​ក្រសួងបរិស្ថាន​ព្រួយបារម្ភ​ថា​តំបន់​ព្រៃ​ឡង់​នៅតែមាន​ជនខិលខូច​កាប់បំផ្លាញ​

318
ចែករម្លែក

ដោយៈ​សុខុមៈ​ស្ទឹងត្រែងៈ​ក្រសួងបរិស្ថាន​ស្នើរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅតាម​មូលដ្ឋាន​ទាំងអស់​ចូលរួម​ទប់ស្កាត់​ក្នុងការ​កាប់បំផ្លាញ​ព្រៃឈើ​របស់​រដ្ឋ​ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។​ការអំពាវនាវ​នេះ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​សាលាខេត្ត​ស្ទឹងត្រែង​កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩​។

​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង បានរៀបចំ​កិច្ចប្រជុំ​នោះ​ស្តីពី​ការចូលរួម និង​ប្តេជ្ញាចិត្ត​នៃ​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុងការ​ទប់ស្កាត់ ការពារ និង​អភិរក្ស​ព្រៃឈើ សម្រាប់​ឥណទាន​កាបូន​ក្នុង​ដែនជម្រកសត្វព្រៃ «​ព្រៃ​ឡង់​»​ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង​ក្រោម​អធិបតី​លោក​សូ​ខន​ឫទ្ធី​គុណ​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​លោម​ដួង ពៅ អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត មន្ត្រី​ឧ​ទ្យា​នុ​រក្ស អភិបាលស្រុក មេឃុំ មេភូមិ រួម​និង​អ្នកពាក់ព័ន្ធ​ចូលរួម​ផងដែរ ។​

​មន្ត្រី​ក្រសួងបរិស្ថាន​លោក​ហ៊ុន​ណា​វេន​បាន​បង្ហាញថា​ដែនជម្រកសត្វព្រៃ​«​ព្រៃ​ឡង់​»​ត្រូវបាន​ប្រកាស​ជា​តំបន់ការពារធម្មជាតិ​ក្នុង​ឆ្នាំ​២០១៦​។​ប៉ុន្តែ​បញ្ហា​ប្រឈម​នៃ​ការកាប់​រុករាន​ទន្ទ្រាន​ឆ្ការ ដុត​ព្រៃ ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិឯកជន​នៅតែ​បន្ត​កើតមានឡើង​រហូតមក​។​នៅ​ឆ្នាំ​២០១៨​ក្រសួងបរិស្ថាន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រយៈពេល​៣​ឆ្នាំ​ជាមួយ​ក្រុមហ៊ុន​MITSU&Co​ជា​ក្រុមហ៊ុន​របស់​ជប៉ុន​និង​អង្គការ​អភិរក្ស​អន្តរជាតិ​ដើម្បី​អនុវត្ត​គម្រោង​អភិរក្ស​ព្រៃឈើ​នៅ​ដែនជម្រកសត្វព្រៃ​«​ព្រៃ​ឡង់​»​ក្នុង ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង ។

​នៅក្នុង​បរិបទ​នេះ​ក្រុមហ៊ុន​MITSUI&Co​បាន​គាំទ្រ​មូលនិធិ​ដើម្បី​អនុវត្ត​សកម្មភាព​សំខាន់​ពីរ​នៅ​ទីវាល គឺ​ការពង្រឹង​ការអនុវត្ត​ច្បាប់​ដើម្បី​ទប់ស្កាត់​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​និង​ការអភិវឌ្ឍ​ជីវភាព​សហគមន៍​ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​និង​ដើម្បី​ចូលរួម​កាត់បន្ថយ​លើ​ការពឹង​ផ្អែកលើ​ធនធានធម្មជាតិ​។​គោលដៅ​យុទ្ធសាស្ត្រ​របស់​គម្រោង​បាន​ផ្តោតជាសំខាន់​ទៅលើ​ការការពារ​និង​អភិរក្ស​ធនធាន​ព្រៃឈើ​ដែលមាន​ស្រាប់​ដែល​ត្រូវបាន​គណនា​ជា​ឥណទាន​កាបូន​សម្រាប់​លក់​នៅលើ​ទីផ្សារ​អន្តរជាតិ​ដោយ​ក្រុមហ៊ុន MITSUI & Co​នេះ ។

​លោក ហ៊ុន ណា​វេន បានបង្ហាញ​ទៀតថា​ការការពារ​ធនធាន​ព្រៃឈើ​ប្រកបដោយ​ប្រសិទ្ធភាព គឺជា​ប្រភព​ហិរញ្ញប្បទាន​រយៈពេល​វែង​សម្រាប់​កិច្ចការ​ការពារ​ព្រៃឈើ​និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​សម្រាប់​សហគមន៍​មូលដ្ឋាន​។​ការទប់ស្កាត់​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ដែលមាន​ស្រាប់​ក្នុង​ដែនជម្រកសត្វព្រៃ​«​ព្រៃ​ឡង់​» ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង គឺជា​ទុន​ដ៏​សំខាន់​សម្រាប់​ការគាំទ្រ និង​ពង្រីក​វិសាលភាព​គម្រោង​បន្ថែម​។​មានន័យថាៈ​ក្រុមហ៊ុន​MITSUI&Co​នឹង​បន្ត​ពង្រីក​ការគាំទ្រ​របស់ខ្លួន​ក្នុងការ​បង្កើត​គម្រោង​អភិរក្ស​ព្រៃឈើ​សម្រាប់​ដែនជម្រកសត្វព្រៃ​«​ព្រ​ឡង់​»​នៅតាម​បណ្តា​ខេត្ត​ពាក់ព័ន្ធ​ផ្សេងទៀត​មានដូចជាៈ​ខេត្តក្រចេះ ខេត្តកំពង់ធំ និង​ខេត្តព្រះវិហារ ។

​ការប្រើប្រាស់​ទិន្នន័យ​ត្រួតពិនិត្យ​និង​តាមដាន​គម្រប​ព្រៃឈើ​បច្ចុប្បន្ន​បានបង្ហាញ​ថាៈ​អត្រា​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​«​ព្រ​ឡង់​»​ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង​នៅតែមាន​អត្រា​ខ្ពស់ ។ ​ក្នុងការ​បាត់បង់​ព្រៃឈើ​របស់​រដ្ឋ បានបង្ហាញ​ឲ្យ​ដឹងថាៈ​ចាប់ពី​ដើមឆ្នាំ​២០១៨ មកដល់ ឆ្នាំ​២០១៩ សរុប​មាន​ដីព្រៃ​ទំហំ​ប្រមាណ​ជា ១.៥០៤​ហិកតា ជាពិសេស​គឺ​ខែមករា ដល់​ខែមេសា​ឆ្នាំ​២០១៩​នេះ ព្រៃឈើ​ត្រូវបាន​កាប់​រាន​ឈូសឆាយ​ដុត​ដីព្រៃ​និង​ទីតាំង​កាប់​រាន​ភាគច្រើន​ត្រូវបាន​ប​ម្លែ​ង​ទៅជា​ដី​ដាំ​ដំណាំ​កសិកម្ម ។ ការកាប់​រាន​ទាំងនេះ មិនមែនជា​ការធ្វើ​ចំការ​ពនេចរ​នោះទេ ។

​គម្រោង​ព្រៃ​ឡង់​បៃតង ប្តេជ្ញា​គាំទ្រ​ក្នុងការ​គ្រប់គ្រង និង​អភិរក្ស​ព្រៃឈើ​ឲ្យ​មាន​ប្រសិទ្ធភាព នៅក្នុង​ដែនជម្រកសត្វព្រៃ​«​ព្រៃ​ឡង់​»​ក៏បាន​គាំទ្រ​ដល់​សកម្មភាព​នានា​ដែល​ធានាបាន​នូវ​ការអនុវត្ត​គម្រោង​អភិរក្ស​ព្រៃឈើ​ប្រកបដោយ​ជោគជ័យ​។​ការទន្ទ្រាន​យក​ដី​នៅក្នុង​ដែនជម្រកសត្វព្រៃ​«​ព្រៃ​ឡង់​»​មក​ធ្វើជា​កម្មសិទ្ធិឯកជន​គឺជា​ការគំរាមកំហែង​ចំពោះ​គម្រោង​អភិរក្ស​ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​«​ព្រៃ​ឡង់​»​។​ឯ​កិច្ចប្រជុំ​ត្រូវបាន​រៀបចំឡើង​ដើម្បី​ដោះស្រាយ​បញ្ហាសំខាន់​នៃ​ការបាត់បង់​ព្រៃឈើ​នៅក្នុង​ដែនជម្រកសត្វព្រៃ​«​ព្រៃ​ឡង់​»​ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង​។

​លោក​សូ​ខន​ឫទ្ធី​គុណ​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បានបង្ហាញ​គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​ថាៈ​ជាការ​ចែករំលែក ការព្រួយបារម្ភ​ជាទូទៅ អំពី​ការបាត់បង់​ព្រៃឈើ​នៅក្នុង​ដែនជម្រកសត្វព្រៃ​«​ព្រៃ​ឡង់​» ដែលជា​បញ្ហា​ប្រឈម​ចំពោះ​ស្ថាប័ន​និង​អង្គភាព​ពាក់ព័ន្ធ​ក៏ដូចជា​ចង់បង្ហាញ​អំពី​លទ្ធផល​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​«​ព្រៃ​ឡង់​»​ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង​។​ក៏​នឹង​អនុម័ត​លើ​ផែនការ​សកម្មភាព​និង​ឯកភាព​លើ​យុទ្ធសាស្ត្រ​នានា​ក្នុងការ​ដោះស្រាយ​លើ​ការកាប់​រាន​ដុត​ដីព្រៃ​យក​ធ្វើជា​កម្ម​សិទ្ធ​ឯកជន​ក៏ដូចជា​ស្នើរ​ឲ្យ​មានការ​ប្តេជ្ញាចិត្ត​របស់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ចូលរួម​អនុវត្ត​នូវ​រាល់​សកម្មភាព​ដែល​បានស្នើរ​ឡើង​សម្រាប់​ការដកហូត​យក​ដី​ដែល​ត្រូវបាន​កាប់​រាន​ដោយ​ខុសច្បាប់​នៅក្នុង​ដែនជម្រកសត្វព្រៃ​«​ព្រៃ​ឡង់​» ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង ។

លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​បញ្ជាក់ថា​ក្រសួងបរិស្ថាន​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ការបាត់បង់​ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​«​ព្រៃ​ឡង់​»​ដែលជា​ធនធានធម្មជាតិ​ដ៏​សម្បូរបែប​ប្រកបដោយ​សក្តានុពល​ព្រៃឈើ​យ៉ាង​ធំធេង​ហើយ​បើសិនជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមគ្នា​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​របស់​កម្ពុជា​យើង​។​ឱ្យបាន​នៅសល់​បន្តទៀត​នោះ​ព្រៃឈើ​ទាំងនេះ​ត្រូវបាន​គណនា​ជា​ឥណទាន​កាបូន​ហើយ​អាច​លក់​ទៅ​ក្រុមហ៊ុន​ដែល​ទទួល​ទិញ​នោះ​វិស័យ​ព្រៃឈើ នឹង​បាន​ប្រាក់ចំណូល​មកវិញ​ពី​ការរក្សា និង​ការពារ​ធនធានធម្មជាតិ​ព្រៃឈើ​នេះ ។​

​លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​សំណូមពរ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ សមត្ថកិច្ច​មូលដ្ឋាន រួម​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​វិស័យ​ព្រៃឈើ​នេះ ត្រូវ​រួមសហការ​គ្នា ទប់ស្កាត់​ឱ្យបាន ការកាប់​រាន​ដីព្រៃ ការ​បរបាញ់​សត្វព្រៃ ការកាប់​ឈើ​ខុសច្បាប់ ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដើម្បី​រក្សា​នូវ​ធនធានធម្មជាតិ​ក្នុងការ​ការពារ​នូវ​បម្រែបម្រួល​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា​យើង ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម