សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វា ​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​៤​នាក់ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​សម្លាប់​

407
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​​ជា​ជនជាតិ​ចិន​មាន​គ្នា​ប្រហែលជា​៤​នាក់ បានធ្វើ​សកម្មភាព​ចាប់​ចងដៃ​ចងជើង​ជន​ជាតិចិន​ម្នាក់ទៀត និង​រឹត​ក​បណ្តាល​ឲ្យ​រងរបួស​ស្នាម​ពេញដៃ ​ពេញ​ខ្នង ទើប​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​
៦​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​មុខ​ហុងដា ស្ថិតនៅក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។​

​តាម​ប្រភពព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ​គេ​បានឃើញ​ជនជាតិ​ចិន​មួយក្រុម​មាន​គ្នា​៣​ទៅ​៤​នាក់ ជិះ​រថយន្ត​មួយគ្រឿង ម៉ាក​កា​មរី​ហាយ​ប្រ៊ីត ពណ៌​ស្ករ​ពាក់​ផ្លាកលេខ ភ្នំពេញ 2P 5587 ដែល​បើកបរ​ចេញ​មកពី​ម្តុំ​សាលាបឋមសិក្សា​ជ្រោយចង្វា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន ​ចៃដន្យ មាន​សមត្ថកិច្ច​អន្តរាគមន៍​ដែល​នៅ​ប្រចាំការ​នៅ​គោលដៅ​នោះ បាន​ប្រទះឃើញ​ហើយក៏​សង្ស័យ​ធ្វើ​ឲ្យ​អ្នកបើករថយន្ត​គាត់​ជា​ជនជាតិខ្មែរ​ភ័យ​ពេកក៏​បើក​រត់​។ ភ្លាមៗ​នោះដែរ​សមត្ថកិច្ច​ខាង​ផ្នែក​អន្តរាគមន៍ ក៏បាន​ធ្វើការ​កាក់​រថ​យន្ត​ខាងលើនេះឲ្យ​ឈប់​ ក៏​បើកទ្វា​រថយន្ត​ទៅ​ទើប​ឃើញ​ជនសង្ស័យ​ជាជន​រងគ្រោះ​ម្នាក់ បាន​ត្រូវ​ក្រុម​ជនសង្ស័យ​ជា​ជន​ជាតិចិន​៣​នាក់​ទៀត ចាប់​ចងដៃ​និង​រឹត​ក​បណ្តាល​ឲ្យ​មាន​ស្នាមរបួស​ធ្ងន់ធ្ងរ ទើប​កម្លាំង​អន្តរាគមន៍​គាត់​ធ្វើការ​ឃាត់ខ្លួន​ទាំង​ជនរងគ្រោះ និង​ជនសង្ស័យ​យកទៅ​សួរ​នាំនៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា​។

​ជនរងគ្រោះ​បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​បានធ្វើការ​ជាមួយ​ក្រុម​ជនសង្ស័យ​នៅ​ហាង​មួយកន្លែង ប៉ុន្តែ​គាត់​មិន​ចង់​ធ្វើ​ទៀត​ ដោយសារតែ​ចង់​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ ក៏ប៉ុន្តែ​ថៅកែ​គាត់​ដែលជា​ជនសង្ស័យ​មិន​ព្រម​ក៏​ខឹង​យក​ខ្សែ​ចាប់​ចងដៃ​ចងជើង និង​រឹត​ក​តែម្តង ហើយ​និយាយថា ចង់​សម្លាប់​ថែមទៀត ចំណែកឯ​តៃកុង​រថយន្ត​ដែលជា​ជនជាតិខ្មែរ​នោះ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​សួរនាំ​នឹង​ឃាត់ខ្លួន​​ជា​បណ្តោះអាសន្ន នៅ​អធិការ​ខណ្ឌ​ជ្រោយចង្វា​។​

​ក្រោយពេល​កើតហេតុ​ខាងលើនេះ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ជូន​ខ្លួន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕ ​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម