សកម្មជន​អាកាសធាតុ វ័យ​១៦​ឆ្នាំ ក្លាយ​ជា​បុគ្គល​ឆ្នើម​ប្រចាំឆ្នាំ​របស់​ទស្សនា​វ​ដ្តី ថែមស៍​

380
ចែករម្លែក

​យុវតី​ស៊ុយអែត នាង​ហ្គ្រេ​តា ថា​ន់​ប៊ឺក​(Greta Thunberg) ត្រូវបានតែងតាំង​កាលពី​ថ្ងៃ​ពុធ​ទី​១១​ធ្នូ ជា​បុគ្គល​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៩​របស់​ទស្សនា​វ​ដ្តី​ថែមស៍​(Time magazine’s 2019 Person of the Year)​។​

​ហ្គ្រេ​តា ថា​ន់​ប៊ឺក

​ក្មេងស្រី​ជំទង់​អាយុ​១៦​ឆ្នាំ​រូប​នេះ បាន​ល្បី​ក្នុង​សារព័ត៌មាន​ដោយសារតែ​ការ​ធ្វើ​យុទ្ធនាការ​តែឯង​ប្រឆាំង​នឹង​ការឡើង​កំដៅ​ផែនដី​នៅ​ក្រៅ​សភា​ស៊ុយអែត​កាលពី​ខែ​សីហា​ឆ្នាំ​២០១៨​។​​បន្ទាប់ពី​ធ្វើ​កូដកម្ម​តែឯង​អស់​ពេល​រាប់​ខែ​នៅ​ក្រៅ​សភា​ស៊ុយអែត ថា​ន់​ប៊ឺក​បាន​ដឹកនាំ​មនុស្ស​វ័យក្មេងៗ​ធ្វើបាតុកម្ម​នានា​ទូទាំង​ពិភពលោក និង​ទាមទារ​អោយ​មេដឹកនាំ​ពិភព​​លោក​ចាត់​វិធានការ​ការពា​រ​បរិស្ថាន​។​

​ថែមស៍​បាន​សម្ភាសន៍​នាង​ហ្គ្រេ​តា ថា​ន់​ប៊ឺក​នៅលើ​ទូកក្តោង​ដែល​បាន​នាំ​នាង​ពី​អាម៉េរិក​ទៅកាន់​ទ្វីបអឺរ៉ុប ក្រោយពី​បាន​ទៅធ្វើ​ទស្សនកិច្ច​នៅ​អាម៉េរិក​ខាងជើង​អស់​១១​សប្តាហ៍​។​​នាង​បាន​ប្រាប់​ទស្សនា​វ​ដ្តី​ថា «​យើង​មិន​អាច​បន្ត​រស់នៅ​ដូចជា​គ្មាន​ថ្ងៃស្អែក​ទេ ដោយសារតែ​មាន​ថ្ងៃស្អែក ទើប​យើង​ខំ​និយាយ​»​។​

​សកម្មជន​បំរែបំរួល​អាកាសធាតុ​ហ្គ្រេ​តា ថា​ន់​ប៊ឺក​កំពុង​ចូលរួម​ព្រឹត្តិកា​រ​ថ្នាក់ខ្ពស់​មួយ​ស្តីពី​គ្រាអាសន្ន​នៃ​អាកាសធាតុ ស្របពេល​ដែល​អង្គការ​សហប្រជាជាតិ​រៀបចំ​សន្និសីទ​ស្តីពី​​ការប្រែប្រួល​អាកាសធាតុ​(COP25) នៅ​ទីក្រុង​ម៉ា​ឌ្រី​ត ប្រទេស​អេ​ស្ប៉ា​ញ កាលពី​ថ្ងៃ​១១​ធ្នូ​។​

​នាង​បាន​រង​ការរិះគន់​និង​ការ​ចំអក​ធ្ងន់ៗ​ជា​ច្រើន​ដោយសារតែ​យុទ្ធនាការ​របស់​នាង​ប៉ះពាល់​ផលប្រយោជន៍​ប្រទេស​ឬ​ក្រុមហ៊ុន​ខ្លះ​ដោយ​ចុងក្រោយ​នេះ​ការ​ចំអក​ចេញពី​ប្រធានា​​ធិបតី​ប្រេ​ស៊ីល​ដែល​ហៅ​នាង​ថា​ជា​ក្មេងរ​ប៉ុលរ​ប៉ូច តែ​ជាមួយ​នឹង​អ្នកគាំទ្រ​១២​លាន​នាក់​ក្នុង​បណ្តាញ​សង្គម នាង​បន្ត​ប្រមូល​បាន​អ្នកគាំទ្រ​ធំៗ ចាប់​ពី​អតីត​ប្រធានាធិបតី​បា​រ៉ាក់ អូ​បា​ម៉ា ដល់​សម្តេច​សង្ឃ​ដា​ឡៃ ឡា​ម៉ា និង​តួ​ហូលីវូត លោក​អា​ណុល ស្វា​ហ្សេ​ន​ណេ​ហ្គ័​រ​៕​ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម