អោក សុ​ម៉ាលី​តា បញ្ចេញ​បទ​ចម្រៀង Original Song ថ្មី តប​ការ​ឌឺ​

523
ចែករម្លែក

ភ្នំពេញ​៖ តារាចម្រៀង​ត្រកូល អោក គឺ​អ្នកនាង អោក សុ​ម៉ាលី​តា បានប្រកាស​ចេញ​បទ​ចម្រៀង​ថ្មី Original Song របស់ខ្លួន មាន​ចំណងជើង​ថា “​ស្តាយក្រោយ​” ដែល​ខ្លឹមសារ ក្នុង​បទ​ចម្រៀងមួយ​នេះ ហាក់ដូចជា​ឆ្លើយតប ទៅនឹង​ខ្លឹមសារ ក្នុង​បទ​ចម្រៀង​មួយទៀត របស់លោក ជុំ លី​ណូ ដែលមាន​ចំណងជើង​ថា ” ប្រាក់រៀល​ចិត្ត​ស្មោះ ” ។​

​អ្នកនាង អោក សុ​ម៉ាលី​តា បាន​ថ្លែង​ក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ភោជនីយដ្ឋាន​ថាៈ បទ ” ស្តាយក្រោយ ” ជា​ស្នាដៃ​និពន្ធ ទំនុកច្រៀង​ថ្មី ដោយ​អ្នកនិពន្ធលាក់​មុខ រហស្សនាម សារិកាកែវ គ្រា​ដែល​អ្នកនិពន្ធ​រូបនេះធ្លាប់​បញ្ចេញ​បទ​ចម្រៀង មួយចំនួន ដែល​ទទួលបាន​ការពេញចិត្ត​ខ្លាំងពី​អ្នក​ស្តាប់​រួចមកហើយ ។ ចាយប្រាក់​ទាំង​ការរៀបចំ​បទចម្រៀង និង​សាច់ភ្លេង មិន​ក្រោម ១ ម៉ឺន​ដុល្លារ​អាម៉េរិក ។ បទ​ចម្រៀង មនោសញ្ចេតនា​ស៊ី ជម្រៅ​ថ្មី​នេះ ហាក់​បាន​អន្ទង​អារម្មណ៍​អ្នក​ស្តាប់ឲ្យ​អណ្តែតអណ្តូង ទៅតាម​អត្ថន័យ​នៃ​បទចម្រៀង ដែល​ថ្លែង​រៀបរាប់​រឿងរ៉ាវខកចិត្ត ព្រោះតែ​រត់ចោល​បុរស ស្មោះស្ម័គ្រ​ទៅតាម​បុរសអ្នកមាន ចាយលុយ​ដុល្លារ ភ្លេច​គ្រា​កម្សត់កម្រជាមួយ​អតីត​ស្វាមី ។

​នៅតែ​រក្សា​រាង​ដដែល តារា​ស្រី​រូបនេះ បាន​បញ្ជាក់ថា នាង​សប្បាយចិត្ត ដែល​ទទួលបានឱកាស​បង្ហើរ​សំនៀង​ជាថ្មី ក្រោម​ស្នាដៃ​និពន្ធ​របស់​កវី​ខាងលើ ។ នាង​សូម​កោតសរសើរ ចំពោះ​ទឹកចិត្ត​ចំណាយទាំង​ថវិកា ពេលវេលា ការពន្យល់​ណែនាំ និង​ការជំរុញ​លើកទឹកចិត្ត ឲ្យ​ស្នាដៃ​មួយ​នេះលេច​ជា​រូបរាង ហើយ​នាង​ចាត់ទុកថា ជា​សំណាង​មួយដែល​បាន​បង្ហើរ​សំនៀង ចែកជូន​ទស្សនិកជន ស្តាប់​កម្សាន្ត ។

​តារា​ស្រី​រូបនេះ បាន​លើកឡើងថា បទ​ចម្រៀង​នេះ ក៏​ជា​សារ​រៀប​រាប់តប​ទៅនឹង​បទ​ចម្រៀងមួយ​បទ ដែលមាន​ចំណងជើង​ថា ” ប្រាក់រៀល​ចិត្ត​ស្មោះ ” របស់លោក ជុំ លី​ណូ ផងដែរ ។​

​តារា​ស្រី​រូបនេះ បាន​និយាយថា បទ​ចម្រៀង​ទាំងពីរ គឺជា​ស្នាដៃ​និពន្ធ ទាំង​បទ​ភ្លេង និង​ទំនុកច្រៀង របស់​កវី​តែ​ម្នាក់ គឺ​អ្នកស្រី សារិកាកែវ ។ ការបញ្ចេញ​បទ​ចម្រៀង​ថ្មី អមដោយ​សារ​ផ្ញើជូន​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ព្រោះតែ​សេចក្តីស្រឡាញ់ គោរព និង​កោតសរសើរ ពី​វីរភាព និង​ការលះបង់​របស់​សម្តេច​ទាំងពីរ​ចំពោះប្រជាជន​កម្ពុជា ក៏ដូចជា​សិល្បករ​ទាំងអស់ ។​

​អ្នកនាង អោក សុ​ម៉ាលី​តា បាន​និយាយទៀតថា រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ នាង​រវល់ និង​ការងារ​រកស៊ី​មួយចំនួន ទើប​ខកខានក្នុងការ​បង្ហាញមុខ ហើយ​រូបរាង​ក៏​ប្រែក្លាយ​ជាមានសាច់​ច្រើនជាង​មុន ។ ទោះជា​យ៉ាងណា ការបង្ហាញ​បទ​ចម្រៀង​ថ្មី​នេះ​ក៏​ជាស​ញ្ញា​នៃ​ការវិលត្រឡប់ មកកាន់​ការងារ​សិល្បៈ​ជាថ្មី ដែល​នាង​រំពឹងថា នឹង​ទទួលបាន​ការគាំទ្រ​ច្រើនពី​ទស្សនិកជន ។ នាង​បញ្ជាក់ដែរថា បទ​ចម្រៀង​មួយ​នេះ នឹង​ចេញក្នុងពេល​ដ៏​ខ្លី​ខាងមុខ ខណៈ​ការផលិត​ចេញ​ជា MV ក៏​នឹង​គ្រោង​ចេញនៅពេល​បន្ទាប់​ផងដែរ​។​

​សូម​រំលឹក​ផងដែរ​ថា បងប្អូន​ត្រកូល អោក ទាំង ៣ នាក់ គឺមាន អោក សុ​ម៉ា​រី​ម៉ា​, អោក សុ​ម៉ា​វ​ត្តី និង អោក សុ​ម៉ាលី​តា ហើយ​ពួកគេ​ទាំងបី​នាក់សុទ្ធតែ​រៀបការ មាន​ស្វាមី​រួចហើយ​ ព្រមទាំងមានកូនៗ​រៀងខ្លួន​៕ ដោយ​៖ បូ​រិ​ន​/Ha