៤០​ឆ្នាំ​ក្រោយមក​រូបថត​មួយ​សន្លឹក និង​ឯកសារ​បានបញ្ជាក់​ការពិត​

1356
ចែករម្លែក
សេកសាយទទួលរូបថតនិងឯកសារឪពុក

ដោយ​:​ហូ ថុ​នា អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​/​ភ្នំ​ពេញៈការ​នឹករឭក​រវាង​កូនស្រី ទៅកាន់​ឪពុក​ដែល​បាន​បាត់​ដំណឹង​នៅក្នុង​របប​ខ្មែរក្រហម បាន​ផុស​ឡើង​សាជាថ្មី​បន្ទាប់ពី​បានឃើញ​រូបថត​មួយ​សន្លឹក ដែល​ទើបតែ​រកឃើញ​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។ សេក សាយ តែងតែ​ទន្ទឹងរង់ចាំ​មើលផ្លូវ​ឪពុក​វិលត្រឡប់​មកជួប​ជុំ​គ្រួសារ​វិញ​នៅ​ថ្ងៃ​ណាមួយ ប៉ុន្តែ​ជា​អកុសល​ការទន្ទឹងរង់ចាំ​របស់​គាត់​គឺ​បានត្រឹមតែ​ដំណឹង​នៃ​ការស្លាប់ រួម​ជា​នឹង​រូបថត​មួយ​សន្លឹក និង​ឯកសារ​ចម្លើយសារភាព​ដែលមាន​កម្រាស់​២២០​ទំព័រ​របស់​ឪពុក​គាត់​ដែល​នៅ​សេសសល់​ប៉ុណ្ណោះ​។​


រូបថត និង​ឯកសារ​ទាំងនេះ​ត្រូវបាន​បុគ្គលិក​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​យកទៅ​ប្រគល់ជូន​គាត់​នៅផ្ទះ​ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​នូ​ប ឃុំ​ស្នង​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៩ កន្លងមក ។ ទោះបី សេក សាយ បានទទួល​ដំណឹង​ដ៏​ក្រៀមក្រំ​នេះ​ក៏ដោយ ក៏​គាត់​ទទួលយក ព្រោះ​ជា​ព័ត៌មាន​ដ៏​ជាក់លាក់​ពិតប្រាកដ​មួយ​ដែល​ធ្វើ​ឲ្យ​គាត់​អស់ចិត្ត​។ ឪពុក​របស់ សេក សាយ ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​១៩៧៨ យកមក​ឃុំឃាំង សួរចម្លើយ និង​សម្លាប់​នៅ​មន្ទីរ​សន្តិសុខ ស​-២១​។​

សេក សាយ ទទួលរូបថតឪពុក


សេក សាយ ស្ថិតក្នុង​វ័យ​៥២​ឆ្នាំ បាន​រៀប​រាប់ទាំង​អារម្មណ៍​ក្តុកក្តួល លាយឡំ​ជាមួយ​ទឹកភ្នែក​ថា «​ខ្ញុំ​បាន​បែក​ពី​ឪពុក (​សេក សាត ហៅ និ​ន ហៅ ប្រាក់ នាទី​លេខា​តំបន់​២៥) អស់​រយៈពេល​ជាង​៤០​ឆ្នាំ​ហើយ តាំងពី​ខ្ញុំ​មាន​អាយុ​១១​ឆ្នាំ​។ ការជួបគ្នា​ជា​លើកចុងក្រោយ​រវាង​ឪពុក​ហើយនឹង​ខ្ញុំ គឺ​នៅពេលដែល​ម្តាយ​របស់ខ្ញុំ​បាន​យក​ខ្ញុំ​ទៅ​ផ្ញើ​នៅ​មន្ទីរពេទ្យ​សំប៉ាន ក្នុង​ខេត្តកណ្តាល នៅ​ឆ្នាំ​១៩៧៨​។ ក្រោយមក ខ្ញុំ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរឃុំឃាំង​ជ្រៃ​អូរ​ព្នៅ នៅ​ខេត្តកំពង់ស្ពឺ​។ បន្ទាប់ពី​របប​ខ្មែរក្រហម​ដួលរលំ ខ្ញុំ​បាន​ព្យាយាម​តាមរក​ដំណឹង​ឪពុក​របស់ខ្ញុំ​នៅ​គ្រប់​ទីកន្លែង និង​បានប្រកាស​សួររក​ដំណឹង​របស់គាត់​នៅតាម​វិទ្យុ​។ ប៉ុន្តែ​មិនបាន​ទទួលដំណឹង​គាត់​ទាល់តែសោះ​។ ថ្ងៃមួយ ខ្ញុំ​បាន​សួរ​ទៅកាន់​បងប្រុស​ជីដូនមួយ​របស់ខ្ញុំ​ថា តើ​មានបាន​ទទួលដំណឹង​ពី​ឪពុក​របស់ខ្ញុំ​ដែរឬទេ​? គាត់​បាន​ឆ្លើយតប​មក​ខ្ញុំ​វិញ​ថា គាត់​បាន​ព្យាយាម​រក​អស់​ជាច្រើន​កន្លែង​ដែរ ប៉ុន្តែ​នៅតែ​មិន​ទទួលបាន​ដំណឹង​អ្វី​សោះ​។ ប្រហែលជា​គាត់​បាន​ស្លាប់​ហើយ ហើយ​ប្រសិនបើ​គាត់​នៅរស់​គាត់​នឹង​មករក​យើង​មិន​ខាន​។ ក្តីសង្ឃឹម​ដ៏​តិចតួច​របស់ខ្ញុំ​បាន​រសាយ ប៉ុន្តែ​អារម្មណ៍​របស់ខ្ញុំ​នៅតែ​គិតថា ឪពុក​របស់ខ្ញុំ​គឺ​នៅ​រស់រានមានជីវិត​នៅឡើយ​។ ខ្ញុំ​នឹករឭក​ដល់​ឪពុក​របស់ខ្ញុំ​ជា​រៀងរាល់ថ្ងៃ​។ មានពេលខ្លះ​ខ្ញុំ​បាន​ព្យាយាម​ស្វែងរក​ឪពុក​របស់ខ្ញុំ​តាម​រណ្តៅ​សាកសព និង​ផ្នូរ​មួយចំនួន​ដែល​ត្រូវបាន​គេ​គាស់​។


​បន្ទាប់ពី​ខ្ញុំ​ទទួលបាន​រូបថត​មួយ​សន្លឹក​នេះ និង​ចម្លើយសារភាព​មួយច្បាប់​របស់​ឪពុក​ខ្ញុំ ដែល​ត្រូវបាន​បង្ខំ​សួរចម្លើយ​របស់​ឆ្មាំ​គុក​នៃ​មន្ទីរ​សន្តិសុខ ស​-២១ នៅថ្ងៃនេះ ខ្ញុំ​មាន​អារម្មណ៍​តក់ស្លុត និង​រំជួលចិត្ត​យ៉ាងខ្លាំង ព្រោះ​ដំណឹង​នេះ​បានបញ្ជាក់​ឲ្យ​ខ្ញុំ​ដឹងថា ឪពុក​របស់ខ្ញុំ​ពិតជា​បាន​ស្លាប់​នៅក្នុង​មន្ទីរ​សន្តិសុខ ស​-២១ ពិតមែន​។ ខ្ញុំ​គិតថា​ឪពុក​របស់ខ្ញុំ​ត្រូវបាន​ឆ្មាំ​គុក​វាយ​បង្ខំ និង​ធ្វើ​ទារុណកម្ម​យ៉ាងធ្ងន់ធ្ងរ​ដើម្បី​ឆ្លើយ​សារភាព​។
​រូបថត​ឪពុក​របស់ខ្ញុំ​ដែល​ខ្ញុំ​ទទួលបាន​នេះ គឺ​មើលទៅ​ហាក់ដូចជា​គាត់​នៅ​វ័យក្មេង​នៅឡើយ ដោយសារតែ​ខ្ញុំ​បាន​បែក​ពី​គាត់​យូរ​ឆ្នាំ​មកហើយ​។ ប៉ុន្តែ​អ្វីដែល​ខ្ញុំ​ដឹង​ច្បាស់​ពី​គាត់​នៅពេលនោះ គឺ​គាត់​មានឈ្មោះ សេក សាត ហៅ ប្រាក់​។ ខ្ញុំ​នឹង​ប្រាប់​ពី​ដំណឹង​ឪពុក​របស់ខ្ញុំ និង​រូបថត​ឪពុក​របស់ខ្ញុំ​ទៅ​បងប្អូន​នៅ​ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង ហើយ​ខ្ញុំ​នឹង​ឲ្យ​កូនស្រី​របស់ខ្ញុំ​ដែល​បច្ចុប្បន្នកំពុង​រៀន​ថ្នាក់​ទី​៧​នៅ​អនុវិទ្យាល័យ អាន​ចម្លើយ​របស់​ជីតា​ឲ្យ​ខ្ញុំ​ស្តាប់ ព្រោះ​ខ្ញុំ​មិនបាន​រៀនសូត្រ​។


​កូនស្រី​ច្បង​ក្នុងចំណោម​កូន​ប្រាំ​នាក់ របស់ សេក សាយ ឈ្មោះ សន សែម អាយុ​២៩​ឆ្នាំ បាន​និយាយថា «​ខ្ញុំ​ធ្លាប់​បានឮ​ម្តាយ​របស់ខ្ញុំ​និយាយប្រាប់​ខ្ញុំ​ថា​យាយ​របស់ខ្ញុំ​បាន​ជាប់ឃុំ​ឃាំង​នៅ​គុក​ទួលស្លែង និង​ត្រូវបាន​ខ្មែរក្រហម​សម្លាប់ចោល​។ កាលនោះ​ខ្ញុំ​ស្ថិតនៅ​វ័យក្មេង​នៅឡើយ ដូច្នេះ​ខ្ញុំ​មិនសូវ​យល់​ពី​រឿងរ៉ាវ​របស់​យាយ​ខ្ញុំ​ទេ​»​។ ម្តាយ​ខ្ញុំ​បាន​បញ្ជាក់ថា​ប្រសិនបើ​យាយ​របស់ខ្ញុំ​នៅរស់ គ្រួសារ​របស់​យើង​នឹងមាន​ភាពកក់ក្តៅ​ជាង​នេះ​។ ខ្ញុំ​តែងតែ​ស្រមៃ​ចង់​ជួប​យាយ​តា​របស់ខ្ញុំ​ជានិច្ច ហើយ​ខ្ញុំ​ក៏​តែង​គិតថា​ជីតា​របស់ខ្ញុំ​នៅ​រស់រានមានជីវិត​។ ខ្ញុំ​សង្ឃឹមថា​ថ្ងៃ​ណាមួយ​តា​របស់ខ្ញុំ​ច្បាស់​ជា​ទាក់ទង​រក​ម្តាយ​ខ្ញុំ និង​បងប្អូន​របស់គាត់​។ ប៉ុន្តែ​នាពេល​ឥឡូវនេះ​ក្តីសង្ឃឹម​របស់ខ្ញុំ​ត្រូវបាន​រលាយបាត់​អស់ប​ន្ទា​ប់​ពី​ខ្ញុំ​បានឃើញ​រូបថត និង​ឯកសារ​ដែល​នៅ​សេសសល់​របស់គាត់​។ ខ្ញុំ​មាន​អារម្មណ៍​សោកស្តាយ​ខ្លាំងណាស់​ចំពោះ​ដំណឹង​នេះ ប៉ុន្តែ​វា​ក៏​ជា​ដំណឹង​មួយ​ដែល​ខ្ញុំ​ត្រូវ​ទទួលស្គាល់ថា តា​របស់ខ្ញុំ​ពិតជា​បាន​ស្លាប់​នៅ​គុក​ទួលស្លែង​ពិតមែន​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម