រថភ្លើង​បុក​ដំរី​ងាប់​ពីរ​ក្បាល​នៅ​ឥណ្ឌា

350
ចែករម្លែក

ក្រុមមន្ត្រី​និយាយថា​សត្វ​ដំរី​ពីរ​ក្បាល​ត្រូវបាន​រថភ្លើង​បុក​ងាប់​កាលពី​ថ្ងៃ​ពុធ ទី​១១ ធ្នូ នៅ​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា ដោយ​សាកសព​ដំរី​ទាំងពីរ​ត្រូវបាន​តុបតែង​លម្អ​ដោយ​ផ្កា​មុនពេល​បូជា​នៅនឹងកន្លែង​។​

​យោងតាម​មន្ត្រី​សត្វព្រៃ​បានឱ្យដឹងថា ក្នុង​រយៈពេល ៥ ឆ្នាំ​កន្លងមកនេះ​យ៉ាងហោចណាស់​មាន​សត្វ​ដំរី​ចំនួន ២៦ ក្បាល​ត្រូវ​រថភ្លើង​បុក​ងាប់​និង​របួស​នៅលើ​កំណាត់​ផ្លូវដែក​ជិត​ព្រំដែន​នេ​ប៉ាល់​។​

​អ្នកនាំពាក្យ​ផ្លូវដែក​ខាងជើង​ឥណ្ឌា លោក ស៊ូ​បា​ណាន ចាន់​ដា បាន​និយាយថា ក្នុងចំណោម​ដំរី​ងាប់​ទាំងពីរ​នោះ​គឺមាន​មួយ​ក្បាល​កំពុង​ផើម នៅពេល​ពួកវា​ត្រូវ​រថភ្លើង​បុក​ងាប់​នៅវេលា​ម៉ោង ៤ និង ៣០ នាទី​ព្រឹក​ខណៈ​កំពុង​ដើរ​ឆ្លងកាត់​ផ្លូវ​រថភ្លើង​។​

​លោក​ចាន់​ដា​បាន​បន្ថែមថា “​យើង​គិតថា​គ្រោះថ្នាក់​បានកើត​ឡើង​ដោយសារ​ការមើល​ផ្លូវ​មិនឃើញ​ច្បាស់​នៅក្នុង​តំបន់ ដែល​បណ្តាលមកពី​អ័ព្ទ​ក្រាស់ៗ​”៕ ដោយ ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម