ការបម្លាស់ទីប្រជាពលរដ្ឋរស់នៅលើ​ផ្ទះបណ្ដែតទឹក ឲ្យឡើងរស់នៅឡើង​​គោក នៅខេត្តកំពង់ឆ្នាំង គឺតាម​គោលការណ៍ស្ម័គ្រចិត្ត និងម្ចាស់ការ

468
ចែករម្លែក

ដោយ:វិបុល/ភ្នំពេញ ៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានបញ្ជាក់ជាថ្មីថា ការបម្លាស់ទីប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្ដែតទឹក ឲ្យឡើងរស់នៅឡើគោកនៅខេត្តកំពង់ឆ្នាំង គឺតាមគោលការណ៍ស្ម័គ្រចិត្ត និងម្ចាស់ការ ដោយអនុវត្តតាមវិធានច្បាប់សុទ្ធសាធ ដោយមិនពាក់ព័ន្ធនឹងបញ្ហានយោបាយ ឬនិន្នាការអ្វីនោះឡើយ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង ក៏ដូចលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល តាមរយៈសន្និសីទសារព័ត៌មាន ស្ដីពី “ផែនការបំលាស់ទីប្រជាពលរដ្ឋ រស់នៅលើផ្ទះបណ្ដែតទឹក ឲ្យឡើងមករស់នៅ លើគោកវិញ លើផ្ទៃដី៤០ហិកតា ក្នុងខេត្តកំពង់ឆ្នាំង” នៅទីស្ដីការគណៈរដ្ឋមន្រ្ដី នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ។

លោក សុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង

លោក សុន សុវណ្ណរិទ្ធិ បានបញ្ជាក់ពីគោលបំណងសំខាន់ នៃបំលាស់ទីផ្ទះទឹករបស់ប្រជាពលរដ្ឋថា ទី១. ដើម្បីថែរក្សាការពារ បរិស្ថានក្រុងកំពង់ឆ្នាំង ក៏ដូចជាបឹងទន្លេសាប, ទី២.គឺដើម្បីលើកស្ទួយសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងទី៣.ដើម្បីរៀបចំការរស់នៅរបស់ប្រជាពលរដ្ឋឲ្យមាននិរន្ដរភាព ស្របតាមច្បាប់ភូមិបាល។

លោកបានបញ្ជាក់ទៀតថា “…សកម្មភាពនេះ គឺបំលាស់ទី មិនមែនជម្លៀសទេ…ជម្លៀសមានតែសម័យប៉ុល ពតទេ ដែលជម្លៀសប្រជាពលរដ្ឋចេញពីភ្នំពេញ…ហើយវាឃោរឃៅ ណាស់ជម្លៀស…មួយទៀតគឺបណ្ដេញចេញ បណ្ដេញចេញ ក៏យើងអត់ប្រើដែរ ព្រោះពាក្យថា បណ្ដេញចេញ គឺរំលោភសិទ្ធិមនុស្ស…អ៊ីចឹង គម្រោងរបស់ខេត្ត គឺបំលាស់ទី ហើយខ្ញុំសូមបញ្ជាក់ថា បម្លាស់ទីនេះ គឺដោយម្ចាស់ការ និងស្ម័គ្រចិត្ត…ស្ម័គ្រចិត្ត មានន័យថា គាត់ព្រមចាកចេញពីកន្លែងចាស់ទៅកន្លែងថ្មី…ហើយម្ចាស់ការ មានន័យថា រាល់ការចំណាយទាំងអស់ ជាបន្ទុករបស់គាត់…។

លោកក៏បានបន្ថែមដែរថា ប្រជាពលរដ្ឋ ដែលរស់នៅលើផ្ទះបណ្ដែតទឹកនោះ ពុំមែន​មាន​តែជនអន្ដោប្រវេសន៍វៀតណាមនោះទេ ប៉ុន្តែមានទាំងប្រជាពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋខ្មែរឥស្លាមជាច្រើនគ្រួសារទៀតផង។

គួររំលឹកថា ប៉ុន្មានថ្ងៃមកនេះ បុគ្គលមួយចំនួនតូច ដែលតាំងខ្លួនជាអ្នកតាមដានសង្គម និងអ្នកដែលមាននិន្នាការផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល បានបញ្ចេញមតិរិះគន់ និងចោទប្រកាន់ថា អាជ្ញាធរខេត្តកំពង់ឆ្នាំ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ថា បានកាត់ឆ្វៀលដីទំហំ៤០ហិកតា ក្នុងខេត្តកំពង់ឆ្នាំង ផ្ដល់ឲ្យជនជាតិ​វៀតណាម ដែលបម្លាស់ទីពីក្នុងទឹក ឲ្យរស់នៅលើគោកវិញនោះ ជាការធ្វើឲ្យបាត់បង់អធិបតេយ្យភាពជាតិ។

លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល

ឆ្លើយតបការលើកឡើងបែបនេះ ត្រូវបាន លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ថា បម្លាស់ទីប្រជាពលរដ្ឋទៅនៅលើគោកនេះ គឺជាការអនុវត្តច្បាប់របស់កម្ពុជា ដែលមានចែងជាធរមាន។ ហើយការគ្រប់គ្រង ក៏ជាការគ្រប់គ្រងដោយអាជ្ញាធរកម្ពុជា ហេតុនេះ មិនថាពលរដ្ឋខ្មែរ មិនថាពលរដ្ឋខ្មែរឥស្លាម ឬជនអន្ដោប្រវេសន៍វៀតណាម ត្រូវតែគោរពតាម ពុំនោះនឹងត្រូវមានទោសទណ្ឌតាមច្បាប់៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម