នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ទីបំផុត​បំបែក​ភាព​ស្ងៀមស្ងាត់​អំពី​ផ្សែង​អាប់​គ្របដណ្តប់​លើ​ក្រុង​ស៊ីដនី​

328
ចែករម្លែក

​ប្រឈម​នឹង​ការតវ៉ា​តាម​ដងផ្លូវ​ដ៏​ខឹងសម្បារ​និង​ការកើនឡើង​សម្ពាធ​នយោបាយ ទីបំផុត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ធ្នូ​នេះ បាន​បំបែក​ភាពស្ងាត់ស្ងៀម​ដ៏​យូរ​របស់គាត់​ដើម្បី​ទទួលស្គាល់​អំពី​ផ្សែងភ្លើង​ឆេះ​ព្រៃ​ដែល​កំពុង​ហ៊ុមព័ទ្ធ​ទីក្រុង​ស៊ីដនី​របស់គាត់​អស់​រយៈពេល​ជាង​មួយខែ​។​

​លោក​ស្កុ​ត​ម៉ូ​រី​សុន​បាន​និយាយថា “​ខ្ញុំ​បានរស់នៅ​ពេញ​មួយជីវិត​របស់ខ្ញុំ​នៅ​ស៊ីដនី​ហើយ​ខ្ញុំ​ដឹង​ផ្សែង​អ័ព្ទ​ដែល​កើតចេញពី​អគ្គិភ័យ​ទាំងនោះ​កំពុង​បង្កបញ្ហា​យ៉ាងខ្លាំង​ដល់​អ្នករស់នៅ​ស៊ីដនី​”​។​

​កាលពី​ថ្ងៃ​ពុធ មនុស្ស​ពាក់​ម៉ា​សមុខ​២​ម៉ឺន​នាក់​បាន​ដើរ​ក្បួន​នៅ​ស៊ីដនី​ទាមទារ​ឱ្យ​លោក​ម៉ូ​រី​សុន​ដោះស្រាយ​វិបត្តិ​ដោយផ្ទាល់ ព្រោះ​ផ្សែង​អ័ព្ទ​ឥឡូវ​បង្កបញ្ហា​សុខភាព​កាន់តែខ្លាំង​កើនឡើង​និង​បង្ខំ​អ្នករស់នៅ​ក្នុងផ្ទះ​ត្រូវ​ចេញមក​តវ៉ា​។​

​ប៉ុន្មាន​ម៉ោង​ក្រោយមក​មេដឹកនាំ​អភិរក្សនិយម​រូបនេះ​បាន​ទទូចថា លោក​យល់​ពី​កង្វល់​របស់​ប្រជាជន ៥ លាន​នាក់​នៅ​ស៊ីដនី ដែល​កំពុង​ក្អក​និង​ដកដង្ហើម​ស្រូប​ផ្សែង​ក្រាស់ៗ ដែល​បាន​ហ៊ុមព័ទ្ធ​ជិត​ទីក្រុង​តាំងពី​ខែតុលា​។​

​លោក​បាន​និយាយថា “​ខ្ញុំ​ដឹងថា​វា​មិន​ស្រួល​ក្នុង​ចិត្ត​យ៉ាងណា​ដែល​ឃើញ​ផ្សែង​ភាយ​ពាសពេញ​ទីក្រុង​របស់ខ្ញុំ​។ ហើយ​ខ្ញុំ​ដឹងថា​វា​គួរឱ្យ​ធុញទ្រាន់​ខ្លាំង​កម្រិតណា ជាពិសេស​ចំពោះ​យុវជន​ដែល​មិន​ធ្លាប់​បានឃើញ​វា​ពីមុនមក​”​។​

​លោក​ក៏បាន​ធ្វើការ​សារភាព​ដ៏​កម្រ​មួយ​ថា​ការប្រែប្រួល​អាកាសធាតុ​គឺជា​កត្តា​មួយ​បង្កឱ្យមាន​ភ្លើង​ឆេះ​ព្រៃ​មិន​ធ្លាប់មាន​ពីមុនមក ដែល​បាន​បំផ្លាញ​ផ្ទៃដី​រាប់លាន​ហិកតា ផ្ទះ​ជាង ៧០០ ខ្នង និង​បង្ក​ជា​ផ្សែង​ពុល​ដល់ទី​ក្រុង​ធំ​បំផុត​របស់​អូស្ត្រាលី​។​

​កត់សម្គាល់​ពី​គ្រោះរាំងស្ងួត​នៅ​តំបន់​ខ្លះ លោក​និយាយថា “​ភាព​ស្ងួត​ខ្លាំង​នៃ​ព្រៃ​គឺជា​កត្តា​ដ៏​ធំ​បំផុត​។ ហើយ​យើងទាំងអស់គ្នា​បានដឹងថា​ការប្រែប្រួល​អាកាសធាតុ​រួមជាមួយ​កត្តា​ជាច្រើន​ទៀត​បានរួម​ចំណែក​ដល់​អ្វីដែល​កំពុង​កើតឡើង​នៅថ្ងៃនេះ​”​។

​អាកាសធាតុ​គឺជា​បញ្ហានយោបាយ​ដ៏​រសើប​បំផុត ដែល​បក្ស​សេរី​របស់លោក​ម៉ូ​រី​ស​មិនដែល​លើកយក​មក​និយាយ​ដើម្បី​ដោះស្រាយ​នោះទេ​។ លោក​ថែមទាំង​និយាយ​លេងសើច​ពីមុនៗ​មក​ថា លោក​ហ៊ាន​ដើរ​លើ​ធ្យូង​ក្រាល​លើផ្លូវ​ចូល​សភា​ឱ្យមើល​ទៀត គឺ​គ្មាន​អី​គ្រោះថ្នាក់​ទេ​៕ ដោយ៖ កញ្ញាដាលីស

នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក​ស្កុ​ត ម៉ូ​រី​សុន ទទួលស្គាល់ថា​ភ្លើង​ឆេះ​ព្រៃ​គឺ​បណ្តាលមកពី​កត្តា​ប្រែប្រួល​អាកាសធាតុ