ម៉ាឡេស៊ី​ចាប់​រឹបអូស​នាវា​ដឹក​ប្រេង​វៀតណាម​ដែល​បានទៅ​ដល់​កូរ៉េខាងជើង​

644
ចែករម្លែក

​ក្រុម​មន្ត្រី​ភ្នាក់ងារ​ដែនសមុទ្រ​បាន​និយាយថា​នាវា​ដឹក​ប្រេង​វៀតណាម​មួយ​គ្រឿង​ដែល​ទីភ្នាក់ងារ​ព័ត៌មាន​Reuters បាន​រាយការណ៍​ថា​បាន​ទៅ​កាន់​ប្រទេស​កូរ៉េខាងជើង​​កាលពី​ខែ​កុម្ភៈ​នោះ​ត្រូវបាន​ចាប់​ឃាត់​ទុក​ដោយ​ម៉ាឡេស៊ី បន្ទាប់​ពី​វា​ត្រូវបាន​រកឃើញ​រសាត់អណ្តែត​នៅក្បែរ​ឆ្នេរសមុទ្រ​ម៉ាឡេស៊ី​។​

​តាម​ទិន្នន័យ​នៃ​ការដឹកជញ្ជូន​ដែល​ត្រូវបាន​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​Reuters បានបង្ហាញ​ថា នាវា​ដឹង​ប្រេង​Viet Tin 01 នេះ បាន​ទៅ​ដល់​កំពង់ផែ​ណាំ​ប៉ូ នៅ​ឆ្នេរ​​សមុទ្រ​ភាគ​ខាងជើង​របស់​កូរ៉េខាងជើង កាលពី​ថ្ងៃទី ២៥ ខែ​កុម្ភៈ​ដោយ​ដឹក​ប្រេង​ចំនួន​២.០០០​តោន គឺ​នៅ​មុនពេល​ជំនួប​ចរចា​រវាង មេដឹកនាំ​កូរ៉េខាងជើង លោក គីម ​ជុង​អ៊ុន និង​ប្រធានាធិបតី​អាម៉េរិក​លោក ដូ​ណា​ល់​ត្រាំ​នៅ​ទីក្រុង​ហាណូយ​។​

​គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​នាវា​ដឹក​ប្រេង​នេះ បាន​រើ​ទំនិញ​ចុះ​នៅ​កំពង់ផែ​ណាំ​ប៉ូ នោះ​ដែរ​ឬ​អត់​នោះ​។​ក្រោម​ការដាក់ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​នោះ​កូរ៉េខាងជើង​​ត្រូវបាន​រឹតត្បិត​យ៉ាងខ្លាំង​ក្នុង​ការ​នាំចូល​ប្រេង​ឆៅ​និង​ប្រេង​ចម្រាញ់​រួច​។​

​ភ្នាក់ងារ​ការពារ​ដែន​សមុទ្រ​ម៉ាឡេស៊ី (MMEA)​បាន​និយាយថា ក្រុមមន្ត្រី​បាន​ឡើង​លើ​នាវា​ដឹក​ប្រេង​នោះ​កាលពី​ថ្ងៃអាទិត្យ​បន្ទាប់​ពី​វា​ត្រូវបាន​គេ​រកឃើញ​ដោយ​បោះ​យុថ្កា​ឈប់​ ដោយ​គ្មាន​ការអនុញ្ញាត នៅ​ឯនាយសមុទ្រ​ភាគខាងត្បូង​នៃ​នៃ​រដ្ឋ​ចូហ័រ របស់​ប្រទេស​ម៉ាឡេស៊ី​។​

​ប្រធាន​ភ្នាក់ងារ​ការពារ​ដែនសមុទ្រ​ម៉ាឡេស៊ី (MMEA)​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​កាលពី​ពេលមុន​នេះ​នាវា​និង​ទូក​របស់​ភ្នាក់ងារ​ការពារ​ដែនសមុទ្រ​ម៉ាឡេស៊ី​​បាន​ព្យាយាម​ទាក់ទង​នាវា​ដឹក​ប្រេង​នោះ​តាមរយៈ​វិទ្យុ​ទាក់ទង​និង​ឧបករណ៍​បំពង​សម្លេង​ប៉ុន្តែ មិន​មាន​ការឆ្លើយតប​ណាមួយ​ទេ ហើយ​នាវា​ដឹង​ប្រេង​នោះ​ត្រូវបាន​សង្ស័យថា​ត្រូវ​​បាន​បោះបង់ចោល​” ។

​ភ្នាក់ងារ​ការពារ​ដែន​សមុទ្រ​ម៉ាឡេស៊ី​នេះ បាន​និយាយថា មនុស្ស​តែ​ម្នាក់​គត់​នៅ​លើ​នាវា​ដឹក​ប្រេង​នោះ​គឺជា​ប្រធាន​វិស្វករ​សញ្ជាតិ​វៀតណាម​អាយុ ៦១​ឆ្នាំ​នៃ​នាវា​នេះ​ដែល​បាន​​និយាយ​ថា​នាវា​នេះ​បាន​រសាត់​ចេញ​ពី​ទីតាំង​ដើម​របស់​វា​៕​ដោយ​៖​សុខា​/sn

ទាំង​មនុស្ស​និង​នាវា​ត្រូវបាន​ចាប់​សម្រាប់​ការស៊ើបអង្កេត​បន្ថែមទៀត​

ទីតាំងផ្សាយពាណិជ្ជកម្ម