​ហេតុអ្វី​បានជា​ត្រី​ប្រហុក​នៅតាម​គន្លង​ដាយ​ចាប់បាន​មិន​ច្រើន​?

624
ចែករម្លែក

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ផល​ត្រី​ប្រហុក​ដែល​ប្រជា​នេសាទ​ចាប់បាន​នៅតាម​គន្លង​ដាយ​ក្នុង​ដង​ទន្លេសាប​ឆ្នាំនេះ​ត្រូវបាន​គេ​និយាយ​ដូចគ្នា​ថា​មានការ​ថយចុះ​ខ្លាំង​ដោយសារ​ទឹក​ជន់​ឡើង​យឺត​ពេល​និង​ស្រក​ទៅវិញ​លឿន ជាពិសេស​ជាងនេះទៅទៀត​នោះ គឺ​ដោយសារ​មាន​បទល្មើស​នេសាទ​ច្រើន​ទាំង នៅ ក្នុង​រដូវ​បិទ​នេសាទ​ក៏ដូចជា​រដូវ​បើក​នេសាទ​ដោយ​សមត្ថកិច្ច​ជំនាញ​បានត្រឹមតែ​ដឹង​តែ​មិន​ហ៊ាន​ចេញ​ធ្វើការ បង្ក្រាប​។​

អ្នកធ្វើអាជីវកម្ម​នេសាទ​គន្លង​ដាយ​ជួល​ពីរ​ដ្ឋ​ជួរ​លេខ​៤​ក្នុង​ដង​ទន្លេសាប​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១២​ខែធ្នូ​ឆ្នាំ​២០១៩​ថា​ពេញ​មួយ​ក្នើត​កន្លងទៅនេះ​ចាប់​ត្រី​ប្រហុក​ល្អិតៗ​បានតែ​ប្រមាណ​ជា​២០​តោន​ទេ​គឺ​ថយចុះ​ជាង​ពាក់កណ្តាល​បើ​ធៀប​រយៈពេល​ដូចគ្នា​ទៅនឹង​ឆ្នាំ​២០១៨​។​ជួរ​លេខ​៤​ជា​ជួរ​ចាប់​ត្រី​ច្រើនជាងគេ​រាល់​ឆ្នាំ​ដល់​រាប់​សិន​តោន​តែ​នៅ​ឆ្នាំនេះ​ចាប់​បានតែ​២០​តោន​គន្លង​ដាយ​ក្រៅពីនេះ​ខ្លះ​ចាប់​ត្រី​មិនបាន​៣ តោន​ផង​។​

​អ្នកគ្រប់គ្រង​គន្លង​ដាយ​ខាងលើ​និយាយ​ឱ្យដឹងទៀតថា​ពេលនេះ​ទឹក​លែង​ចង់ហូ​រហើយ​និង​នៅពេល​ខ្លះ​ខ្យល់​បាន​បក់​រុញ​បែរ​ឱ្យ​អណ្តែត​ទៅលើ (​បឹង​ទន្លេ សាប​)​វិញ បើ​មិនបាន​បោះ​យុថ្កា​ទប់​ទេនោះ ។ ទឹក​លែង​ហូរ​តាំងពី​ពេលនេះ​ទៅហើយ​មិនដឹងថា​ក្នើត​ខែក្រោយ​នៅ​ចាប់​ត្រី​បាន​ទៀត​ឬ​អត់​ទេ​។​គន្លង​ដាយ​នៅក្នុង​ខេត្តកណ្តាល​គេ​បាន​ចាប់​ត្រី​ដោយ​វិធី​កៀ​តាំងពីដើម​ក្នើត​កន្លងទៅ​ដោយសារ​ទឹក​ហូរ​ខ្សោយ​។​

​មន្ត្រីរដ្ឋបាល​ជលផល​មួយរូប​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១២​ខែធ្នូ​នេះ​ថា​ផល​ត្រី​ប្រហុក​ចាប់បាន​នៅតាម​គន្លង​ដាយ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ក្នុង​ក្នើត​កន្លងទៅនេះ​សរុប​បានតែ​ប្រមាណ​ជា​២៥០​តោន​ពី​តាម​គន្លង​ដាយ​ទាំង​១៦​នៅក្នុង​ចំណោម​២២​ដែល​បានធ្វើ​អាជីវកម្ម​។​គន្លង​ដាយ​ចំនួន​៦​នៅក្នុង​ឆ្នាំនេះ​គ្មាន​អ្នកដេញថ្លៃ​ឬ​ជួល​ធ្វើ​អាជីវកម្ម​ទេ​។​

​មន្ត្រីរដ្ឋបាល​ជលផល​ខេត្តកណ្តាល​បាន​និយាយ​ឱ្យដឹង​ដែរ​ថា​ផល​ត្រី​ដែល​ចាប់បាន​នៅក្នុង​ក្នើត​នេះ​មានការ​ថយចុះ​យ៉ាងច្រើន​បើ​ធៀប​រយៈពេល​ដូចគ្នា​ទៅនឹង​ឆ្នាំ​២០១៨​នោះ​ដោយសារ​ទឹក​ជន់​ឡើង​យឺត​ពេល​និង​ស្រក​ចុះទៅ​វិញ​លឿន​។​ម្យ៉ាងទៀត​នៅក្នុង​ដង​ទន្លេសាប​ចាប់តាំងពី​ឆ្នុកទ្រូ​រហូតមកដល់​ជួរ​លេខ​១៥​ក្នុង ភូមិសាស្ត្រ​ខេត្តកណ្តាល មាន​បទល្មើស​នេសាទ​យ៉ាង​អនាធិបតេយ្យ​ស្ទើរ​ពេញ ដង ទន្លេ មិនមាន​អ្នកណា​ធ្វើការ​បង្ក្រាប​។​

​មន្ត្រីជលផល​មួយរូប​ផ្សេងទៀត​និយាយថា​បទល្មើស​នេសាទ​ក្នុង​បឹ​ទ​ទន្លេសាប​ទាំង​រដូវ​បិទ​នេសាទ​ក៏ដូចជា​នៅក្នុង​រដូវ​បើក​នេសាទ​ដែល​គេ​អាចធ្វើ​សកម្មភាព​មក​បាន​ដោយសារ​មានការ​ត្រូវ​រូ​វ​គ្នា​ជា​ប្រព័ន្ធ​បើ​និយាយ​ពី​នៅ​បឹង​ទន្លេសាប​ពេលយប់​មាន​ភ្លើង​ភ្លឺ​ដូច​ទីក្រុង​។​សូម្បីតែ​នៅ​ជួរ​លេខ​១៥​ក៏មាន​ការធ្វើ​នេសាទ ខុសច្បាប់​ដែរ ។ មុន​បើក​នេសាទ​រដ្ឋបាល​ជល​ផល​បានសម្រេច​លប់ចោល​គន្លង ដាយ​លេខ​១៥​អេ​ហ្វ​(១៥F)​ដើម្បី​ទុក​ច្រក​ឱ្យ​ត្រី​ចុះ​ដល់​គន្លង​ដាយ​នៅ​ផ្នែក​ខាងក្រោម​។​

គន្លង​ដាយ​១៥​អេ​ហ្វ​ត្រូវបាន​លប់​ចេញពី​បញ្ជី​ជួល​តែ​ផ្លូវទឹក​នៅតែ​ត្រូវគេ​បិទ​ជិត​ដដែល​ដោយ​បង្ខិត​មាត់​ដាយ​ខុសពី​ការកំណត់​តាំង​ជួរ​លេខ​១៥​អា​ដល់​ជួរ​លេខ​១៥​អឺ​(E)​បានន័យថា​គេ​នៅតែ​បិទ​ទន្លេ​ជិត​ដូច​ពេល​មាន​គន្លង​ដាយ​លេខ​១៥​អេ​ហ្វ​ដដែល​។​ចាប់ពី​មុខ​ជួរ​លេខ​១៥​ឡើងទៅ​បឹង​ទន្លេសាប​ដែលជា​ព្រំប្រទល់​រវាង​ខេត្តកណ្តាល​កំពង់ចាម​និង​ខេត្ត​កំពង់​ឆ្នាំ​ត្រូវបាន​មន្ត្រីជលផល​មូលដ្ឋាន​និយាយថា​មាន​បទល្មើស​ដោយ​ឧបករណ៍​លប​ម៉ា​ឡេ​ឬ​ហៅ​លប​ប្រើស​មួយរយ​ពេញ​បាទទន្លេ​គ្មាន​អ្នកណា​ហ៊ាន​ទៅ​បង្ក្រាប​ទេ​ព្រោះ​តំបន់​នោះ​ធ្លាប់​ត្រូវបាន​គេ​ព្រួត​គ្នា​វាយ សម្លាប់​មន្ត្រីជលផល ។

កាលពី​ឆ្នាំមុន​រដ្ឋបាល​ជលផល​ក៏​បានឱ្យ​មន្ត្រីជលផល​ទាំងបី​ខេត្ត​រួមគ្នា​ធ្វើការ​បង្ក្រាប​ដែរ​តែ​គ្មាន​ប្រសិទ្ធភាព​។​មូលហេតុ​ទាំង​ប៉ុន្មាន​ខាងលើនេះ​ត្រូវបាន​គេ​និយាយថា​នាំឱ្យមាន​ការថយចុះ​ទិន្នផល​ចាប់​(​ត្រី​)​នៅតាម​គន្លង​ដាយ​ផ្នែក​ខាងក្រោម​ថយចុះ​គន្លង​ដាយ​ជាច្រើន​នៅក្នុង​ខេត្តកណ្តាល​និង​រាជធានី​ភ្នំពេញ​គ្មាន​អ្នក​ជួល​និង​គ្មាន​អ្នកដេញថ្លៃ​រីឯ​អ្នកដេញថ្លៃ​បាន​និង​ជួល​បាន​មួយចំនួន​គេចវេស​មិន​ចង់​បង់ថ្លៃ​ឈ្នួល​។​

លោក​ស៊ិន​វិ​សិទ្ធ​អគ្គ​លេខ​ធិ​ការ​អាជ្ញាធរ​ទន្លេសាប​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១២​ខែធ្នូ​ថា តាម​លទ្ធផល​ពី​មន្ត្រី​ដែល​បាន​ចុះ​ធ្វើការ​កត់ត្រា សិក្សា ស្រាវជ្រាវ​នៅ​គន្លង ដាយ​លេខ​១៥​អឺ ១៣​អា ១១​ហ្យ៊េ​៨​អេ​ច​និង​គន្លង​ដាយ​លេខ​២​ដេ​ឃើញថា​ផល​ចាប់​មានការ​ថយចុះ​យ៉ាងច្រើន​បើ​ធៀប​ទៅនឹង​បណ្តា ឆ្នាំមុនៗ ។​ផល​ត្រី​ចាប់បាន​មានការ​ថយចុះ​យ៉ាងច្រើន​នេះ អាចមាន​ការពាក់ព័ន្ធ​ទៅនឹង កត្តា ជាច្រើន ដូចជា របប​ទឹក​ជន់​ឡើង​យឺត​មាន​កម្ពស់​ទាប​ស្រក​ទៅវិញ​លឿន​និង​មាន​បទល្មើស​ច្រើន​ជា ដើម​។​

លោក​ម៉ៅ​ហាក់​អនុប្រធាន​អាជ្ញាធរ​ទន្លេសាប​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១២​ខែធ្នូ​ថា​ទឹក​បឹង​ទន្លេសាប​ក្នុង​រដូវវស្សា​កន្លងទៅ​ឡើង​យឺត​ពេល​(​ជាង​១​ខែ​)​និង​ស្រក​ទៅវិញ​លឿន​។​នៅ​ថ្ងៃទី​១២​ខែធ្នូ​នៅ​បឹង​ទន្លេសាប​(​ក្រគរ​កំពង់​លួង​) ទឹក​មាន​កម្ពស់ ៣.១៤​ម៉ែត្រ​(​ឆ្នាំ​មុនពេល​ដូចគ្នា ទឹក​មាន​កម្ពស់ ៤.៧៣​ម៉ែត្រ​និង កម្ពស់​មធ្យម​ច្រើន​ឆ្នាំ ៥.៨៦​ម៉ែត្រ​)​។​

នៅ​ចតុមុខ​ទឹក​មាន​កម្ពស់​២.៤០​ម៉ែត្រ​(​ឆ្នាំមុន ពេល​ដូចគ្នា​៣.៧៤​ម៉ែត្រ​និង​មធ្យម​ច្រើន​ឆ្នាំ​៥.១៦​ម៉ែត្រ​)​។​ទឹកទន្លេ​សាប​នៅមុខ​វាំង​នៅ​បន្ត​ហូរ​ចេញពី​បឹង​ទន្លេសាបដោយ​ក្នុង​ល្បឿន​មួយ​វិនាទី ០.៣​ម៉ែត្រ គឺ​ខ្សោយ​មែនទែន​ហើយ​៕S/

ត្រី​ចាប់បាន​តាម​គន្លង​ដាយ​នៅ​ខេត្តកណ្តាល​មាន​ចំនួន​តិចតួច​ទិដ្ឋភាព​បទល្មើស​ក្នុង​ដង​ទន្លេសាប​តំបន់​ព្រំប្រទល់​បី​ខេត្ត

ទីតាំងផ្សាយពាណិជ្ជកម្ម