​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​

386
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​(​ឆៀក​)​ថ្មី​មួយទៀត​ដែល​ស្ថិតនៅ​សង្កាត់​ច្រាំង​ចំរេះ​ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​បាន​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី​១២​ខែធ្នូ​ឆ្នាំ​២០១៩​។​លោក​ស៊ុនចាន់ថុល​ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​នេះ​។​

​មណ្ឌល​ឆៀក​ថ្មី​នេះ​មាន​ទំហំ​ដី​ប្រមាណ​ជិត​១​ហិកតា​និង​ចាប់ផ្តើម​សាងសង់​ក្នុង​ខែមីនា​និង​ចប់សព្វគ្រប់​នៅ​ចុងខែ​សីហា​ឆ្នាំ​២០១៩​ទាំង​សំណង់​អគារ​និង​ការបំពាក់​ឧបករណ៍​ឆៀក​ចំនួន​៣​ខ្សែ​ស៊េរី​ឆ្នាំ​២០១៩ ផលិត​នៅ​ប្រទេស​ចិន​។​ក្នុងនោះ​ឧបករណ៍​ឆៀក​មាន​៨​ប្រភេទ​៖​ឧបករណ៍​វាស់​ផ្សែង​សាំង​វាស់​ផ្សែង ម៉ា​ស៊ូ​ត វាស់​ល្បឿន វាស់​ស៊ី​ផ្លេ វាស់​លំ​ងាក​ចង្កូត វាស់​បាញ់​ពន្លឺ​ហ្វា​កូត ថ្លឹង​ទម្ងន់​យាន និង​វាស់​កម្លាំង ហ្វ្រាំង និង​មើល​ដោយ​ភ្នែក​៖ មើល​ជុំវិញ​យាន មើល​បាត​យាន ក្នុង​យាន និង​ប្រព័ន្ធ​ម៉ាស៊ីន​។​

​បច្ចុប្បន្ននេះ​មាន​មណ្ឌល​ឆៀក​យានយន្ត​សរុប​ចំនួន​១៣​កន្លែង​និង​ឆៀក​ចល័ត​៣​គ្រឿង​ក្នុងនោះ​រាជធានី​ភ្នំពេញ​មាន​៤​កន្លែង និង​៩​កន្លែង​នៅតាម​ខេត្ត​ចំនួន​៩​ដូចជា​៖ ខេត្តបាត់ដំបង កំពង់ចាម សៀមរាប ព្រះសីហនុ​កំពង់ស្ពឺ​កំពង់ឆ្នាំង​ក្រចេះ​រតនគិរី​និង​ខេត្តព្រះវិហារ​។​ដោយឡែក​ឆៀក​ចល័ត​៣​គ្រឿង​កំពុង​ធ្វើ​ប្រតិបត្តិការ​ឆៀក​របស់ខ្លួន​នៅតាម​ខេត្ត​ឆ្ងាយៗ​មួយចំនួន​មិនទាន់មាន​មណ្ឌល​ឆៀក​។

​គួរកត់សម្គាល់​ផងដែរ​ថា​៖ នៅក្នុង​ឆ្នាំ​២០១៧ បរិមាណ​ឆៀក​យានយន្ត​មាន​ចំនួន ២២៩.៤៤៤ គ្រឿង ឆ្នាំ​២០១៨​មាន​ចំនួន​៣១៨.៣៩៤​គ្រឿង​ឆ្នាំ​២០១៩​មាន​ចំនួន​៣១៦.៩៥៨​គ្រឿង​និង​យានយន្ត​អស់​សុពលភាព​ត្រូវ​យកមក​ឆៀក​ឡើងវិញ​មាន​ចំនួន​៣០២.៨៤០​គ្រឿង​។​ដោយឡែក​រថយន្ត​ដែល​បាន​ចុះបញ្ជី​គិត​ត្រឹម​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ មាន​ចំនួន ៧៩០.៣៤២ គ្រឿង​។

​ថ្លែង​នៅក្នុង​ឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់ រាជរដ្ឋាភិបាល​ក្នុង​ការផ្តល់​សេវាសាធារណៈ សេវា​ចាំបាច់ ប្រកបដោយ​តម្លាភាព ប្រសិទ្ធភាព និង​ឆាប់រហ័ស​ជូន​បងប្អូន​ប្រជាពលរដ្ឋ​និង​ការផ្តល់សេវា​ផ្សេងៗ​ទៀត​ដូចជា​៖​ការដាក់ឱ្យ​ដំណើរការ​មណ្ឌល​ប្តូរ​បណ្ណ​បើកបរ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​១​និង​អ៊ី​អន​២​។​ការដាក់ឱ្យ​ដំណើរការ​មណ្ឌល​ប្តូរ​បណ្ណ​បើកបរ​នេះ​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ចង់​ប្តូរ​ឬ​ពន្យា​បណ្ណ​បើកបរ​ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ​ចុះបញ្ជី​យានយន្ត​ការស្នើសុំ​ឆៀករថយន្ត​តាម​ប្រព័ន្ធ​អន​ឡាញ​អាចឱ្យ​ប្រជាពលរដ្ឋ​ស្នើសុំ​ពេលវេលា​ថ្ងៃខែ​ដើម្បី​ទទួល​សេវា​ឆៀក​។​

​ជាមួយគ្នា​នោះ​ផងដែរ​លោក​ទេសរដ្ឋមន្ត្រី​បាន​បន្ថែមថា​ក្រសួង​នឹង​បន្ត​ខិតខំ​រក​នីតិវិធី​ផ្សេងទៀត​ដើម្បី ផ្តល់​សេវា​ងាយស្រួល​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​បន្ត​សាងសង់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែមទៀត ដូចជា​៖​ការពង្រីក​និង​ពង្រឹងគុណភាព​ផ្លូវការ​សាងសង់​ស្ពាន​និង​កំពង់ផែ​ជាដើម​ដើម្បីឱ្យ​ប្រព័ន្ធ​ដឹកជញ្ជូន​មាន​ភាព​ប្រកួតប្រជែង​អាច​ដឹកជញ្ជូន​បាន​ក្នុងតម្លៃ​ថោក​និង​អាច​ទាក់ទាញ​វិនិយោគិន​បង្កើត​ការងារ​ធ្វើ បង្កើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ផងដែរ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន​ឱ្យ​គោរព​ច្បាប់ មិនត្រូវ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ និង​សូមឱ្យ​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវ ត្រូវគោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​មិនត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​មិនត្រូវ​ប្រើ​គ្រឿង​ស្រវឹង​និង​ទូរស័ព្ទ​ពេល​កំពុង​បើកបរ​និង​យក​រថយន្ត​របស់ខ្លួន​ទៅ​ឆៀក​ឱ្យបាន​ទៀងទាត់​តាមច្បាប់​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ច​រា ចរណ៍​នៅតាម​ដងផ្លូវ​។​

​លើសពីនេះ​ទៀត​លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​CMVIC​ខិតខំ​ប្រឹងប្រែង​ផ្តល់​សេវា ឱ្យបាន​ល្អ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​មាន​តម្លាភាព​ប្រសិទ្ធភាព​ស្មើភាព​គ្នា​និង​ខិតខំ​ស្វែងរក​បង្កើត​មណ្ឌល​ឆៀក​បន្ថែមទៀត​នៅតាម​ខេត្ត​។​បែបនេះ​ដើម្បី​ប​ង្វិ​ត​សេវា​នេះ​ទៅ​កៀក​នឹង​ប្រជាពលរដ្ឋ​និង​បាន​ជំរុញ​ឱ្យ​មន្ត្រី​ក្រសួង​សហការ​ជិតស្និទ្ធ​ជាមួយ​ដៃគូ​ផ្នែក​ឯកជន​ដើម្បី​ពង្រឹង​និង​ពង្រីក​សេវាសាធារណៈ​នេះ​ឱ្យបាន​ល្អ​ជូន​ប្រជាពលរដ្ឋ តាម​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម