ប្រធាននាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​៖​ការសម្រេចចិត្ត​មក​វិនិយោគ​នៅ​កម្ពុជា​នៃ​វិនិយោគិន​ជប៉ុន​ជាការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​

488
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ ធនាគារ​អេស៊ីលីដា​និង​សមាគម​ជប៉ុន​-​កម្ពុជា​បាន​សហការ​រៀបចំ​ជំនួប​ធុរកិច្ច រវាង​ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា និង​វិនិយោគិន​ជប៉ុន ដើម្បី​សិក្សា​ស្វែងយល់​ដោយផ្ទាល់​ពី​កាលានុវត្តភាព និង​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា​ក៏ដូចជា​ការស្វែងរក​ដៃ​គូ​និង​កិច្ចសហប្រតិបត្តិការ​អា​ជីវ​កម្ម​របស់ខ្លួន កាលពី​ល្ងាច​ថ្ងៃទី​១១ ខែធ្នូ​ឆ្នាំ​២០១៩​នៅ​កា​រិ​យ​ល័យ​កណ្តាល​របស់​ធនាគារ​។​

​ជំនួប​នេះ​មានការ​ចូលរួម​ពី​សំណាក់​វិនិយោគិន​និង​ក្រុមហ៊ុន​ចំនួន​៤៣​ចម្រុះ​ពហុ​វិស័យ​រួមមាន​វិស័យ​៖ វិស័យ​អភិវឌ្ឍ​សំណង់​និង​ប្រឹក្សា​យោបល់​ការគ្រប់គ្រង​ធុរកិច្ច​ទេសចរណ៍​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ព័ត៌មាន អាហារ​សុខភាព ខូ​សមេ​ទិ​ក ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​ទីផ្សារ សេវា​សុខាភិបាល គ្រឿង​សង្ហា​រឹម កសិកម្ម ហាង​លក់​វត្ថុ​បុរាណ នីហរ័ណ​-​អាហរ័ណ ក្រុមហ៊ុន​ដឹកជញ្ជូន អចលនទ្រព្យ ហិរញ្ញវត្ថុ សណ្ឋាគារ និង​បដិសណ្ឋារកិច្ច ។​ល​។​

​លោក​បណ្ឌិត​អ៊ិន​ចាន់នី​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​បាន​លើក​ពី​សក្តានុពល​របស់​កម្ពុ​ជា​ប្រាប់​ដល់​ក្រុម​ប្រតិភូ​វិនិយោគិន​ជប៉ុន​ថា​៖«​ជំនួប​ដ៏​មាន​សារៈសំខាន់​នេះ​នឹង​បើកឱកាស​ដល់​វិនិយោគិន​កម្ពុជា​និង​ជប៉ុន​ចំនួន​៤៣​ក្រុមហ៊ុន​ដើម្បី​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​គ្នា​និង​សិក្សា​ស្វែងរក​អត្ថប្រយោជន៍​រួម​នៃ​ការវិនិយោគ​ដ៏​មាន​សក្តានុពល​នេះ​។​

​វិនិយោគិន​ជប៉ុន​បានធ្វើការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​ក្នុងការ​វិនិយោគ​នៅលើ​ទឹកដី​កម្ពុជា​ដែលជា​ទីកន្លែង​ផ្តល់នូវ​សុខសន្តិភាព​ពេញលេញ​និង​សម្បូរបែប​។​ទាំងនេះ​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ​ដែល​ប្រទេស​កម្ពុជា​ផ្តល់នូវ​លក្ខខណ្ឌ​វិនិយោគ​ដ៏​ល្អ​បំផុត ដើម្បី​បំពេញតម្រូវការ​ជូន​វិនិយោគិន រួមមាន​៖ កត្តានយោបាយ សេដ្ឋកិច្ច និង​សេ្ថ​រ​ភាព​សង្គម​»​។​

​លោក​ប្រធាន​នាយក​ប្រតិបត្តិ​បានលើកឡើង​ជម្រាប​ប្រតិភូ​វិនិយោគិន​ជប៉ុន​ថា​៖«​ប្រសិនបើ​លោក​-​លោកស្រី មក​ទស្សនកិច្ច​ជា​លក្ខណៈ​ទេសចរណ៍ លោក​-​លោកស្រី​នឹង​ទទួលបាន​សុខ​សុវត្ថិភាព​ខ្ពស់ តែ​ប្រសិនបើ​លោក​-​លោកស្រី​មក​ក្នុង​គោលបំណង​វិនិយោគ​គឺជា​ជម្រើស​ដ៏​ត្រឹមត្រូវ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ផ្តល់ជូន​នូវ​លក្ខខណ្ឌ​វិនិយោគ​ដ៏​ល្អ​បំផុត​ជូន​ដល់​វិនិយោគិន​ដូចជា​៖​កត្តានយោបាយ សេដ្ឋកិច្ច និង​ស្ថិរភាព​សង្គម​ជាដើម​»​។​

​លោក​បណ្ឌិត​បាន​បន្តថា យោងតាម​របាយការណ៍ របស់​ធនាគារពិភពលោក ដែល​បាន​បង្ហាញថា ព្រះរាជាណាចក្រ​កម្ពុជា​ជា​ប្រទេស Olympia growth ដោយសារ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ស្ថិរភាព​កំណើនសេដ្ឋកិច្ច​ខ្លាំង ក្នុងចំណោម​ប្រទេស​ទាំង​០៦ នៅក្នុង​ពិភពលោក​ដោយមាន កំណើន​GDP​ជា​មធ្យម​ប្រមាណ​៧,៨​ភាគរយ​សម្រាប់​ពីរ​ទសវត្សរ៍​ចុងក្រោយ​ហើយក៏​នៅតែ​បន្ត​កើនឡើង​ក្នុង​ឆ្នាំ​ខាងមុខ​ផងដែរ​។​

​លោក​បណ្ឌិត​អ៊ិន​ចាន់នី​បាន​រម្លឹកថា​៖​លោក​TakahashiFumiaki​ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា​និង​រូបលោក​បាន​ជួប​ពិភាក្សាគ្នា​កាលពី​ខែកញ្ញា​នៅក្នុង​ទីក្រុង​តូ​ក្យូ​ដើម្បី​ពាំនាំ​និង​គាំទ្រ​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​អំពាវនាវ​ដល់​អ្នកវិនិយោគ​ជប៉ុន​មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​។​

​ពេលនេះ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​និង​សមាគមន៍​ជប៉ុន​-​កម្ពុជា​អាច​សម្រេចបាន​មួយផ្នែក​នៃ​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។​កិច្ច​ជំនួប​នេះ​នឹង​ក្លាយជា​ជំនួប​ដ៏​វិសេសវិសាល​ដើម្បី​ពង្រឹង​និង​បំពេញតម្រូវការ​ជូន​ធុរជន​ទាំងអស់​ក្នុងការ​ស្វែងយល់​អំពី​សហគ្រិនភាព​រវាង​ប្រទេស​កម្ពុជា​និង​ជប៉ុន​ដើម្បី​រួមចំណែក​ជា​ថាមវន្ត​ក្នុង​កិច្ចការ​ធុរកិច្ច​ជាមួយគ្នា​។​

TakahashiFumiaki​ប្រធាន​សមាគម​កម្ពុជា​-​ជប៉ុន​និង​ជា​អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ពី​២០០៣​ដល់​២០០៧​បាន​មានប្រសាសន៍​ឱ្យដឹងថា​៖​នៅក្នុង​អាណត្តិ​របស់លោក​កាល​នៅ​ជា​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​និង​ពេល​ជា​ប្រធាន​សមាគម​នេះ​លោក​បាន​ជំ​រុញឱ្យ​វិនិយោគិន​ជប៉ុន​បង្កើន​ការវិនិយោគ​នៅ​កម្ពុជា​។​ជា​លទ្ធផល​មាន​វិនិយោគិន​ជប៉ុន​ជាច្រើន​បានសម្រេច​ចិត្ត​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ហើយ​លើក​នេះ​លោក​បាន​នាំ​ក្រុមហ៊ុន​និង​អ្នកវិនិយោគ​ជប៉ុន​ជាច្រើន​មក​ស្វែងរក​ឱកាស​និង​លទ្ធភាព វិនិយោគ និង​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​។​

​លោក​បាន​បញ្ជាក់ថា​៖​វិនិយោគិន​និង​ក្រុមហ៊ុន​ជប៉ុន​បាន​យល់ដឹង​អំពី​ស្ថានភាព​សេដ្ឋកិច្ច​និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​។​ជាក់ស្តែង​កំណើនសេដ្ឋកិច្ច​ខ្ទង់​៧​ភាគរយ​ដែល​នេះ​ជាស​ញ្ញា​មួយ​ទាក់ទាញ​ការវិនិយោគ​របស់​ជប៉ុន​បន្ថែមទៀត​៕S/

​ចំណងជើង​រូបថត​៖​ធនាគារ​អេស៊ីលីដា និង​សមាគម​ជប៉ុន​-​កម្ពុជា សហការ​រៀបចំ​ជំនួប​ធុរកិច្ច រវាង​ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា និង​វិនិយោគិន​ជប៉ុន ដើម្បី​សិក្សា​ស្វែងយល់​ដោយផ្ទាល់​ពី​កាលានុវត្តភាព និង​សក្តានុពល​វិនិយោគ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ក៏ដូចជា​ការស្វែងរក​ដៃ​គូ​និង​កិច្ចសហប្រតិបត្តិការ​អា​ជីវ​កម្ម​របស់ខ្លួន (​រូប​៖​សុផល​)

ទីតាំងផ្សាយពាណិជ្ជកម្ម