ត្រាំ​រិះគន់​សកម្មជន​អាកាសធាតុ​វ័យក្មេង ហ្គ្រេ​តា ថា​ន់​បឺ​ក បន្ទាប់ពី​ជាប់​ជា​បុគ្គល​ឆ្នើម​ប្រចាំឆ្នាំ​របស់​ទស្សនា​វ​ដ្តី Time

395
ចែករម្លែក

ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​បាន​ពន្លះ​លើ​សកម្មជន​អាកាសធាតុ​អាយុ ១៦ ឆ្នាំឈ្មោះ ហ្គ្រេ​តា ថា​ន់​បឺ​ក កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ធ្នូ ពោលគឺ​មួយថ្ងៃ​គត់​បន្ទាប់ពី​នាង​ជាប់​ជា​បុគ្គល​ឆ្នើម​ប្រចាំឆ្នាំ​របស់​ទស្សនា​វ​ដ្តី Time ដោយ​ហៅ​ការជ្រើសរើស​រូបនេះ​ជា “​រឿង​គួរឱ្យ​អស់សំណើច​”​។​

​ក្មេងស្រី​ជំទង់​ជនជាតិ​ស៊ុយអែត​រូបនេះ​បាន​ក្លាយជា​និមិត្តរូប​នៃ​ការកើនឡើង​ចំនួន​សកម្មជន​អាកាសធាតុ​វ័យក្មេង បន្ទាប់ពី​បាន​ដឹកនាំ​ធ្វើ​កូដកម្ម​នៅតាម​សាលារៀន​ប្រចាំ​សប្តាហ៍​នៅក្នុង​ប្រទេស​របស់​នាង ដែល​បាន​បំផុសគំនិត​ឱ្យមាន​សកម្ម​ភាពស្រដៀងគ្នា​នេះ​នៅក្នុង​ទីក្រុង​ប្រហែល ១០០ ទូទាំង​ពិភពលោក​។ នាង​បាន​ទាក់ទាញ​ហ្វូងមនុស្ស​យ៉ាងច្រើន​ជាមួយនឹង​ទឹកមុខ​ដ៏​កាច​របស់​នាង​នៅឯ​ការតវ៉ា​និង​សន្និសីទ​នានា​ក្នុង​រយៈពេល​មួយឆ្នាំ​កន្លះ​មកនេះ​។​

​នៅក្នុង​សារ Twitter កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ លោក​ត្រាំ​និយាយថា “​ហ្គ្រេ​តា​ត្រូវ​ដោះស្រាយ​លើ​បញ្ហា​គ្រប់គ្រង​កំហឹង​របស់​នាង​ឱ្យបាន​សិន​ទៅ រួចហើយ​ចាំ​ទៅ​មើល​កុន​ហួស​សម័យ​ដ៏​ល្អមើល​ជាមួយ​មិត្តភក្តិ​!”​។​

​គាត់​បាន​បន្ថែមទៀតថា​៖ “​ត្រជាក់ចិត្ត ​ហ្គ្រេ​តា ត្រជាក់ចិត្ត​!”​។​

​នាង​ថា​ន់​បឺ​កបាន​ឆ្លើយតប​ដោយ​ប្តូរ​រូប​លើ Twitter របស់​នាង​ទៅជា​សារ​មួយ​ឃ្លា​ថា “​ក្មេង​ជំទង់​ម្នាក់​កំពុង​ដោះស្រាយ​បញ្ហា​គ្រប់គ្រង​កំហឹង​របស់​នាង​។ បច្ចុប្បន្ន​ពិតជា​ត្រជាក់ចិត្តនិង​កំពុង​មើល​កុន​ហួស​សម័យ​ដ៏​ល្អមើល​ជាមួយ​មិត្តភក្តិ​”​។​

​នាង​ធ្លាប់បាន​សរសេរ​នៅលើ Twitter ក្នុងឆ្នាំនេះ​ថា “​ខ្ញុំ​មាន​ជំងឺ Asperger (​ទាក់ទិន​នឹង​ជំងឺ​អូ​ទី​សឹម​) ចឹ​ង​មានន័យថា ជួនកាល​ខ្ញុំ​ខុសពី​មនុស្ស​ធម្មតា​។ ហើយ​នៅពេល​កាលៈទេសៈ​ល្អ​មកដល់ ការដែល​ខុសពី​គេ​នេះហើយ​គឺជា​មហាអំណាច​”៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​ថា​ជា​រឿង​គួរឱ្យ​អស់សំណើច​ដែល​ហ្គ្រេ​តា​ជាប់​ជា​បុគ្គល​ឆ្នើម​ប្រចាំឆ្នាំ​របស់​ទស្សនា​វ​ដ្តី Time