​មន្ត្រី​បកស្រាយ​ករណី​កម្លាំង​ជំនាញ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​សារធាតុ​ញៀន​

328
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៩​កម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បកស្រាយ​ករណី​កម្លាំង​ជំនាញ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ជួញដូរ​រក្សាទុក​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដែល​បាន​ប្រព្រឹត្ត​នៅ​ចំណុច​ហ្គា​រ៉ា​ស់​សាំង​តូ​តា​ល់​ផ្លូវ​វេ​ង​ស្រេង សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៩​។​

​ពាក់ព័ន្ធ​ករណីនេះ​សមត្ថកិច្ច​បានបញ្ជាក់​ថា​កាលពី​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០១៩​ដោយមាន​ការដឹកនាំ​សម្របសម្រួល​ពី​លោក​ហ៊ឹង​ប៊ុនថន​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កា​រិ​យា​ល័​(​ក​៤)​បាន​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​ប្រព្រឹត្ត​នៅ​ចំណុច​ហ្គា​រ៉ា​ស់​សាំង​តូ​តា​ល់​ផ្លូវ​វេ​ង​ស្រេង​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួមជាមួយ​វត្ថុតាង​សារធាតុ​ញៀន​មួយចំនួន​។​

​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បញ្ជាក់ទៀតថា ជនសង្ស័យ​ឈ្មោះ ភិន សុខា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ បាន​សារភាពថា ខ្លួន​បាន​ប្រើប្រាស់​គ្រឿងញៀន ប្រភេទ​ទឹកកក កាលពី​ខែសីហា ឆ្នាំ​២០១៩ គឺ​ខ្លួន​ទិញ​គ្រឿងញៀន​ពី​ជន​មិន​ស្គាល់ឈ្មោះ នៅ​ឃុំ​វិហារ​លួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ រួច​យកទៅ​ប្រើប្រាស់​នៅក្នុង​ចំការ​អំពៅ​។

​ក្រោយមក​ខ្លួន​បានមក​នៅ​ភ្នំពេញ​ធ្វើជា​កម្មករ​រោងចក្រ​ឈ្មោះ​សាន់​ចូ​វ​សង្កាត់​ស្ទឹងមានជ័យ​ហើយ​បាន​ស្គាល់ឈ្មោះ ប៊ុន ធឿន ភេទ​ប្រុស​។ លុះ​នៅ​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០១៩​មាន​ម៉ូយ​បាន​ទូរស័ព្ទ​ទៅ​ឈ្មោះ ប៊ុនធឿន​កម្មង់​ទិញ​ថ្នាំញៀន​។​ពេលនោះ​គាត់​បានឱ្យ​ខ្លួន​ដឹក​ទៅ​កន្លែង​ណាត់ជួប​ដើម្បី​យក​ថ្នាំញៀន​ទៅឱ្យ​ម៉ូយ​។​
​ពេលទៅដល់​កំពុងតែ​ដោះដូរ​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់​ពួកខ្លួន​ប៉ុន្តែ​ពេលនោះ​ពួកខ្លួន​បាន​តដៃ​ជាមួយ​សមត្ថកិច្ច​វិញ​ដើម្បី​រំដោះខ្លួន​។​ឆ្លៀតឱកាស​នោះ​ឈ្មោះ​ប៊ុនធឿន​បាន​បោះចោល​ថ្នាំញៀន​មួយកញ្ចប់​ចោល​រួចហើយ​ជិះ​ម៉ូតូ​គេច​បាត់​តែម្ដង​។​ចំណែក​ខ្លួន​ក៏​ត្រូវបាន​ឃាត់ខ្លួន​រួមទាំង​វត្ថុតាង​ថ្នាំញៀន​ចំនួន​មួយកញ្ចប់​តូច​នៅជាប់​នឹង​ខ្លួន​រួច​នាំមក​កាន់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​តែម្ដង​។​

​ចំណែក​វត្ថុតាង​ចាប់យក រួមមាន​សារធាតុ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) សរុប​ទម្ងន់​២១,៦២ ក្រាម របស់​ជនសង្ស័យ​ឈ្មោះ ភិន សុខា និង ឈ្មោះ ប៊ុន ធឿន (​រត់គេចខ្លួន​) អាយុ​២៨ ឆ្នាំ ជនជាតិខ្មែរ មាន​ភិនភាគ ៖ សម្បុរ​ខ្មៅ​ស្រអែម កម្ពស់​ប្រហែល​១,៦៥ ម៉ែត្រ មុខស្រួច ភ្នែក​រាង​តូច ។​ទីលំនៅ​មិន​ពិតប្រាកដ​នៅក្នុង​រាជធានី​ភ្នំពេញ​គឺ​បក្ខពួក​និង​ជា​អ្នកលក់​សារធាតុ​ញៀន​យ៉ាងសកម្ម​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​(​សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​)​។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​ចំពោះ​ករណី​ខាងលើនេះ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ក្នុងនាម​អង្គ​អនុវត្ត​ច្បាប់​សូមបញ្ជាក់ថា​ការចាប់ខ្លួន​ជនសង្ស័យ​ធ្វើឡើង​ដោយ​ផ្អែក​ទៅតាម​ជំនាញ​ស៊ើបអង្កេត​។​នៅពេល​ឃើញ​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​ទើប​បង្ក្រាប​ស្របតាម​នីតិវិធី​និង​ច្បាប់​ស្តីពី​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​សូម​សាធារណៈជន​និង​បណ្តាញសារព័ត៌មាន​ទាំងអស់ កុំ​មានការ​ភាន់ច្រឡំ​ចំពោះ​ប្រតិបត្តិការ​របស់​សមត្ថ​កិច្ច​។​

​សូម​សំណូមពរ​ដល់​សាធារណៈជន​និង​បណ្តាញសារព័ត៌មាន​ទាំងអស់​មេត្តា​ចូលរួម​សហការ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​ជំនាញ​យើង​បង្ការ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ទាំងអស់គ្នា​នៅពេល​ឃើញ​សមត្ថកិច្ច​យើង​កំពុង​បង្ក្រាប​បទល្មើស​ស្នើសុំ​ពុំទាន់​ផ្សាយ​ព័​ត៏​មាន​។​ទុកឱ្យ​សមត្ថកិច្ច​យើង​បន្ត​ការស៊ើបអង្កេត​សិន​ដើម្បី​ឈានទៅ​ចាប់​មេក្លោង​និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​។​ពីព្រោះ​គ្រប់​ទាំងអស់​នៃ​បទល្មើស​គ្រឿងញៀន​គឺមាន​រចនាសម្ព័ន្ធ​។​ជាពិសេស​សូម​ផ្តល់ព័ត៌មាន​និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជា​ជិ​វៈ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម