផ្សេងៗ​នៃ​ទីក្រុង​ហ្គូ​វ៉ា​ហា​ទី នៅពេល​បាតុករ​រាប់ពាន់នាក់​ប៉ុនប៉ង​ឆ្លងកាត់​របាំង​សន្តិសុខ​ដើម្បី​ឆ្ពោះទៅ​ទីក្រុង​ឌី​ស្ព័​រ​នៅក្នុង​រដ្ឋ​ជិតខាង​។​

​រដ្ឋ​ទ្រី​ពូ​រ៉ា​និង​ផ្នែក​ខ្លះ​នៃ​រដ្ឋ​អាស​សាម​បាន​ផ្អាក​សេវាកម្ម​អ៊ី​ន​ធឺ​ណេ​ត​តាម​ទូរស័ព្ទ​ចល័ត​ដោយសារ​រដ្ឋ​អាស​សាម​ចង់​បញ្ចៀស​ការ​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​ដែល​អាច​បង្ក​កំហឹង​ពុះកញ្ជ្រោល​ថែមទៀត​។ ការប្រមូលផ្តុំ​មនុស្ស​ច្រើនជាង​បួន​នាក់​ត្រូវបាន​ហាមឃាត់​ក្នុង​រយៈពេល ២៤ ម៉ោង​។​

​សកម្មជន​ឈ្មោះ អា​ឃី​ល ហ្គោ​ហ្គ​យ និយាយ​នៅមុន​ការបោះឆ្នោត​សភា​ជាន់ខ្ពស់​ថា “​យើង​សូម​អំពាវនាវ​ដល់​សិស្ស​និស្សិត​ជន​ស៊ីវិល​កម្មករ​ចម្ការ​តែ​និង​គ្រប់ផ្នែក​ទាំង​អស់នៃ​សង្គម​ឱ្យ​ចេញមក​តាម​ដងផ្លូវ​ម្តងទៀត​នៅ​ថ្ងៃស្អែក​ដើម្បី​ធ្វើការ​តវ៉ា​”៕ ដោយ៖ កញ្ញាដាលីស

ផ្នែក​ខ្លះ​នៃ​រដ្ឋ​អាស​សាម​បាន​ផ្ទុះ​ការតវ៉ា​ហិង្សា​ជាច្រើន​ថ្ងៃ​ជាប់​គ្នា​ដោយសារតែ​សេចក្តីព្រាងច្បាប់​សញ្ជាតិ

ទីតាំងផ្សាយពាណិជ្ជកម្ម